ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៣នាក់ ក្នុងចំណោមបក្សពួកចំនួន៥នាក់ ត្រូវបានកម្លាំងនគរបាលស្រុកត្រាំកក់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនបាន ដោយចោទប្រកាន់ពីករណីឃា.តកម្មដោយចេតនាជាង១ខែកន្លងទៅនេះ រួចកសាងសំណុំរឿងបញ្ជូនបន្តមកកាន់ការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត ដើម្បីចាត់ការតាមច្បាប់។
ហេតុការណ៍កម្លាំងនគរបាលស្រុកត្រាំកក់ ធ្វើការស្រាវជ្រាវឃាត់ខ្លួនក្រុមជនសង្ស័យក្នុងករណីឃា.តកម្មខាងលើនេះនេះ បានកើតឡើងកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង៩និង០០នាទីព្រឹក។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានប្រាប់អោយកោះសន្តិភាពយើងឱ្យដឹងថា ក្រោយពីធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់នោះ យើងក៏បានកំណត់មុខសញ្ញាបាន និងដោយសារមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្តតាកែវ ជាពិសេសដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវផងនោះ យើងបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ រួមជាមួយវត្ថុតាងផងដែរ។
លោកអធិការនគរបាលស្រុកត្រាំកក់ បន្តថា ជនសង្ស័យទាំង៣នាក់នោះ រួមមាន ៖ ទី១- ឈ្មោះ ប្រាក់ វិសម ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង, ទី២- ឈ្មោះ គូ កក្កដា ហៅកាក់ ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង (ជាជនដៃដល់យកដុំថ្មគប់ទៅលើជនរងគ្រោះ) និងទី៣- ឈ្មោះ ហ៊ឹម ប៊ិននី ហៅនុយ ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។ ចំពោះវត្ថុតាងរួនមាន ៖ ម៉ូតូអ៊ិចសិនទ័រ១គ្រឿង និងដុំថ្ម១ដុំរី រីឯជនសង្ស័យ២នាក់ទៀតដែលកំពុងរត់គេចខ្លួននោះមាន ១- ឈ្មោះ សេង រ៉ានុត ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង និង២- ឈ្មោះ ប្រាក់ ប្រុសពៅ ហៅស៊ុត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិត្រពាំងវែង ឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង។

លោកវរសេនីយ៍ឯក ឌុក ធិយ៉ា អធិការនគរបាលស្រុក បានបញ្ជាក់ថា មុនពេលកើតហេតុ កាលថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២រំលងអធ្រាត្រនៅលើផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៦៧ និង៦៨ ស្ថិតក្នុងភូមិស្រង៉ែ ឃុំឧត្តមសូរិយា មានករណីឃា.តកម្មមួយបង្កឡើងដោយជនសង្ស័យ១ក្រុម ដែលមានគ្នាចំនួន៥នាក់ ជិះម៉ូតូ២គ្រឿង ដោយមួយគ្រឿងម៉ាកសង់សេ១២៥ និងមួយគ្រឿងទៀតម៉ាកអ៊ិចស៊ិនទ័រ បានធ្វើសកម្មភាពយកដុំថ្មគប់ទៅលើជនរងគ្រោះឈ្មោះ គង់ ចំរើន ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ដែលកំពុងបើកម៉ូតូឌុបគ្នាជាមួយ ឈ្មោះ គឺ ជា ភេទប្រុស អាយុ២៧ឆ្នាំ ទីលំនៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា តាមផ្លូវជាតិលេខ៣ ពីជើងមកត្បូង បណ្ដាលឲ្យត្រូវមួយដុំថ្មចំទ្រូងរងរបួសធ្ងន់រហូតដួលធ្លាក់ពីលើម៉ូតូ ហើយត្រូវបានមិត្តភក្តិ និងក្រុមគ្រួសារដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យក្រុងដូនកែវ ប៉ុន្តែជាអកុសលជនរងគ្រោះបានស្លា.ប់ ក្រោយពីដឹកដល់មន្ទីរពេទ្យ។

ពាក់ព័ន្ធករណីខាងលើនេះ ក្រោយកើតហេតុ សមត្ថកិច្ចពុំទទួលបានព័ត៌មានភ្លាមៗនោះទេ លុះរហូតដល់ម៉ោង១១.០០នាទី នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ ទើបសមត្ថកិច្ចទទួលបានព័ត៌មាននេះពីក្រុមគ្រួសារជនរងគ្រោះ។ ហើយនៅពេលទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះទៅកាន់កន្លែងកើតហេតុ រួចធ្វើការពិនិត្យ និងស្រាវជ្រាវកសាងសំណុំរឿងទៅតាមនីតិវិធី។ នៅចំពោះមុខនគរបាលជំនាញ ជនសង្ស័យខាងលើនេះបានសារភាពថា «ពួកគេពិតជាបានធ្វើសកម្មភាពគប់ដុំថ្មទៅជនរងគ្រោះធ្វើអោយស្លា.ប់ពិតប្រាកដមែន»។

លោកវរសេនីយ៍ឯក សែម សុជាតិ នាយការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ខេត្ត បានអោយដឹងថា ជនសង្ស័យទាំង៣នាក់ដែលឃាត់ខ្លួនបាន រួមជាមួយនឹងវត្ថុតាងនោះ យើងបានកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ហើយ។
ចែករំលែកព័តមាននេះ