រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា សាកសពស្ត្រីម្នាក់ត្រូវបានជនពុំស្គាល់មុខច្រកក្នុងការ៉ុងយកមកប្លុងចោលនៅជាប់ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិព្រៃពីស ឃុំច្រេស ស្រុកកំពង់ត្រឡាច បង្កឱ្យមានការភ្ញាក់ផ្អើល កាលពី វេលាម៉ោង០៣ និង១០នាទីរសៀលថ្ងៃទី០៣ កញ្ញា ។
សេចក្តីរាយការណ៍បន្តថា ក្រោយពេលភ្ញាក់ផ្អើលសមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុ ហើយបានលើកការ៉ុងដែលមានប្រឡាក់ឈាមនោះរលាក់ចេញទើបដឹងថា ជាសាកសពស្ត្រីម្នាក់ស្ថិតក្នុងសម្លៀកពាក់ ស្លៀកសារ៉ុងផ្កាក្រហមពាក់អាវក្នុងពណ៌ក្រហម និងពាក់អាវយឺតដៃវែង ពណ៌ឈាមជ្រូកពីខាងក្រៅ ។ សពស្ត្រីរងគ្រោះត្រូវបានជនពុំស្គាល់មុខកាប់ជាច្រើនកន្លែងលើផ្ទៃមុខ និងដងខ្លួន ។ សមត្ថកិច្ចនៅមិនទាន់ដឹងថា ការសម្លាប់ស្ត្រីខាងលើនេះ ជាករណីប្លន់ ឬករណីគំនុំ ដែលសម្លាប់ពីកន្លែងផ្សេងយកមកចោលសពនៅកន្លែងខាងលើនេះទេ ។
សមត្ថកិច្ចបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលមានបាត់សមាជិកគ្រួសារ សូមប្រញាប់ទំនាក់ទំនង មកសមត្ថកិច្ចនគរបាលស្រុកកំពង់ត្រឡាច ដើម្បីទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ព្រោះថាពេលនេះសពកំពុងតម្កល់ទុកនៅវត្តចាស់ ដែលនៅមិនឆ្ងាយពីកន្លែងកើតហេតុ ប៉ុន្តែបើហួសថ្ងៃទី៤ កញ្ញា នេះ សមត្ថកិច្ចនិងយកសពទៅកប់រក្សាទុកជាបណ្តោះអាសន្នដែរ ព្រោះមិនអាចទុកយូរបានទេ ។ ជាមួយគ្នានេះដែរ សមត្ថកិច្ចក៏កំពុងស្រាវជ្រាវស៊ើបអង្កេតផងដែរ។






ចែករំលែកព័តមាននេះ