ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ផ្តោត​លើ​វិស័យ​កសិកម្ម​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប

6 ឆ្នាំ មុន

ទីក្រុង​ហូ​ជី​មិ​ញ ៖ ទីក្រុង​ហូ​ជី​មិ​ញ​បាន​កំណត់​យក​កសិកម្ម​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ជា​វិស័យ​សំខាន់ និង​

ទីក្រុង​ហូ​ជី​មិ​ញ ៖ ទីក្រុង​ហូ​ជី​មិ​ញ​បាន​កំណត់​យក​កសិកម្ម​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប​ជា​វិស័យ​សំខាន់ និង​កំពុង​ប្រឹងប្រែង​ក្លាយទៅជា​មជ្ឈមណ្ឌល​អភិវឌ្ឍន៍ ផ្គត់ផ្គង់​ពូជ​ដំណាំ និង​សត្វ​នៅ​តំបន់​ភាគ​ខាងត្បូង ។

យោង​តាម​នាយកដ្ឋាន​កសិកម្ម និង​អភិវឌ្ឍន៍ជនបទ ទីក្រុង​នេះ​មាន​អត្ថប្រយោជន៍​យ៉ាង​ធំធេង ។ តួយ៉ាង ទីក្រុង​បាន​ផ្គត់ផ្គង់​គោ​យក​ទឹកដោះ​ចំនួន​២ ទៅ​២,៤​ម៉ឺន​ក្បាល​ជា​រៀង​រាល់​ឆ្នាំទៅ​កាន់​ទីក្រុង និង​បណ្តា​ខេត្ត​ដទៃ​ទៀត ដែល​ភាគច្រើន​ជា​ពូជ​កូនកាត់ Holstein-Friesian និង​រក​ចំណូល​បាន​ប្រហែល​៥០០​ប៊ី​លាន​ដុ​ង (​ស្មើ​ប្រមាណ​២២​លាន​ដុល្លារ​) ។

នាយក​នៃ​នាយកដ្ឋាន​នេះ លោក Nguyen Phuoc Trung និយាយ​ថា ទីក្រុង​មាន​គោលដៅ​ចិញ្ចឹម​គោ​យក​ទឹកដោះ​ចំនួន​៩​ម៉ឺន​ក្បាល និង​ផ្គត់ផ្គង់​គោ​យក​ទឹកដោះ​២,២​ម៉ឺន​ក្បាល​ក្នុង​១​ឆ្នាំ គិត​ត្រឹម​ឆ្នាំ​២០២០ ។

លោក​ឲ្យ​ដឹង​ទៀត​ថា ទីក្រុង​ក៏​មាន​បំណង​ផ្គត់ផ្គង់​សាច់​គោ​១​ម៉ឺន​តោន​សម្រាប់​គោ​ទាំងមូល និង​គោ​ពូជ​៧​ពាន់​ក្បាល​ក្នុង​១​ឆ្នាំ​ផង​ដែរ​។ ទីក្រុង​ក៏​សង្ឃឹមថា នឹង​ផ្គត់ផ្គង់​ពូជ​ជ្រូក​ជាង​១​លាន​ក្បាល​ក្នុង​១​ឆ្នាំ​ដល់ទី​ផ្សារ ។

ក្រុមហ៊ុន​៤៧ បាន​ចូលរួម​ក្នុង​ការ​ដាំ​ដុះ និង​ធ្វើ​ជំនួញ ដែល​ជា​ចំនួន​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​នេះ​។ ចាប់តាំងពី​ឆ្នាំ​២០១០​មក ពួក​គេ​បាន​ផ្គត់ផ្គង់​គ្រាប់ពូជ​ជាង​៨,១​ម៉ឺន​តោន​ទៅ​កាន់​ទីផ្សារ រួម​មាន គ្រាប់ពូជ​បន្លែ​ជាង​១,២​ម៉ឺន​តោន ។ ពួក​គេ​ក៏​បាន​ផលិត​ពូជ​រុក្ខជាតិ​ថ្មី​ចំនួន​២៦៧ ផង​ដែរ ។

ក្រៅពី​នេះ ទីក្រុង​មាន​មន្ទីរពិសោធន៍​បណ្តុះ​ពូជ​គ្រាប់​រុក្ខជាតិ​ចំនួន​៣៥ ដែល​មាន​សមត្ថភាព​ផលិត​ពូជ​គ្រាប់​រុក្ខជាតិ​១៦​លាន​គ្រាប់​ក្នុង​១​ឆ្នាំ ហើយ​ភាគច្រើន​ជា​ពូជ​ផ្កាអ័រគីដេ ។ ទីក្រុង​ក៏​មាន​សាកលវិទ្យាល័យ វិទ្យាស្ថាន​ស្រាវជ្រាវ​កសិកម្ម និង​ជីវ​បច្ចេកវិទ្យា​ជា​ច្រើន ។ គេ​បាន​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ពូជ​សត្វ និង​រុក្ខជាតិ​មានគុណ​ភាព​ខ្ពស់​ចាប់ពី​ឆ្នាំ​២០០៥ ។

លោក Tran Xuan Dinh អនុប្រធាន​នាយកដ្ឋាន​ផលិតកម្ម​ដំណាំ បាន​មាន​ប្រសាសន៍​ថា បញ្ហា​ប្រឈម​ធំ​បំផុត​សម្រាប់​វិស័យ​កសិកម្ម​គឺ​ការ​ស្រាវជ្រាវ​ផលិត​គ្រាប់ពូជ​បន្លែ និង​ផ្កា​ជំនាន់​ទី​១ ។ ក្រៅពី​នេះ ការ​ផលិត​ពូជ​ថ្មី​នៅ​ទីផ្សារ​ក្នុងស្រុក​ត្រូវ​បាន​នាំមុខ​ដោយ​ក្រុមហ៊ុន​បរទេស ។

លោក Nguyen Thien Nhan លេខាធិការ​គណបក្ស​របស់​ទីក្រុង​ហូ​ជី​មិ​ញ បានឱ្យ​ដឹង​ថា តម្លៃ​ខ្ពស់​បំផុត​ក្នុង​វិស័យ​កសិកម្ម គឺ​បាន​មក​ពី​ផលិតកម្ម​ពូជ​ថ្មី ។

ប្រសិនបើ​ដី​កសិកម្ម​អាច​បំ​លែង​ទៅ​ជា​កសិដ្ឋាន​បង្កើត​ពូជ​ថ្មី តម្លៃ​ផលិតកម្ម​ក្នុង​១​ហិ​កតា​នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស និង​អាច​កាត់​បន្ថយ​ការ​ចំណាយ​រូបិយប័ណ្ណ​បរទេស​លើ​គ្រាប់ពូជ ។

វិស័យ​កសិកម្ម ចាំបាច់​ត្រូវ​វាយតម្លៃ​កម្មវិធី​ថ្មី​សម្រាប់​អភិវឌ្ឍន៍​គ្រាប់ពូជ សំណាប និង​ពូជ​សត្វ​មានគុណ​ភាព​ខ្ពស់ ដើម្បី​ទទួល​បាន​ទស្សនវិស័យ​ល្អ​ទាក់ទង​នឹង​ស្ថានភាព​កសិកម្ម ដោយសារ​ទីក្រុង​នេះ​ស្ថិត​នៅ​ជិត​តំបន់​នេសាទ មជ្ឈមណ្ឌល​ផលិតកម្ម​អង្ករ និង​បន្លែ​នៅ​តំបន់​ដីសណ្ដ​ទន្លេមេគង្គ ។

លោក​និយាយ​ថា ក្នុង​នាម​ជា​អ្នក​ផ្គត់ផ្គង់​ពូជ​រុក្ខជាតិ និង​សត្វ ទីក្រុង​នេះ​នឹង​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ក្នុង​តំបន់ ។ លោក​ក៏​បាន​សង្កត់ធ្ងន់​ទៅ​លើ​សារសំខាន់​នៃ​ទំនាក់ទំនង​រវាង​កសិករ អ្នក​វិទ្យាសាស្ត្រ វិនិយោគិន និង​រដ្ឋាភិបាល ដើម្បី​បង្វែរ​ទីក្រុង​នេះ​ទៅ​ជា​មជ្ឈមណ្ឌល​បង្កាត់​ពូជ​សត្វ និង​រុក្ខជាតិ​ក្នុង​តំបន់ ៕