ទីក្រុងម៉ិកស៊ីកូស៊ីធី, ប្រទេសម៉ិកស៊ីកូ៖ ឈ្មួញគ្រឿងញៀននៅម៉ិកស៊ីកូ ដែលគេច្រើនហៅថាកាថែល (cartel) បានសូមទោសរដ្ឋាភិបាលអាមេរិកឡើងញ័រមាត់ចំពោះកំហុសឆ្គងរបស់ខ្លួនដែលកាលពីមុនធ្លាប់តែធ្វើខ្លាំងដាក់ម៉ិកស៊ីកូដូចគ្នា ប៉ុន្តែថ្មីៗនេះពួកគេជ្រុលដៃប្រល័យជីវិតជនជាតិអាមេរិកអស់ប៉ុន្មាននាក់។ ពេលនេះ កាថែលកំពុងតែដេកភ័យ ខ្លាចរដ្ឋាភិបាលអាមេរិកសងសឹកវិញ ហេងស៊យអស់ទាំងមុខរបររកស៊ីរបស់ខ្លួនថែមទៀត។
ដូច្នេះ ការផ្ដាច់ផ្ដិលជីវិតជនជាតិអាមេរិកលើកនេះគឺខាតធ្ងន់ណាស់ ប្រៀបបាននឹងការបោកឆ្នាំងបាយខ្លួនឯងចោលដូច្នេះដែរ។ ដើម្បីជាការប៉ះប៉ូវការជ្រុលជ្រួស និងដើម្បីជាការយកចិត្តយកថ្លើមរដ្ឋាភិបាលអាមេរិក, ពួកកាថែលសុខចិត្តប្រគល់បក្សពួករបស់ពួកគេ៥នាក់ ដែលពួកគេអះអាងថាជាជនដៃដល់នៅក្នុងអំពើចាប់ពង្រត់ជនជាតិអាមេរិកាំង៤នាក់នៅតំបន់ព្រំដែនរវាងម៉ិកស៊ីកូ និងសហរដ្ឋអាមេរិក។
គេដឹងថាពលរដ្ឋអាមេរិក២នាក់ និងជនជាតិម៉ិកស៊ីកូម្នាក់បានរងការបាញ់ប្រហារ បណ្ដាលឱ្យស្លាប់ នៅពេលពួកគេធ្វើដំណើរទៅដល់ព្រំដែនម៉ិកស៊ីកូ។ ក្រោយមក គេប្រទះឃើញពលរដ្ឋអាមេរិកាំង៤នាក់នៅជាយក្រុង។ នៅក្នុងចំណោមនោះ, ២នាក់បានផុតដង្ហើមបាត់ទៅហើយ។ យោងតាមឯកសារសម្ងាត់របស់រដ្ឋាភិបាលម៉ិកស៊ីកូ, ក្រុមដៃដល់នៅក្នុងអំពើកាប់សម្លាប់នេះគឺគ្មាននរណាក្រៅពីក្រុមកាថែលនៅតំបន់ឈូងសមុទ្រ ដែលគេច្រើនហៅថាក្រុមកាថែលហ្កាល់ (Gulf)។
ពួកឈ្មួញប្រហែលជាយល់ច្រឡំ ស្មានថាជនជាតិអាមេរិកទាំងនេះចូលរាត្បាតតំបន់របស់ពួកគេ។ ដូច្នេះ ទើបពួកគេហ៊ានជ្រុលដៃធ្វើដល់ថ្នាក់នេះ។ កាថែលមួយក្រុមចេញមុខសូមអភ័យទោសចំពោះរឿងនេះ និងសុខចិត្តប្រគល់ជនដៃដល់៥នាក់ដែលពួកគេចាប់ចងដៃ ហើយយកទៅប្លុងចោលក្បែរព្រំដែន។ ពួកគេទុកឱ្យសមត្ថកិច្ចអាមេរិកជាអ្នកសម្រេចទៅចុះ។ ចង់យកអ្នកទាំង៥នេះទៅកាត់ទោស ឬយកទៅធ្វើអ្វីក៏ស្រេចនឹងចិត្ត។
កាថែលបានសរសេរសំបុត្រផ្ដែផ្ដាំមួយច្បាប់ និងប្លុងទុកចោលនៅជាប់នឹងមនុស្ស៥នាក់នោះ។ ក្រុមប៉ូលិសស៊ើបអង្កេតមិនទាន់ជឿជាក់១០០%ទេ។ គេគិតថាហេងស៊យអ្នកទាំង៥នាក់នោះមិនមែនជាជនដៃដល់ផងក៏មិនដឹង។ ចំពោះជនរងគ្រោះអាមេរិកដែលកាថែលធ្វើបាបនោះ ២នាក់ស្លាប់ដោយសារមុខរបួសធ្ងន់ធ្ងរពេក។ រីឯ២នាក់ទៀតមិនមានរបួសស្នាមធ្ងន់ធ្ងរដល់ស្លាប់ទេ។ ពួកគេវិលត្រឡប់ទៅសហរដ្ឋអាមេរិកវិញអស់ហើយ។
សំណុំរឿងស្លាប់ជនជាតិអាមេរិកទាំង២នាក់នេះធ្វើឱ្យអ្នកនយោបាយអាមេរិកខ្លះខឹងសម្បារ។ ជាពិសេស អ្នកនយោបាយរបស់បក្សសាធារណរដ្ឋខ្លះចង់ឱ្យរដ្ឋាភិបាលរបស់លោកចូបៃដិនប្រើប្រាស់ទាហានអាមេរិក និងប្រើប្រាស់ចំណាត់ការយោធាដើម្បីវាយសង្គ្រប់ និងកម្ចាត់កម្ចាយពួកហ្នឹងឱ្យណាណីម្ដង។ ប៉ុន្តែប្រធានាធិបតីម៉ិកស៊ីកូយល់ថាកុំទាន់ធ្វើដល់ថ្នាក់ហ្នឹងពេក៕
ចែករំលែកព័តមាននេះ