ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣នេះ គេសង្កេតឃើញប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅក្នុងភូមិទំនប់ និងភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កំពុងមមារញឹកក្នុងការជួលឱ្យកម្មករដើរប្រមូលផលគ្រាប់ស្វាយចន្ទី ខណ:តម្លៃទីផ្សារដំណាំមួយនេះអាចទទួលយកបាន ហើយមានម៉ូយចូលទៅទិញដល់ក្នុងចម្ការតែម្តងមិនលំបាករកទីផ្សារនោះ
ទេ ធ្វើឱ្យប្រជាកសិករមានការសប្បាយចិត្តក្រៃលែង ។

បើតាមប្រភពព័ត៌មានពីកសិករម្នាក់ ឈ្មោះ ចាន់ថន ភេទប្រុស រស់នៅក្នុងភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនបានប្រាប់ភ្នាក់ងារយើងឱ្យដឹងថា គាត់បានដាំដំណាំស្វាយចន្ទីអស់រយ:ពេលជាង១០ឆ្នាំមកហើយ នៅលើផ្ទៃដីចម្ការរបស់ខ្លួនជាង៣ហិកតា ក៏ទទួលបានផលផ្លែជារៀងរាល់ឆ្នាំ ប៉ុន្តែកាលពីឆ្នាំមុនៗ តម្លៃទីផ្សារហាក់ដូចជាឡើងចុះៗគួរឱ្យព្រួយបារម្ភយ៉ាងខ្លាំង។

ប្រភពបន្តទៀតថា តែនៅដើមឆ្នាំ២០២៣នេះ សម្រាប់តម្លៃទីផ្សារផ្លែស្វាយចន្ទីដែលប្រជាពលរដ្ឋបានប្រមូលរួច មានឈ្មួញហ៊ានទិញក្នុង១គីឡូក្រាមតម្លៃ៥០០០ ដល់៨០០០រៀល ហើយក៏ជួលកម្មករដើរប្រមូលផល ដែលពួកគេម្នាក់ៗ ទទួលបានផលកម្រៃ៨០០រៀលក្នុង១គីឡូក្រាម ហើយការប្រមូលផលនេះ។ គាត់បានលក់គ្រាប់ស្វាយចន្ទីជាបន្តបន្ទាប់ជិតកន្លះតោនហើយ ក៏មានម៉ូយក្នុងស្រុកចាំកម្មង់ទិញទៅដល់ក្នុងចម្ការ ពោលគឺមិនលំបាកក្នុងការរកទីផ្សារនោះឡើយ ។

ចំណែកឯអ្នកភូមិដែលដាំដំណាំមួយប្រភេទនេះ ក៏បាននាំគ្នាប្រមូលផលផ្លែគ្រាប់ស្វាយចន្ទីជាបន្តបន្ទាប់ដែរ គឺប្រមូលព្រឹកលក់ល្ងាច ព្រោះតម្លៃទីផ្សារអាចទទួលយកបាន ហើយពួកគេសង្ឃឹមថា នឹងឡើងខ្ពស់ជាងនេះ ជាបន្តបន្ទាប់ទៀត ខណ:តម្លៃទីផ្សារគ្រាប់ស្វាយចន្ទីឆ្នាំនេះ ចាប់ផ្តើមឡើងខ្ពស់ហើយ ។

ទោះបីជាយ៉ាងណា អ្នកដែលចង់គិតកាប់ដើមចន្ទីចោល ងាកបែរទៅដាំដំណាំផ្សេងៗទៀត ក៏ផ្អាកព្រោះពេលនេះ ឃើញតម្លៃទីផ្សារគ្រាប់ចន្ទីល្អ។ ចំណែកអ្នកខ្លះដែលមានដីច្រើនកន្លែងនៅក្នុងខេត្តប៉ៃលិន គាត់បែងចែកដីដាំដំណាំជាច្រើនប្រភេទដូចជា ស្វាយកែវរមៀត ដំណាំមៀនប៉ៃលិន និងដំណាំស្វាយចន្ទី ចំណែកខ្លះទៀតដាំពោតក្រហម និងដំឡូងមីជាដើម ដូច្នេះ ពេលតម្លៃទីផ្សារដំណាំណាមួយធ្លាក់ថ្លៃ គាត់មានដំណាំផ្សេងជួយទប់ ដើម្បីមិនឱ្យមានការខាតបង់ ហើយក៏ទុកដំណាំទាំងនោះនៅដដែលទាំងអស់ មិនកា.ប់ដំណាំណាមួយចោលនោះទេ ស្រាប់តែនៅពេលនេះតម្លៃទីផ្សារដំឡូងមីឡើងថ្លៃ ស្វាយចន្ទីឡើងថ្លៃ ពោតក្រហមឡើង ថ្លៃធ្វើឱ្យគាត់សល់ថវិកាសម្រាប់ផ្គត់ផ្គង់ជីវភាពគួរឱ្យកត់សម្គាល់ផងដែរ ។





ចែករំលែកព័តមាននេះ