ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះថ្នាក់​ចរាចរណ៍​ម៉ូតូ និង​រថយន្ត​រាប់រយ​គ្រឿង​កកស្ទះ

6 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ដោយសារ​តែ​ការ​ធ្វេសប្រហែស​តែ​បន្តិច​សោះ បាន​ធ្វើ​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ

ខេត្តព្រៃវែង ៖ ដោយសារ​តែ​ការ​ធ្វេសប្រហែស​តែ​បន្តិច​សោះ បាន​ធ្វើ​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​ធំ​មួយ ដែល​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​បាន​រង​របួសធ្ងន់ ត្រូវ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរពេទ្យ ព្រមទាំង​ធ្វើ​ឲ្យ​ម៉ូតូ និង​រថយន្ត​អ្នកដំណើរ​រាប់រយ​គ្រឿង​ត្រូវ​កកស្ទះ​ទៅ​មុខ​មិន​រួច អស់​រយៈពេល​ជាង​១​ម៉ោង​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១ និង​៣៥​នាទី​រសៀល ថ្ងៃ​ទី​២៤ កញ្ញា​នេះ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ផ្លូវ​ឡើង​ស្ពាន​ហ្សឹ​បា​សា ហៅ​ស្ពាន​អ្នក​លឿង ដែល​ស្ថិត​ក្នុងភូមិ​ឧត្តម ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។ ស្ត្រី​ដែល​រង​គ្រោះ​នៅ​ក្នុង​ហេតុការណ៍​នោះ​មានឈ្មោះ ក្រូច សា​រ៉េ​ត អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កណ្តាល ឃុំ​ឈើ​កាច់ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។

យោង​តាម​ការ​បំភ្លឺ​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ ព្រមទាំង​របាយការណ៍​របស់​សមត្ថកិច្ច​ផង​នោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា សេ​125​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ ព្រៃវែង​1L-5100 ធ្វើ​ដំណើរ​ជាមួយ​ប្តី​ឈ្មោះ ឈិ​ន ហួ​ន អាយុ​២៧​ឆ្នាំ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច គោលដៅ​ទៅ​ធ្វើការ​នៅ​ភ្នំពេញ​។ ប៉ុន្តែ​ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​ម៉ូតូ​ជ្រុល​ទៅ​បុក​គូទ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង ដែល​ឈប់​ចត​ស្ងៀម​នៅ​ចិញ្ចើម​ផ្លូវ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​បោក​ទៅ​នឹង​ថ្នល់ គ្រវាត់​ស្ត្រី​រង​គ្រោះ​ទៅ​កណ្តាល​ថ្នល់ គាប់​ជួន​ពេល​នោះ​ក៏​មាន​រថយន្ត​យី​ឌុ​ប​មួយ​គ្រឿង​ទៀត ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ ៣C-១៥៣៦ បើក​មក​ដល់​ពីក្រោយ​ដែរ ដោយ​ខ្លាច​កិន​នារី​រង​គ្រោះ​ដែល​ខ្ទាត​ទៅ​នៅ​ពីមុខ​រថយន្ត អ្នកបើកបរ​បាន​កាច់ចង្កូត​គេច​ទៅ​ឆ្វេង​ដៃ​តែ​គេច​មិន​ផុត ធ្វើ​ឲ្យ​កង់​ខាងស្តាំ​ផ្នែក​មុខ​កិន​បញ្ឆិត​លើ​នារី​រង​គ្រោះ រួច​ក៏​ជ្រុល​ទៅ​បុក​ជាមួយនឹង​រថយន្ត​បា​ឡែ​ន ១​គ្រឿង​ផ្សេង​ទៀត ដែល​បើក​មក​បញ្ច្រាសទិស​គ្នា បណ្តាល​ឲ្យ​រថយន្ត​បា​ឡែ​ន រង​ការ​ខូចខាត​តួ​រថយន្ត​ផ្នែក​ខាងឆ្វេង​យ៉ាងដំណំ​។

ប្រភព​ព័ត៌មាន​ដដែល​នេះ​បាន​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ​ភ្លាម អ្នកបើកបរ​រថយន្ត​យី​ឌុ​ប​នោះ​បាន​ឈប់​រថយន្ត​នៅ​ចំ​កណ្តាល​ថ្នល់​ត្រង់​កន្លែង​កើតហេតុ ហើយ​រត់គេច​យករួចខ្លួន តែ​រត់​មិន​រួច​ត្រូវ​អ្នកដំណើរ​ព្រួត​គ្នា​ស្ទាក់​ចាប់​យក​មក​វិញ ហើយដោយ​សារ​តែ​រថយន្ត​យី​ឌុ​ប​នោះ​ឈប់​ចំ​កណ្តាល​ថ្នល់​ផង ឯ​អ្នកដំណើរ​ខ្លះ​នាំ​គ្នា​ឈប់​មើល​ជន​រង​គ្រោះ​ដែល​ដេក​ស្តូកស្តឹង​នៅ​លើ​ថ្នល់​ផង ទើប​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ទៅ​មុខ​លែង​រួច រហូត​ដល់​ចម្ងាយ​ជាង​១​គីឡូម៉ែត្រ សូ​ម្បី​តែ​រថយន្ត​សា​មុ​យ​របស់​មន្ទីរពេទ្យ​ក៏​ចូល​ទៅ​ដឹក​ជន​រង​គ្រោះ​មិន​រួច​ដែរ គឺ​ស្ទះ​ជាប់​គាំង​តែ​ម្តង ប៉ុន្តែ​ដោយ​មើលឃើញ​ស្ថានភាព​ស្ត្រី​រង​គ្រោះ កាន់តែ​ធ្ងន់ធ្ងរ​ខ្លាំង​ទើប​សមត្ថកិច្ច​បញ្ជា​ឲ្យ​ម៉ូតូ​ដឹក​យក​ស្ត្រី​រង​គ្រោះ ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​អ្នក​លឿង​តែ​ម្តង ដើម្បី​ឲ្យ​ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​។

គួរ​បញ្ជាក់​ថា ក្រោយ​ពី​កើតហេតុ​ភ្លាម កម្លាំង​សមត្ថកិច្ច​ក៏​បាន​ទៅ​ដល់​កន្លែង​កើតហេតុ​ភ្លាម ហើយ​បាន​ជួយ​អន្តរាគមន៍​សម្រួល​ចរាចរណ៍​អស់​រយៈពេល​ជាង​១​ម៉ោង ទើប​អាច​ធ្វើ​ចរាចរណ៍​បាន​ធម្មតា​ឡើង​វិញ ចំណែកឯ​ម៉ូតូ រ៉ឺ​ម៉ក​កង់​៣ និង​រថយន្ត​ទាំង​២​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក ដើម្បី​ឲ្យ​ភាគី​ទាំងអស់​ចូលខ្លួន​ទៅ​ធ្វើការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​៕