ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ថៅកែ​នាំ​ស្ករស​ផ្តាច់មុខ​ពី​ថៃ បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​សែក​ស្អុយ​ជាង​១​លាន​ដុល្លារ

1 ឆ្នាំ មុន
  • ភ្នំពេញ

ថៅកែ​នាំ​ស្ករស​ផ្តាច់មុខ​ពី​ប្រទេស​ថៃ​ចូល​មក​ស្តុក និង​ចែកចាយ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា និង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម

រាជធានី​ភ្នំពេញ ៖ ថៅកែ​នាំ​ស្ករស​ផ្តាច់មុខ​ពី​ប្រទេស​ថៃ​ចូល​មក​ស្តុក និង​ចែកចាយ​នៅ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា និង​នាំ​ចេញ​ទៅ​កាន់​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២៣ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ចាប់ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​ពាក់ព័ន្ធ​ករណី​.​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ «​សែក​ស្អុយ​» ជាង​១​លាន​ដុល្លារ​អា​មេ​រិ​ក​។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ សួន វុ​ធ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ជា​ពាណិជ្ជករ នាំ​ស្ករស​ផ្តាច់មុខ ដែល​មាន​អាសយដ្ឋាន​នៅ​ភូមិ​មិត្តភាព សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ​។

ហើយ​ការ​ចាប់ខ្លួន​ថៅកែ​ស្ករស​ខាងលើ​នេះ គឺ​សមត្ថកិច្ច​បាន​អនុវត្ត​តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួន​របស់​ឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន តាម​បណ្តឹង​របស់​ស្ត្រី​ម្នាក់​ជា​ពាណិជ្ជករ​ដូច​គ្នា​។ ខណៈ​ពេល​សមត្ថកិច្ច​បញ្ជូន​ជនសង្ស័យ​ទៅ​ដល់ សំណុំរឿង​គឺ​បាន​ស្ថិត​នៅ​លោក ឆាយ ហុង ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​ការ​ស៊ើបសួរ​។

ចំណែក​អង្គហេតុ​នៃ​ពាក្យបណ្តឹង​នោះ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១២ ខែកញ្ញា ឆ្នាំ​២០២២ ឈ្មោះ សួន វុ​ធ បាន​ទំនាក់ទំនង​ទៅ​ម្ចាស់បំណុល ដើម្បី​ដាក់​ទុន​រកស៊ី​លើ​ទំហំ​ទឹកប្រាក់​ប្រមាណ ១.៣៥០.០០០ (​មួយ​លាន​សាមសិប​ប្រាំ​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​) នៅ​ចំណុច​ហាង​ឈ្មោះ SL PUB ដែល​មាន​ទីតាំង​ផ្ទះ​លេខ​១១២ ផ្លូវ​លេខ​២៩១ ស្ថិត​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។

ដោយ​មានការ​ទុកចិត្ដ​ម្ចាស់បំណុល​ក៏​បាន​ប្រគល់​ប្រាក់​ចំនួន ១.៣៥០.០០០​ដុល្លារ ឲ្យ​ទៅ​ឈ្មោះ សួន វុ​ធ ហើយ​ឈ្មោះ សួន វុ​ធ ក៏​បាន​ធានា​អះអាង​ថា ក្នុង​រយៈពេល​២​ថ្ងៃ​នឹង​សង​វិញ​គ្រប់​ចំនួន​។ លុះដល់​ថ្ងៃ​កំណត់​ត្រូវ​ប្រគល់​ប្រាក់ ស្រាប់តែ​ឈ្មោះ សួន វុ​ធ បាន​ចេញ​មូលប្បទានប័ត្រ​ចំនួន​២​សន្លឹក​ឲ្យ​ទៅ​ដើមបណ្តឹង ដែល​មូលប្បទានប័ត្រ​មួយ​នោះ មាន​ទឹកប្រាក់​ចំនួន ៩០០.០០០ ដុល្លារ​អា​មេ​រិ​ក និង​មូលប្បទានប័ត្រ​មួយ​សន្លឹក​ទៀត មាន​ទឹកប្រាក់​ចំនួន ៤៥០.០០០ ដុល្លារ​អា​មេ​រិ​ក ដាក់​ចូល​កុង​ធានា​គារ ABA ។

ក្រោយ​ពី​ទទួល​បាន​មូលប្បទានប័ត្រ​ពីរ​សន្លឹក​នោះ​ហើយ ដើមបណ្តឹង​បាន​យក​ទៅ​បើកប្រាក់​នៅ​ធនាគារ ប៉ុន្តែ​ត្រូវ​បាន​ខាង​ធានា​គារ​បញ្ជាក់​ថា មូលប្បទានប័ត្រ​ទាំង​ពីរ​សន្លឹក​នេះ មិន​មាន​ទឹកប្រាក់​ក្នុង​គណនី​ទេ ពោល​គឺ «​សែក​ស្អុយ​»​។ ក្រោយ​ពី​ដឹង​ថា មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់ ម្ចាស់បំណុល​បាន​ព្យាយាម​ទាក់ទង​ទៅ​ឈ្មោះ សួន វុ​ធ តាម​គ្រប់​មធ្យោបាយ ដើម្បី​រក​ដោះស្រាយ​លើ​ទឹកប្រាក់​ជាង​មួយ​លាន​ដុល្លារ​អា​មេ​រិ​ក​ដែល​បាន​សន្យា​ខ្ចី​តែ​២​ថ្ងៃ​នោះ​។ ប៉ុន្តែ​ទីបំផុត កូនបំណុល​ព្យាយាម​គេចវេស មិន​ព្រម​ជួប​ម្ចាស់បំណុល​នោះ​ទេ ទើប​ដើមបណ្តឹង​សម្រេចចិត្ត​ដាក់​ពាក្យ​ប្តឹង​ទៅ​សមត្ថកិច្ច​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់ការ​លើ​ថៅកែ​នាំ​ស្ករស​ផ្តាច់មុខ​នោះ​តាម​ផ្លូវច្បាប់​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ