ទីក្រុងបាងកក, ប្រទេសថៃ៖ ក្រុមឆបោកកំពុងបានដៃសម្បើមណាស់នៅប្រទេសថៃ។ ពួកគេបោកជនរងគ្រោះដោយប្រើវិធីល្បួងតាមទូរស័ព្ទ, ត្រូវរង្វាន់, ចាប់ឆ្នោតផ្សងសំណាង, វិនិយោគ, ដាក់លុយបានការប្រាក់ច្រើន។ល។ រយៈពេល១២ខែចុងក្រោយនេះ, ក្រុមឆបោកអាចកើបលុយយ៉ាងច្រើនពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ។ នេះបើយោងតាមការបង្ហើបឱ្យដឹងពីអគ្គស្នងការដ្ឋាននគរបាលជាតិថៃ។
![Picture]()
សមត្ថកិច្ចថៃប្រាប់ថាគិតចាប់ពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២២ ដល់ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣, ក្រុមឆបោកបានល្បួងជនរងគ្រោះជាង២,១៨សែននាក់ និងបោកបានលុយ៣១,៥៨ពាន់លានបាត ឬ៩១០លានដុល្លារអាមេរិក។ ខាងក្រោមនេះជាល្បិចបោកមួយចំនួនដែលក្រុមខិលខូចបាន និងកំពុងប្រើប្រាស់។
![Picture]()
ទី១- ល្បិចឆបោកលំដាប់កំពូលដែលងាយស្រួលល្បួងឱ្យជនរងគ្រោះចូលអន្ទាក់ និងងាយស្រួលប្រមូលលុយបានច្រើនជាងគេគឺការបបួលវិនិយោគ។ ក្រុមឆបោកល្បួងឱ្យជនរងគ្រោះដាក់ប្រាក់វិនិយោគជាមួយពួកគេ ហើយបានប្រាក់ចំណេញច្រើនដោយមិនបាច់នឿយហត់។ អ្នកខ្លះដាក់លុយនៅធនាគារសុខៗ មានអារម្មណ៍ថាធនារគារហាក់ដូចជាឱ្យការប្រាក់តិចជាងវិនិយោគជាមួយក្រុមឆបោក។
![Picture]()
ពួកគេក៏ដកលុយពីធនាគារ ហើយយកទៅប្រគល់ឱ្យក្រុមឆបោកវិញ។ អ្នកខ្លះខ្ចីលុយធនាគារថែមទៀតយកទៅដាក់វិនិយោគ។ ជនរងគ្រោះដោយសារល្បិចឆបោកនេះជាង១,៦ម៉ឺននាក់ អស់លុយ៧,៦៦ពាន់លានបាត។ ល្បិចឆបោកតាមរយៈការបបួលវិនិយោគនេះមានច្រើនរូបភាពទៀត។ ក្រុមខ្លះបបួលរកស៊ីផ្នែកលុយឌីជីថល (digital currency/crypto currency)។
![Picture]()
ទី២- ល្បិចឆបោកដោយសន្យាថាជួយរកការងារឱ្យធ្វើ ឬជួយរត់ការដើម្បីបានមុខតំណែង បុណ្យស័ក្ដិ។ ជនរងគ្រោះដោយសារល្បិចនេះជាង២,៩៩ម៉ឺននាក់ អស់លុយ៣,៣២ពាន់លានបាត។
ទី៣- ល្បិចឆបោកតាមរយៈការទិញឥវ៉ាន់។ ជនរងគ្រោះដោយសារល្បិចនេះជាង៨,១ម៉ឺននាក់ អស់លុយ១,០១ពាន់លានបាត។
![Picture]()
ទី៤- ល្បិចឆបោកតាមរយៈការផ្ដល់ប្រាក់កម្ចី។ ជនរងគ្រោះដែលចង់ខ្ចីលុយត្រូវបង់ប្រាក់ទ្រនាប់ ឬប្រាក់កក់ឱ្យទៅក្រុមឆបោក។ ជនរងគ្រោះដោយសារល្បិចនេះជាង២,៤ម៉ឺននាក់ អស់លុយ១,០៣ពាន់លានបាត។
![Picture]()
ទី៥- ល្បិចឆបោកតាមរយៈការឆាតតាមអនឡាញ ឬតាមបណ្ដាញសង្គម ដោយយករូបអ្នកដទៃធ្វើជាប្រូហ្វាល (profile) បន្លំធ្វើជាសាច់ញាតិជនរងគ្រោះ។ បន្ទាប់មក ក្រុមឆបោកប្រាប់ឱ្យជនរងគ្រោះផ្ញើលុយទៅឱ្យពួកគេ។ ធម្មតា អ្នកខ្លះភ្លេចត្រចៀកមួយគ្រា។ អាងថាជាមិត្តភក្តិ សាច់ញាតិ ឬមនុស្សស្គាល់គ្នា គេត្រូវការលុយប្រញាប់ ក៏វេរលុយឱ្យគេតាមសេវាវេរលុយ។ ជួនកាល ក្រុមឆបោកដឹងតាំងពីលេខទូរស័ព្ទរបស់មិត្តភក្តិ សាច់ញាតិជនរងគ្រោះ។ ជនរងគ្រោះដោយសារល្បិចនេះជាង៧,២ពាន់នាក់ អស់លុយ១,៥៦ពាន់លានបាត។
![Picture]()
ទី៦- ល្បិចឆបោកតាមរយៈការបន្លំខ្លួនជាមន្ត្រីរដ្ឋាភិបាល ហើយល្បួងជនរងគ្រោះឱ្យផ្ដល់ឯកសារពាក់ព័ន្ធនឹងព័ត៌មានផ្ទាល់ខ្លួន។ ពួកគេល្បួងជនរងគ្រោះឱ្យចុចទៅលើតំណភ្ជាប់អនឡាញ។ ពេលជនរងគ្រោះចុចលើតំណភ្ជាប់នោះ ដូចចុចដំឡើងមេរោគប្រភេទស្ប៉ាយ (spyware) ដែលងាយស្រួលឱ្យក្រុមឆបោកចូលទៅដកលុយខ្ទេចពីខ្ទង់គណនីធនាគារ ឬមីក្រូហិរញ្ញវត្ថុ។
![Picture]()
ទី៧- ឥឡូវនេះ មានអញ្ចេះទៀត។ ក្រុមឆបោកក្លែងធ្វើជាអ្នកជួយរត់ការឱ្យអ្នកដែលចង់ទទួលបានអត្ថប្រយោជន៍ពីគម្រោងសុខុមាលភាពសង្គមរបស់រដ្ឋ។ ថ្មីៗនេះ, រាជរដ្ឋាភិបាលថៃទើបតែប្រកាសពីការផ្ដល់អត្ថប្រយោជន៍សម្រាប់បងប្អូនប្រជាពលរដ្ឋក្រីក្រចំនួន១៤,៦លាននាក់ដើម្បីឱ្យពួកគាត់ទទួលបានប័ណ្ណក្រីក្រ។ កម្មវិធីនេះនឹងចាប់ផ្ដើមពីថ្ងៃទី១ ខែមេសាខាងមុខនេះ៕
ប្រភព៖ Bangkok Post
ចែករំលែកព័តមាននេះ