រាជធានីភ្នំពេញ ៖ ប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ឯកឧត្តម ឃួង ស្រេង បានជំរុញអាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ យកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ខណៈដែលកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខនេះ ដោយព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះ នៅសល់តែ៥២ថ្ងៃទៀតប៉ុណ្ណោះ។

ឯកឧត្តម ឃួង ស្រេង បានជំរុញបែបនេះនារសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា កិច្ចប្រជុំនេះធ្វើឡើងមួយផ្នែកដើម្បីពិនិត្យពីវឌ្ឍនភាពការងារត្រៀមសហការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ជាមួយអនុគណៈកម្មការចំពោះកិច្ច និងការពង្រឹងកិច្ចការងារការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងការប្រកួតកីឡានេះ ។

ឯកឧត្តម ឃួង ស្រេង បានបន្តទៀតថា ការងារធំរបស់យើងគឺកិច្ចការពាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ។ ដូច្នេះទេ អាជ្ញាធរខណ្ឌទាំង១៤ និងកម្លាំងមានសមត្ថកិច្ចទាំងអស់ត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុតកុំឱ្យមានបទល្មើសកើតឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ។ ពិសេសថែមទៀតនោះ គឺកិច្ចការពារ សន្តិសុខ ជូនប្រតិភូ កីឡាករ ភ្ញៀវជាតិ អន្តរជាតិ ដែលមកចូលរួមក្នុងពិធីដ៏ធំនេះ ។

ឯកឧត្តមបានបន្តទៀតថា ចំពោះមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវ យកចិត្តទុកដាក់ក្នុងការជួសជុលផ្លូវ តុបតែងភ្លើងបំភ្លឺសាធារណៈ ដើម្បីលើកសោភ័ណភាពរាជធានីភ្នំពេញឲ្យកាន់តែមានភាពស្រស់បំព្រង ពិសេសផ្លូវសំខាន់ចូលទៅក្នុងពិធី ដូចជាផ្លូវជាតិលេខ៥ លេខ៦ ផ្លូវ២ខ្សែថ្មីចូលទៅកាន់មហាវិថីឈ្នះឈ្នះ និងមហាវិថីឈ្នះឈ្នះនេះតែម្តង ។ ចំពោះអាជ្ញាធរខណ្ឌទាំង១៤ ក្រៅពីពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ហើយ ការសម្អាត អនាម័យបរិស្ថានក៏ត្រូវយកចិត្តទុកដាក់ ជាមួយនឹងការចលនាប្រជាពលរដ្ឋឱ្យដាក់ទង់ជាតិ ព្រោះនេះជាមុខមាត់របស់ប្រទេសយើងទាំងមូល។

គួរបញ្ជាក់ថា ការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ មិនបានអនុវត្តការងារដាច់ដោយឡែកតែឯងនោះទេ តែជាការងារដែលត្រូវសហការជាមួយអនុគណៈកម្មការចំពោះកិច្ច មានទាំងការរៀបចំសណ្តាប់ធ្នាប់ ការងារអនាម័យបរិស្ថាន ការជួសជុលកែលម្អផ្លូវ និងការងារចរាចរណ៍ជាដើម បើទោះបីការងារនេះ ស្ថិតក្នុងការគ្រប់គ្រងនិងទទួលខុសត្រូវទាំងស្រុងរបស់អាជ្ញាធររាជធានីភ្នំពេញក្តី ៕





ចែករំលែកព័តមាននេះ