ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនគោ​ចម្លែក​មាន​ជើង​ប្រាំ​មួយ​អ្នកស្រុក​មានជំនឿ​ថា​មាន​បារមី

14 ឆ្នាំ មុន

ខេត្តព្រៃ​វែង ៖ កូន​គោ​ឈ្មោល​ចម្លែក​មួយ​ក្បាល​កើត​មកមាន​ជើងប្រាំ​មួយ ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ពី​មនុស្ស​ម្នា​ភូមិ​មួយ​ទៅ​ ភូមិ​មួយ​នាំគ្នា​ផ្អើលមក​មើល​ ហើយ​មានជំនឿ​ថា កូន​គោ​ចម្លែក​មួយនេះ​មានបារមី​កាន់​ ក៏​នាំគ្នា​អុជ​ធូប​អុជ​ទៀន​ បន់ស្រន់សុំសេចក្តី​សុខ​សប្បាយ​​អ្នកខ្លះ​​សុំ​ឱ្យ​រកស៊ី​កាក់​កប​ទៀត​ផង ។
​កូនគោ​ចម្លែក​មានជើង​ប្រាំ​មួយនេះ​កើត​​នៅ​ភូមិក្រាំង​លាវ ឃុំ​ចាម ស្រុក​កំពង់ត្របែក​​​។

ខេត្តព្រៃ​វែង ៖ កូន​គោ​ឈ្មោល​ចម្លែក​មួយ​ក្បាល​កើត​មកមាន​ជើងប្រាំ​មួយ ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​ពី​មនុស្ស​ម្នា​ភូមិ​មួយ​ទៅ​ភូមិ​មួយ​នាំគ្នា​ផ្អើលមក​មើល​ ហើយ​មានជំនឿ​ថា កូន​គោ​ចម្លែក​មួយនេះ​មានបារមី​កាន់​ ក៏​នាំគ្នា​អុជ​ធូប​អុជ​ទៀន​ បន់ស្រន់សុំសេចក្តី​សុខ​សប្បាយ​​អ្នកខ្លះ​​សុំ​ឱ្យ​រកស៊ី​កាក់​កប​ទៀត​ផង ។
កូនគោ​ចម្លែក​មានជើង​ប្រាំ​មួយនេះ​កើត​​នៅ​ភូមិក្រាំង​លាវ ឃុំ​ចាម ស្រុក​កំពង់ត្របែក​​​។ ទាក់​ទិន​កូន​គោ​ជើង​ប្រាំ​មួយ​​មាន​បារមី​កាន់នេះ លោក​​នុត សារឿន ​អាយុ​៤៧​ឆ្នាំ​​ នៅភូមិ​ក្រាំង​ លាវ ដែល​ជា​ម្ចាស់​គោ​បាន​ប្រាប់​​កោះ​សន្តិភាព​ថា រូប​គាត់​ជា​កសិករ​​ មានប្រពន្ធ​ឈ្មោះយូ សាំ ​អាយុ​៤៧​ឆ្នាំ ​មាន​កូន​៤​នាក់​សុទ្ធ​តែ​ស្រី​ ។ ​ពួក​គាត់​​បាន​ចិញ្ចឹម​មេ​គោ​ចំនួន២​ក្បាល ហើយ​អ្វី​គួរ​ឱ្យ​ភ្ញាក់ផ្អើលនោះគឺ​​មេគោ​មួយក្បាល​បានផើម ​ហើយ​កើត​កូន​ជាលើក​ដំបូង​ ក៏ប៉ះ​ចំ​កូនគោ​ចម្លែក ​​មាន​ជើង​រហូត​ដល់​ទៅប្រាំ​មួយគឺជើង​ក្រោយពីរ ជើង​មុខ​​ពីរ ​តែ​មានដុះ​ជើង​ចេញ​ពី​លើបូក​ខាង​មុខចំនួន​ពីរ​ទៀត ដែល​មានភ្លៅ​ ជង្គង់ ​និងក្រចក ធ្លាក់​មក​ដល់ក​ខាងមុខ​ សំបុរ​ស-ក្រហម ​។ វាកើត​បាន​រយៈ ពេល​ជាង៤ខែ​មក​​ហើយ គឺ​កើត​នៅថ្ងៃទី១ ​ធ្នូ ២០១០ វេលា​ម៉ោង៩​យប់ ។
លោក​នុត សារឿន​​ បន្ត​ទៀត​ថា ពេល​​មេ​គោ​មួយក្បាលនេះ​ផើម ​ប្រពន្ធ​​គាត់​បាន​យល់​សប្តិ​ឃើញ​គេយកខ្សែ​.កមាស​ កងដៃ កង​ជើង​​មាស​ ចិញ្ចៀនត្បូងយ៉ាង​ច្រើន​សន្ធឹកសន្ធាប់​ឱ្យ​ទៅ​រូបគាត់​ ហើយ​អ្វី​ដែលកាន់​តែ​ចម្លែក​នោះ ​គឺ​នៅ​យប់​មុនពេល​កូនគោ​ចម្លែកនេះ​កើត មេគោ​ផើម​ចេះ​តែ​ស្រែក​ខុសពីធម្មតា​នៅពេលពាក់កណ្តាល​អធ្រាត្រ ។ នៅ​យប់​ថ្ងៃ​មេ​គោ​កើត​ កូន​​គោចម្លែក​​នោះ​ ក្រុមគ្រួសារ​របស់​គាត់​កំពុង​អង្គុយ​មើល​ទូរ​ទស្សន៍ទាំង​អស់គ្នា រហូត​ដល់​ចប់កម្ម​វិធី​ក៏​​នាំគ្នា​ចូលសម្រាក​​នៅ​លើផ្ទះ ។ មួយ​សន្ទុះ​ស្រាប់តែ​មេគោ​ស្រែក​ខុសពីធម្ម​តា​​ទៀត​ទាំង​កណ្តាល​យប់​ ធ្វើ​ឱ្យ​រូបគាត់មាន​ការ​ងឿង​ឆ្ងល់​យ៉ាងខ្លាំង បន្ទាប់​មក​រូប​គាត់​​ក៏ចុះ​មក​ខាង​ក្រោម​ផ្ទះ​ឃើញ​មេ​គោ​កើតកូន​ចេញ​ក្បាលមក​មុន​ផុត​ត្រឹមស្មាមុខ រីឯជើង​មុខ​បត់​ទៅក្រោយ​ ចំណែក​ជើង​ចម្លែក​ទាំងពីរបត់​អោប​ខ្លួន​ទៅក្រោយដែរ ​ប៉ុន្តែមួយ​សន្ទុះ​​មក ក៏​កើ​ត​រួច​រាល់។
រហូត​ដល់ពេលព្រលឹម​ឡើង ក៏មានការ​ភ្ញាក់​ផ្អើល​ដល់​អ្នកភូមិ​ថា មានកូនគោ​ចម្លែក​កើតមក​មានជើងប្រាំមួយ ​ក៏នាំគ្នា​មកចោមរោម​មើល ហើយ​និយាយ​តៗគ្នាពីភូមិ​មួយ​ទៅ​ភូមិ​មួយ ​ធ្វើ​ឱ្យ​មនុស្ស​ម្នា​ភ្ញាក់​ផ្អើល​នាំគ្នា​មកមើលជា​រៀង​រាល់​ថ្ងៃ និង​អុជធូបទៀនបន់ស្រន់​សុំ​សេចក្តី​សុខ ខ្លះ​សុំឱ្យ​ការរក​ស៊ី​បានកាក់កប ហើយ​អ្នក​ខ្លះ​បាន​យក​ប្រាក់​ដាក់បន់​ស្រន់​​ថែម​ទៀត​ផង ។
បើ​តាម​ជំនឿអ្នកដែល​មកបន់ស្រន់​ ហើយ​ត្រឡប់​ទៅវិញ​តែង​តែ​និយាយ​តៗគ្នា​ថា កូនគោ​ចម្លែកមានជើង​ប្រាំ​មួយនេះ​ពិត​ជា​មាន​បារមី​ខ្លាំង​ក្លា​ណាស់ ​ធ្វើ​ឱ្យ​អ្នក​ស្រុក​​ អ្នក​ភូមិ​មាន​ជីវ​ភាព​ធូរធា​ ជាពិសេស​​ក្រុមគ្រួសារ​ដែលមាន​​កូន​គោ​​ចម្លែក​ជើង​ប្រាំ​មួយ​បានសេចក្តី​សុខ​ សប្បាយ​​គ្មានជំងឺ ​អ្វី​មកបៀត​បៀន​ឡើយ ។  អ្នក​ភូមិ​រំលឹក​ថា ​រយៈ​ពេល​ដែល​កូនគោ​ចម្លែក​កើត​មក​ គឺ​​មាន​​ផុស​​ជំងឺ​អុតក្តាម ​ពាសពេញ​ស្រុកភូមិ​ ប៉ុន្តែ​ចំពោះ​​កូនគោ​ជើង​ប្រាំមួយ​ និង​មេ​គោ​ពុំ​មានជំងឺ​អ្វីមក​បៀត​បៀន​អ្វីទេ មាន​សុខ​ភាព​ធម្មតា​នេះ ។ នៅ​ក្នុង​អំឡុង​បុណ្យ​ចូលឆ្នាំ​ខ្មែរ៣ថ្ងៃ មនុស្ស​ម្នា ​បាន​នាំគ្នា​ទៅ​មើល​ ហើយ​មាន​ដាក់ប្រាក់​​បួង​សួង​សុំ​សេចក្តី​សុខ​ទៅ​តាម​ជំនឿ​របស់​​ពួក​គាត់ ។ លោក​នុត សារឿន ម្ចាស់​កូនគោ​ចម្លែក​ឱ្យ​ដឹង​ថា មក​ដល់ពេលនេះ វាមានអាយុ​ជាង​៤​ខែកន្លះ​ហើយ និងមានកម្លាំង​ សុខ​ភាព​ធម្ម​តា ហើយ​
អ្នក​ស្រុក​គិតថា ជាកូនគោ​ដែលមាន​បារមីកាន់ខ្លាំង ។
ទោះ​បី​ជាបែបណា ​នេះគឺជាអបិយជំនឿ​​​របស​​់​អ្នក​ស្រុក​ អ្នក​ភូមិ​ដែល​កាន់​ព្រះ​ពុទ្ធ​​សាសនា ​និង​​​មិន​អាច​កាត់​ផ្តាច់​​ចេញ​បាន​ពីសង្គម​ខ្មែរ​តាំង​ពី​យូរ​លង់​មក​ហើយ ​។ អ្វី​ក៏​ដោយ​ឱ្យ​ឮថា ​ផ្តល់​សេចក្តី​សុខនោះ ប្រជា​ជន​ខ្មែរ ដែល​ជា​ជាតិ​សាសន៍​សន្សំ​សុខ ​តែ​នាំគ្នា​ទៅបន់​ស្រន់​ហើយ ព្រោះ​ចង់​បានសេចក្តី​សុខ មានជីវភាព​ធូរធារ មាន​សុភមង្គលក្នុង​ជីវិតគ្រួសារ​ និង​សង្គម​ជាតិ តែក៏​មិន​ត្រូវ​ភ្លេច​ឡើយ​ថា ចង់បាន​សេចក្តី​សុខ​ពិត​ប្រាកដនោះ គឺ​ការ​ធ្វើអំពើ​ល្អ​នេះឯង ឬ​នាំគ្នា​ប្រកាន់ខ្ជាប់​សីល៥ ទើប​អាច​ចៀស​ផុតពី​បាប​កម្ម​​ផ្សេងៗ​ មិន​មែន​ទៅ​ចូលបុណ្យ​គោ​ជើង​ប្រាំ​មួយ​សុំ​សេចក្តីសុខ​ ហើយចិត្ត​នៅ​តែ​បង្ក​មន្ទិល​ហ្មង​សៅ​ទៅ​លើ​អ្នកដទៃ​ទៀត​នោះ​ ក៏មិនបាន​ទទួលសេចក្តី​សុខនោះទេ ៕