ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនការ​សំខាន់​ចំនួន​៦ ​អាជ្ញាធរ​ភ្នំពេញ​ដាក់​ទិស​ដៅ​ជា​អាទិភាព​សម្រាប់​អនុវត្ត​នា​ឆ្នាំ​ខាង​មុខ​នេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្ដីសន្និដ្ឋាន​ចុង​ក្រោយ​នៅ​ក្នុង​របាយការណ៍​ចំនួន​២៦៣​ទំព័រ​របស់​

រាជធានី​ភ្នំពេញ​ ៖ យោង​តាម​សេចក្ដីសន្និដ្ឋាន​ចុង​ក្រោយ​នៅ​ក្នុង​របាយការណ៍​ចំនួន​២៦៣​ទំព័រ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២២​ និង​លើក​ទិស​ដៅ​ការងារ​ឆ្នាំ​២០២៣​នា​ព្រឹក​ថ្ងៃ​ទី​៩ ​ខែមីនា នៅសណ្ឋាគារ រ៉េ​ស៊ី​ដង់​សុខា​ភ្នំពេញ បានឱ្យ​ដឹង​ថា សេចក្តី​ស​ន្និ​ដា្ឋ​ន​ក្នុង​ឆ្នាំ​២០២២ កន្លង​ទៅ​នេះ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​ចង្អុលបង្ហាញ​របស់​សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​បន្ត​ខិតខំ​ពុះពារ​សម្រេច​បាន​នូវ​សមិទ្ធផល និង​ស្នាដៃ​ការងារ​សំខាន់​ៗ​គួរ​ជាទី​មោ​ទ​នៈ ជា​ពិសេស​ក្នុង​វិស័យ សន្តិសុខ សុវត្ថិភាព​និង​សណ្តាប់ធ្នាប់​សង្គម នៅ​គ្រប់​ព្រឹត្តិការណ៍​ជាតិ​-​អន្តរជាតិ ការ​កសាង​សមិទ្ធផល ការ​ផ្តល់​សេវា​សាធារណៈ និងការងារ​កំណែទម្រង់​តាម​វិស័យ ដែល​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ដល់​កំណើន​សេដ្ឋកិច្ចជាតិ​។

ទន្ទឹម​នឹង​លទ្ធផល​ដែល​សម្រេច​បានជា​វិជ្ជមាន រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏​ត្រូវ​បន្ត​ប្រមូលផ្ដុំ​កម្លាំង​សរុប​មធ្យោបាយ​សរុប និង​វិធានការ​សរុប ដើម្បី​បន្ត​គ្រប់គ្រង និង​ដោះស្រាយ​ឱ្យ​បាន​កាន់តែ​ល្អ​ប្រសើរ​នូវ​ការងារ​អាទិភាព​សំខាន់​ៗ​មួយ​ចំនួន​ទៀត រួម​មាន​៖

១-បន្ត​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ទន្ទឹម​គ្នា​ទៅ​នឹង​ការ​បង្កើន​ល្បឿន​នៃ​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ និង​កុមារ​-​យុវវ័យ ជា​ពិសេស​ដូ​ស​ជំរុញ (​ដូ​ស​ទី​៣ ដូ​ស​ទី​៤​ដូ​ស​ទី​៥ ដួស​ទី​៦ និង​ដូ​ស​បន្ដបន្ទាប់​) ដើម្បី​បន្ត​រក្សា​បាន​នូវ «ភាព​សុំ​សហគមន៍​រឹង​មាំ​ពិតប្រាកដ​យូរអង្វែង​»​។

២-បន្ត​ជំរុញ​ការ​រៀបចំ​សណ្តាប់ធ្នាប់ ចរាចរណ៍ និង​សុវត្ថិភាព​សាធារណៈ​ក្នុង​រាជធានី​ភ្នំពេញ ពិសេស​ខណៈ​ដែល​កម្ពុជា​នឹង​ត្រូវធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ និង​ប៉ា​រ៉ា​ហ្គេ​ម​លើក​ទី​១២ នា​ខែឧសភា ឆ្នាំ​២០២៣​ខាង​មុខ​នេះ​។

៣-បន្ត​អនុវត្ត​វិធានការ​បង្ក្រាប​បទល្មើស​ព្រហ្មទណ្ឌ បទល្មើស​គ្រឿងញៀន បទល្មើស​ជួញដូរ​មនុស្ស​គ្រប់​ទម្រង់​និង​បង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ព្រមទាំង​បទល្មើស​ផ្សេង​ៗ​ទៀត​ឱ្យ​បាន​ម៉ឺងម៉ាត់ និង​ជាប់​ជា​ប្រចាំ​ដូច​ភ្លៀងរលឹម​។

៤-បន្ត​យកចិត្តទុកដាក់ និង​ដោះស្រាយ​ចំពោះ​បញ្ហា​គ្រោះ​ធម្មជាតិ គ្រោះ​អគ្គិភ័យ និង​ការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ ដែល​អាច​កើត​មាន​ជាយថាហេតុ​។

៥-​ជំរុញ​ការ​អនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រង​គ្រោះ ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វី​ដ​-១៩ និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ងាយ​រង​ហានិភ័យ ដើម្បី​ឆ្លើយ​តប​នឹង​សម្ពាធ​អតិផរណា ស្រប​តាម​គោលនយោបាយ​ជាតិ របស់​រាជរដ្ឋាភិបាល​កម្ពុជា ឱ្យ​មាន​ប្រសិទ្ធភាព​។

៦-ពង្រឹង​ការ​អនុវត្ត​គោលនយោបាយ ​ភូមិ​-​ឃុំ​-​សង្កាត់ មាន​សុវត្ថិភាព​ នឹង​ការ​ផ្តល់​សេវា​សាធារណៈ​ឱ្យ​កាន់តែ​ប្រសើរ ក្នុង​ដំណើរ​ឆ្ពោះទៅ​កាន់ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧ ឆ្នាំ​២០២៣​។

របាយការណ៍​ប្រចាំឆ្នាំ​២០២២ ស្តី​ពី​ការ​អនុវត្ត​ការងារ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​នេះ ត្រូវ​បាន​ពិនិត្យ និង​អនុម័ត​នៅ​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៤៤ របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ អាណត្តិ​ទី​៣ នា​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច​ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២៣​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ