ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គំនរសំរាមគរដូចភ្នំ កំពុងបង្អួតរាងបង្ហាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ

6 ឆ្នាំ មុន

ខេត្តរតនគិរី ៖ គំនរសំរាមគរដូចភ្នំ កំពុងបង្អួតរាងបង្ហាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ថែមទាំងបង្ហើរក្លិនស្អុយអសោច ក្នុងខណៈបុណ្យភ្ជុំបិណ្ឌ អស់រយៈពេលជាង១០ថ្ងៃមកហើយ

ខេត្តរតនគិរី ៖ គំនរសំរាមគរដូចភ្នំ កំពុងបង្អួតរាងបង្ហាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។ ថែមទាំងបង្ហើរក្លិនស្អុយអសោច ក្នុងខណៈបុណ្យភ្ជុំបិណ្ឌ អស់រយៈពេលជាង១០ថ្ងៃមកហើយ នៅមុខផ្សារបានលុង ដែលក្រុមហ៊ុន គីម ជ្រា មានលោក ជា គួង ជាអ្នកម៉ៅការ ។ ហើយមិនព្រមខ្ចីប្រមូលយកទៅចាក់ចោលនៅទីលានសំរាមនោះទេ ដោយយកលេសថាកម្មកមិនទាន់មកពីផ្ទះរៀងៗខ្លួនផង ។ រហូតដល់ព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៧ នេះ គំនរសំរាមដែលគរទុកចោលនៅមុខផ្សារបានលុងនោះ គឺពិតជាច្រើនដដែល ។

លោក ជាម សុផាត គណកម្មាធិការគ្រប់គ្រងផ្សារបានលុង បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃនេះថា សំរាមដែលគរនេះទុកចោលអស់រយៈពេល១០ថ្ងៃមកហើយ ដោយក្រុមហ៊ុន គីម ជ្រា នោះមិនព្រមប្រមូលយកទៅចាក់ចោលនៅទីលានចាក់សំរាមនោះទេ ។ ក្រុមហ៊ុនមួយនេះ រៀងរាល់ពេលមានរដូវបុណ្យទានធំៗ តែងតែទុកសំរាមគរ ធ្វើឲ្យខូចសោភ័ណភាពទីក្រុងស្អាត បរិស្ថានស្អាត ប៉ះពាល់ដល់សុខភាពរបស់អាជីវករ និងភ្ញៀវទេសចរជាតិ អន្តរជាតិជានិច្ច ។ ទង្វើរបែបនេះ គឺជាទម្លាប់របស់ក្រុមហ៊ុន គីម ជ្រា (លោក ជា គួង ) នេះទៅហើយ ។

ឯលោក ងិន នែល អភិបាលក្រុងបានលុង ថា សំរាមនៅមុខផ្សារនោះ លោកបានឱ្យក្រុមហ៊ុននេះប្រមូលដែរ តែ២-៣លើកហើយ ក្រុមហ៊ុនហាក់បីដូចមិនកោតញញើតលោកជាអាជ្ញាធរនោះទេ ។ ហើយក្រុមហ៊ុននោះថា ក្រុមហ៊ុន ហេង ដារ៉ា គ្រប់គ្រងផ្សារនៅជំពាក់លុយជាច្រើនទៀត និងចង់ឲ្យអាជ្ញាធរជួយដោះស្រាយជូនគាត់ ។

ប៉ុន្តែលោកអភិបាលក្រុងបានប្រាប់ថា លុយដែលក្រុមហ៊ុន ហេង ដារ៉ា ជំពាក់នោះ សូមប្តឹងទៅតុលាការទៅ លោកមិនអាចដោះស្រាយជូនបាននោះទេ ។ មន្ទីរបរិស្ថាន និងសាលាក្រុងបានព្យាយាមទំនាក់ទំនងទៅក្រុមហ៊ុន គីម ជ្រា ឲ្យប្រមូលសំរាមចេញពីមុខផ្សារ និងតាមផ្លូវសំខាន់ៗ តែក្រុមហ៊ុនមិនព្រមធ្វើតាម ។ ឲ្យខាងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តចាត់វិធានការបន្តម្តង ព្រោះក្រុមហ៊ុននេះ មិនស្តាប់តាមការណែនាំរបស់ជំនាញទេ ។ មជ្ឈដ្ឋានកំពុងរិះគន់ថា អាជ្ញាធរក្រុងខេត្ត និងជំនាញគ្មានឥទ្ធិពលបន្តិចសោះទៅលើក្រុមហ៊ុនវិនិយោគទាំងពីនោះ ទើបមានបញ្ហាសំរាមគរដូចភ្នុំបែបនេះ ៕