(ហ្សឺណែវ)៖ ទីភ្នាក់ងារចិន Xinhua បានចុះផ្សាយនៅថ្ងៃទី១៤ ខែមីនានេះថា ប្រទេសរុស្ស៊ី បានយល់ព្រមបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនក្នុងរយៈពេល ៦០ថ្ងៃ បន្ទាប់ពីកិច្ចពិភាក្សាជាមួយតំណាងអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវកាលពីថ្ងៃចន្ទ។

កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាក្នុងខែកក្កដា ឆ្នាំ២០២២ ហើយត្រូវបានសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសតួកគី ដែលបានអនុញ្ញាតឱ្យអ៊ុយក្រែន ដែលជាប្រទេសផលិត និងនាំចេញស្រូវសាលីដ៏សំខាន់មួយរបស់ពិភពលោក ដឹកជញ្ជូនអាហារ និងជី ពីកំពង់ផែសមុទ្រខ្មៅចំនួនបីរបស់ខ្លួន។
កិច្ចព្រមព្រៀងនេះបានអនុញ្ញាតឱ្យនាំចេញគ្រាប់ធញ្ញជាតិ ២៤លានតោន និងនាវាសុវត្ថិភាពជាង ១,៦០០ ធ្វើដំណើរឆ្លងកាត់សមុទ្រខ្មៅ ជាមួយនឹង ៥៥ភាគរយនៃការនាំចេញអាហារទៅកាន់ប្រទេសកំពុងអភិវឌ្ឍន៍ នេះបើយោងតាមគេហទំព័ររបស់អង្គការសហប្រជាជាតិ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យមានការបន្តកិច្ចព្រមព្រៀងក្នុងអំឡុងពេលកិច្ចប្រជុំជាមួយមេដឹកនាំអ៊ុយក្រែននៅទីក្រុងកៀវកាលពីសប្តាហ៍មុន។ កាលពីថ្ងៃចន្ទ លោកបានបញ្ជាក់សារជាថ្មីថា អង្គការសហប្រជាជាតិនៅតែប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ ក៏ដូចជាកិច្ចខិតខំប្រឹងប្រែងដើម្បីសម្រួលដល់ការនាំចេញអាហារ និងជីរបស់រុស្ស៊ី នេះបើយោងតាមការចេញផ្សាយរបស់អង្គការសហប្រជាជាតិ៕

ចែករំលែកព័តមាននេះ