ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ប្រពន្ធ​២​នាក់ និង​ក្មួយ​អាយុ​ជាង​២​ឆ្នាំ​ជួប​គ្រោះ​លើ​ផ្លូវ​ព្រះ​មុនី​វង្ស ក្រោយ​ជួប​បុរស​២​នាក់​ជិះ​ម៉ូតូ​មក​ធ្វើ​សកម្មភាព

1 ឆ្នាំ មុន
  • ភ្នំពេញ

ប្តី​ប្រពន្ធ​២​នាក់ រួម​ដំណើរ​ជាមួយ​ក្មួយ​ប្រុស​ម្នាក់ បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ចេញ​ពីផ្ទះ ក្នុង​គោលបំណង​ទៅ​ទិញ​ផ្លែ​ឪឡឹក​នៅ​ម្តុំ​ផ្សារ​នាគ​មាស ដើម្បី​យក​ទៅ​លក់​បន្ត លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ពាក់​កណ្ដាល​ផ្លូវ ក៏​ស្រាប់តែ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ប្តី​ប្រពន្ធ​២​នាក់ រួម​ដំណើរ​ជាមួយ​ក្មួយ​ប្រុស​ម្នាក់ បាន​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ចេញពីផ្ទះ ក្នុង​គោលបំណង​ទៅ​ទិញ​ផ្លែ​ឪឡឹក​នៅ​ម្តុំ​ផ្សារ​នាគ​មាស ដើម្បី​យក​ទៅ​លក់​បន្ត លុះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ពាក់កណ្ដាល​ផ្លូវ ក៏​ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មួយ​ក្រុម ធ្វើ​សកម្មភាព​ឆក់​យក​កាបូប​បាន​សម្រេច ហើយ​ធ្វើ​អោយ​ម៉ូតូ​របស់​ជន​រង​គ្រោះ​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ជាមួយនឹង​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្តាល​ឱ្យ​ក្រឡាប់​រ៉ឺ​ម៉ក​រង​របួសធ្ងន់​-​ស្រាល​ចំនួន​៣​នាក់​តែ​ម្តង​។

សេចក្តីរាយការណ៍​បន្ត​ថា ហេតុការណ៍​ខាងលើ​នេះ​ដែរ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​១៥​នាទី​ទៀប​ភ្លឺ ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២៣ នៅ​ចំណុច​ជិត​អតីត​រោងចក្រ «​គួ​ង​ហុង​» ផ្លូវ​ព្រះ​មុនី​វង្ស ស្ថិត​នៅ​ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ខាងលើ​មានឈ្មោះ លន់ ចិន្តា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខ​របរ​លក់​ផ្លែ​ឈើ មានស្រុក​កំណើត​កោះ​តិ​ជោរ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​។ ចំណែក​សម្ភារៈ​ដែល​បាត់បង់​នៅ​ក្នុង​កាបូប រួម​មាន ៖ លុយ​ខ្មែរ​ចំនួន​៧២​ម៉ឺន​រៀល អត្តសញ្ញាណ​ប័​ណ្ឌ សញ្ជាតិ​ខ្មែរ​១​សន្លឹក និង​ឯកសារ​ពាក់ព័ន្ធ​និង​ធនាគារ​មួយ​ចំនួន​ថែម​ទៀត​ផង​។

បើ​តាម​សម្តី​បុរស​ជន​រង​គ្រោះ​ដែល​ត្រូវជា​ប្តី បាន​ប្រាប់​អោយ​ដឹង​ថា មុន​ពេល​កើតហេតុ រូប​គាត់​មាន​គ្នា​ចំនួន​៣​នាក់ ប្រពន្ធ និង​ក្មួយ​ប្រុស​ដែល​អាយុ​ប្រហែល​២​ឆ្នាំ​ជាង បាន​នាំ​គ្នា​ជិះ​ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ចេញពីផ្ទះ​នៅ​ម្តុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ក្នុង​គោលបំណង​ទៅ​ទិញ​ផ្លែ​ឪឡឹក​នៅ​ម្តុំ​ផ្សារ​នាគ​មាស ដើម្បី​យក​ទៅ​លក់​បន្ត ដោយ​បាន​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះ​មក​ដល់​កើតហេតុ ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​ចំនួន​២​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ក្នុង​នោះ​មាន​មួយ​គ្រឿង​ហុងដា​ឌ្រី​ម និង​មួយ​គ្រឿង​ទៀត ម៉ាក​ហុងដា​ឃ្លី​ក ពណ៌​ស មិន​ចាំ​ស្លាក​លេខ បាន​ជិះ​តាម​មក​ពីក្រោយ ហើយ​ក៏​ធ្វើ​សកម្មភាព​ឆក់​យក​កាបូបស្ពាយ​ពី​រូប​គាត់​ដែល​ជា​អ្នក​បើក​ម៉ូតូ​បាន​សំរេច ធ្វើ​អោយ​រ៉ឺ​ម៉ក​ម៉ូតូ​របស់​គាត់​រេ​ចង្កូត​ជ្រុល​ទៅ​បុក​ជាមួយនឹង​របាំ​ថ្ម​ពុះ​ចែក​ទ្រូងផ្លូវ បណ្ដាល​ឲ្យ​ក្រឡាប់​រ៉ឺ​ម៉ក​រង​ការ​ខូចខាត និង​ធ្វើ​អោយ​ក្មួយ​ប្រុស​របស់​គាត់​រង​របួស​រយះ​ឆ្អឹងជំនី​ធ្ងន់ធ្ងរ ចំណែក​រូប​គាត់​២​នាក់​ប្តី​ប្រពន្ធ រង​របួស​តិចតួច​។

ប្រភព​ដដែល​បន្ត​ថា ដោយឡែក​ជនសង្ស័យ​វិញ នៅ​ពេល​ដែល​ឆក់​យក​កាបូប​បាន​សំរេច ហើយ​ក៏​បន្ថែម​ល្បឿន​ម៉ូតូ​ជិះ​រត់គេច​ខ្លួន​បាត់​ស្រមោល​អស់​តែ​ម្ដង​។ ពាក់ព័ន្ធ​ក្នុង​ករណី​ខាងលើ​នេះ​ដែរ លុះ​បន្តិច​ក្រោយមក​ក្មួយ​ប្រុស​របស់​គាត់​ត្រូវ​បាន​អ្នក​ស្គាល់គ្នា បាន​ដឹក​តាម​ម៉ូតូ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ផង​ដែរ​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​មូលដ្ឋាន​មក​ដល់ ហើយ​នាំ​យក​ទៅ​ធ្វើការ​សាកសួរ និង​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់ ដើម្បី​អោយ​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​មក​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ