ខេត្តបន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋរស់ក្នុងស្រុកមង្គលបូរីមានការព្រួយបារម្ភខ្លាំងខ្លាចខ្វះទឹកប្រើក្នុងឆ្នាំនេះ ដោយសារស្ទឹង ស្រះ បឹង បួរ រីងហួតយ៉ាងកំហុគ ។ ចំណែកមន្ត្រីជំនាញវិញថា មិនខ្វះទេទឹកប្រើប្រាស់ តែមិនសម្បូរគ្រប់គ្រាន់តែប៉ុណ្ណោះ ដោយសារអ្នកធ្វើស្រែប្រាំងបូមទឹកដាក់ស្រែខ្លាំងពេក ។ ក្រោយពីដឹងថា នៅស្រុកមង្គលបូរី ស្ទឹង ស្រះ បឹង បួរ រីងហួតយ៉ាងកំហុគនោះ ។
![Picture]()
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ រួមដំណើរដោយលោកឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី និងមន្ត្រីមូលដ្ឋានចុះពិនិត្យសំណង់ស្ទាក់ទឹកមួយកន្លែង ក្នុងស្ទឹងក្នុងស្រុកមង្គលបូរី នៅចំណុចវត្តគយម៉ែង និងចំណុចភូមិចម្ការចេក ឃុំគយម៉ែង ដើម្បីរក្សាទឹកទុកប្រើប្រាស់ និងបរិភោគ ។
លោក អ៊ុំ រាត្រី បានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា គម្រោងធ្វើទំនប់ទឹកនេះ ក្នុងគោលបំណងដោះស្រាយបន្ទាន់ ដើម្បើស្ទាក់ទឹកដែលអាចបង្ហូរពីដងស្ទឹងមង្គលបូរីផ្នែកខាងលើយកមកស្តុកទុក សម្រាប់បម្រុងទុកផ្គត់ផ្គង់ប្រើប្រាស់ និងបរិភោគ នារដូវប្រាំង ពីខែមីនា ដល់ខែឧសភា ឬមិថុនាខាងមុខ ។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា គម្រោងធ្វើទំនប់ស្ទាក់ទឹកក្នុងស្ទឹងនោះ មន្ត្រីជំនាញ និងអាជ្ញាធរបានសិក្សាហើយ មាន២កន្លែង គឺទី១នៅត្រង់ វត្តគយម៉ែង និងទី២ត្រង់ភូមិចម្ការចេក ក្នុងភូមិសាស្ត្រឃុំគយម៉ែង សំណង់ទំនប់ ១ កន្លែងៗ មានកម្ពស់ត្រឹម ១,៣ ម៉ែត្រប៉ុណ្ណោះ ។
![Picture]()
លោក រ័ត្ន ដាស៊ីណង់ បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ស្ថានភាពទឹកក្នុងស្ទឹងមង្គលបុរី បានរីងខះ ស្ងួត ដោយ អន្លើ ឬជាកង់ៗក្នុងបណ្តាឃុំនានា ដែលនៅបណ្តោយស្ទឹង តាំងពីដើមឆ្នាំ២០២៣មកម្ល៉េះ ។
លោកបានបន្តថារាល់ឆ្នាំ ក៏រីងខះទឹកដូច្នេះដែរ ប៉ុន្តែលោក និងពលរដ្ឋ អះអាងថា គ្រោះធម្មជាតិ នៃបម្រែបម្រួលអាកាសធាតុ នេះ មិនបង្កឲ្យពលរដ្ឋ រស់នៅតាមបណ្តោយ ដងស្ទឹង ពឹងលើទឹកស្ទឹងនោះទេ មិនមានបញ្ហាធ្ងន់ធ្ងរនោះទេត្បិតអី ពលរដ្ឋមានទឹកស្អាតសហគមន៍ និងពីបណ្តាញសេវាករ ទឹកស្រះ ឬប្រឡាយ បឹង បួរ បម្រុងទុកផងដែរ ។
![Picture]()
ស្ទឹងមង្គលបូរី ត្រូវរីងខះទឹកបែបនេះ ជាច្រើនឆ្នាំមកហើយ ពោលគឺ ពលរដ្ឋមិនពឹងផ្អែកទាំងស្រុង លើទឹកស្ទឹង ដូចពីអតីតកាលនោះឡើយ ។ទោះជារស់នៅបណ្តោយដងស្ទឹងមែន ក៏ពលរដ្ឋពឹងលើទឹកអណ្តូង ស្រះ ប្រឡាយ និងទឹកស្អាតរបស់ក្រុមហ៊ុន ដែលគេមានអាង ឬស្រះធំៗ ស្តុកទឹកទុក ផលិត ។ មូលហេតុដែលនាំឲ្យស្ទឹងធំបង្អស់ទី១ ក្នុងស្រុកមង្គលបូរី រីងខះ តែរាល់ឆ្នាំនោះ មកពី ១ការបូមទឹកធ្វើស្រូវប្រាំង ដែលលើសផែនការ ២កត្តាបម្រែបម្រួលអាកាសធាតុ ៣ សំណង់ស្ទាក់ទឹក មិនទាន់គ្រប់គ្រាន់ ឬមិនស្របបច្ចេកទេស៤ សមត្ថភាពដោះស្រាយបញ្ហាទឹក នៅមានកម្រិតនៅឡើយ ។ល។
សូមបញ្ជាក់ថា ស្ទឹងមង្គលបូរី មានប្រភពមកពីភ្នំ និងខ្ពង់រាប នៃខេត្តច័ន្ទបុរី ប្រទេសថៃ ហើយហូរចុះមកកាត់ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ រួចទៅជួបគ្នានឹងស្ទឹង សិរីសោភ័ណ មុននឹងចាក់ចូលបឹងទន្លេសាប ៕
![Picture]()
ចែករំលែកព័តមាននេះ