ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើកទ្វារ​ទឹក​បឹង​តា​ម៉ុ​ក​បន្ថែម​ទៀត បញ្ចៀស​ការ​ជន់​លិច​ស្ពាន​អូរ​ជីក ហៅ​ស្ពាន​តា​ម៉ុ​ក​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ឧត្តរមានជ័យ

មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តឧត្តរមានជ័យ បាន​ដាក់​គ្រឿងចក្រ​ជីក​កកាយ​បើកទ្វារ​ទឹក​បន្ថែម​នៅ​ចំណុច​លូ​៣ បឹង​តា​ម៉ុ​ក ដើម្បី​រំដោះ​ទឹកបាន​រហ័ស បញ្ចៀស​ក្នុង​ការ​ជន់​លិច​ស្ពាន​អូរ​ជីក នៅ​ក្នុង​រដូវ

ខេត្តឧត្តរមានជ័យ ៖ មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តឧត្តរមានជ័យ បាន​ដាក់​គ្រឿងចក្រ​ជីក​កកាយ​បើកទ្វារ​ទឹក​បន្ថែម​នៅ​ចំណុច​លូ​៣ បឹង​តា​ម៉ុ​ក ដើម្បី​រំដោះ​ទឹកបាន​រហ័ស បញ្ចៀស​ក្នុង​ការ​ជន់​លិច​ស្ពាន​អូរ​ជីក នៅ​ក្នុង​រដូវវស្សា​ម្តង​ៗ​។ បឹង​តា​ម៉ុ​ក​នេះ ស្ថិត​នៅ​ក្នុងភូមិ​អូរ​ជីក ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។

ប្រជាពលរដ្ឋ​អ្នកស្រុក​អន្លង់​វែង ក៏​ដូច​ជា​ប្រជាពលរដ្ឋ និង​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ដងផ្លូវ​ស្ពាន​អូរ​ជីក​នេះ តែងតែ​ធុញទ្រាន់​ទៅ​នឹង​ការ​ជន់​លិច ដោយសារ​តែ​ទឹកភ្លៀង​បង្កើន​ហក់​ឡើង ធ្វើ​ឱ្យ​លិច​ស្ពាន​អូរ​ជីក​ជា​រៀង​រាល់​ឆ្នាំ ដែល​បង្ក​ឲ្យ​រាំងស្ទះ​ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​មន្ត្រីរាជការ​ផង​ដែរ​។ ហើយ​ខណៈ​ពេល​នេះ ក៏​ត្រូវ​បាន​បើកទ្វារ​ទឹក​បន្ថែម​ទៀត ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ក្តី​សង្ឃឹមថា ស្ពាន​អូរ​ជីក ហៅ​ស្ពាន​តា​ម៉ុ​ក មិន​អាច​មាន​ទឹកជំនន់​ជន់​លិច​បន្ត​ទៀត​នា​ពេល​រដូវវស្សា​ខាង​មុខ​នេះ​ឡើយ​។

ទាក់ទិន​នឹង​ការ​ដាក់​គ្រឿងចក្រ​ជីក​កកាយ​បើកមុខ​ទ្វារ​ទឹក នៅ​ព្រឹក​ថ្ងៃ​ទី​១៣ ខែមីនា ឆ្នាំ​២០២៣​នេះ លោក ញើ​ន កួន ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តឧត្តរមានជ័យ បាន​ឲ្យ​កាសែត​កោះសន្តិភាព​ដឹង​ថា ខេត្តឧត្តរមានជ័យ គឺជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​លើ​តំបន់​ខ្ពង់រាប ខណៈ​នៅ​ក្នុង​រដូវវស្សា​ម្តង​ៗ ទឹកភ្លៀង​បាន​ហូរ​ធ្លាក់​ជា​គំហុក​មក​ពីលើ​ជួរ​ភ្នំ​ដងរ៉ែក ចាក់​មក​តាម​ប្រឡាយ​បឹងបួ និង​អាង​ស្តុ​ប​ទឹក​នានា​ផង​ដែរ បន្ទាប់​មក​បឹងបួ ប្រឡាយ អាង​ដែល​ស្តុ​ប​ទឹក​មិន​អាច​ធានា​បាន ហើយ​ទឹក​ក៏​បាន​ហូរ​ចាក់​មក​ជន់​លិច​តាម​បណ្តា​ភូមិ ផ្លូវលំ និង​ផ្លូវជាតិ​ក៏​អាច​ថា​បាន​ដែរ​។ ប៉ុន្តែ​ទឹកជំនន់​នៅ​ក្នុង​តំបន់​នេះ វា​នឹង​ជន់​លិច​លឿន វា​ក៏​ស្រក​ទៅ​វិញ​លឿន​ដែរ ដោយ​មិន​ដូច​នៅ​ក្នុង​តំបន់​ផ្សេង​ៗ​នោះ​ទេ​។

លោក​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម បាន​បញ្ជាក់​ថា យោង​ទៅ​លើ​ទឹកជំនន់​ជន់​លិច​ស្ពាន​អូរ​ជីក ហៅ​ស្ពាន​តា​ម៉ុ​ក​នេះ រាជរដ្ឋាភិបាល​កម្ពុជា បាន​ទម្លាក់​នូវ​កញ្ចប់​ថវិកា​តាម​រយៈ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​ធ្វើការ​អភិវឌ្ឍន៍​បើកទ្វារ​ទឹក​បឹង​តា​ម៉ុ​ក ចំណុច​លូ​៣​បន្ថែម​ទៀត​។ ដោយ​កាល​ដើម​ឡើយ ពី​មុន​មាន​លូ​បង្ហូរទឹក​ចំនួន​៤ និង​បន្ត​ដាក់​លូ​ចំនួន​៤​ទៀត ក្រាល​បេតុង​បាត​ក្រោម​ប្រវែង​១២០០​ម៉ែត្រ​ផង​ដែរ ដើម្បី​រំដោះ​ទឹកបាន​លឿន បញ្ចៀស​ក្នុង​ការ​ជន់​លិច​ស្ពាន​បន្ត​ទៀត នៅ​ក្នុង​រដូវវស្សា​ខាង​មុខ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ