រាជធានីភ្នំពេញ ៖ អូស្ត្រាលី បានបន្តសន្យាពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើកគ្រប់វិស័យ ក្នុងនោះមានការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម សិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យ ជាដើម ។
ការសន្យានេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងលោក ចាស្ទីន ខេវិន វីយ៉ាត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសអូស្ត្រាលី ជាមួយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា ។
ក្នុងជំនួបលោកឯកអគ្គរដ្ឋទូត បានជម្រាបសម្តេចប្រធានថា អូស្ត្រាលី នឹងបន្តការគាំទ្រពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា នៅលើវិស័យជាច្រើនទៀត មានវិស័យសុខាភិបាល សេដ្ឋកិច្ច សន្តិសុខ ការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម សិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យ ជាដើម ។
លោកថា កម្ពុជា-អូស្ត្រាលី បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នាជាយូរយារណាស់មកហើយ គឺតាំងពីឆ្នាំ១៩៥២។ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែត្រូវបានលើកកម្ពស់យ៉ាងជិតស្និទ្ធ និងរីកចម្រើនស្ទើរគ្រប់វិស័យ ។
សម្តេច ហេង សំរិន បានគូសបញ្ជាក់ថា បេសកកម្មការទូតរបស់ឯកឧត្តម នៅកម្ពុជា ពិតជាមានសារសំខាន់ ដែលនឹងរួមចំណែកបន្ថែមទៀត ដល់ការបន្តរឹតចំណង នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគី កម្ពុជា-អូស្ត្រាលី ឱ្យកាន់តែរឹងមាំ និងរីកចម្រើនខ្លាំងក្លាថែមទៀត ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលតែងតែជួយឧបត្ថម្ភគាំទ្រដល់ដំណើរការអភិវឌ្ឍរបស់កម្ពុជា ជាពិសេសក្នុងអំឡុងពេល នៃការរីករាលដាលជំងឺកូវីដ-១៩ អូស្ត្រាលីបានជួយឧបត្ថម្ភវ៉ាក់សាំង និងបរិក្ខាពេទ្យជាច្រើន ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ យ៉ាងមានប្រសិទ្ធភាព ។
ជាមួយគ្នានេះ រដ្ឋសភាកម្ពុជា និងសភាអូស្ត្រាលី ក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នា ការផ្លាស់ប្តូរទស្សនកិច្ច ចែករំលែកបទពិសោធន៍ និងតែងតែគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរសភានានា ក្នុងតំបន់ និងសកលោក ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានរួមចំណែក ក្នុងការស្វែងរកសន្តិភាព និងបន្តជួយក្នុងដំណើរការអភិវឌ្ឍ ប្រទេសកម្ពុជា លើវិស័យជាច្រើន រួមមាន កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ ការដោះមីន ជាដើម ។
សម្តេចបានស្នើដល់ភាគីអូស្ត្រាលី បន្តជួយគាំទ្រកម្ពុជា តាមរយៈការជំរុញពាណិជ្ជកម្ម ទ្វេភាគី វិនិយោគ ទេសចរណ៍ និងជួយអភិវឌ្ឍន៍សមត្ថភាព ធនធានមនុស្ស ដោយបង្កើនការផ្តល់អាហារូបករណ៍បន្ថែមទៀត ដល់និស្សិតកម្ពុជា បន្តការសិក្សានៅ ប្រទេសអូស្ត្រាលី ៕


ចែករំលែកព័តមាននេះ