ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បោះ​ឆ្នោត​ក្នុង​ប្រទេសប​ង្ក​ក្តី​បារម្ភ​លើ​ផ្នែក​សេដ្ឋកិច្ច

6 ឆ្នាំ មុន

តុលាការ​កំពូល​របស់​ប្រទេស​កេ​ន​យ៉ា​បាន​សម្រេច​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពី​ខែ​មុន​នេះ នឹង​ត្រូវ​ចាត់ទុកជា​មោឃៈ និង

ទីក្រុង​ណៃ​រ៉ូ​ប៊ី ៖ តុលាការ​កំពូល​របស់​ប្រទេស​កេ​ន​យ៉ា​បាន​សម្រេច​ថា ការ​បោះ​ឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​កាលពី​ខែ​មុន​នេះ នឹង​ត្រូវ​ចាត់ទុកជា​មោឃៈ និង​បញ្ជា​ឲ្យ​បោះ​ឆ្នោត​ជា​ថ្មី​មួយទៀត ។

ការ​សម្រេចចិត្ត​នេះ​កើតឡើង​បន្ទាប់​ពី​មានការ​ចោទប្រកាន់​ថា ការ​បោះ​ឆ្នោត​មាន​ភាព​មិន​ប្រក្រតី និង​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​វិនិយោគិន​។ ការ​ធ្វើ​ដូច្នេះ​បាន​បង្ក​ឲ្យ​ទីផ្សារ​ភាគហ៊ុន​របស់​ប្រទេស​នេះ​ឈប់​ដំណើរការ ហើយ​តម្លៃ​រូបិយ​វត្ថុ​ធ្លាក់​ចុះ ។

អ្នក​តាមដាន​បារម្ភ​ថា សេចក្តីសម្រេច​នេះ​អាច​នឹង​បង្ក​ឲ្យ​មាន​អំពើ​ហិង្សា ដូច​ធ្លាប់​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​២០០៧​ដែរ ។

លោក John Ashbourne មក​ពី Capital Economics បាន​ព្យាករ​កាលពីមុន​ពេល​បោះ​ឆ្នោត​ថា ការ​លូតលាស់​សេដ្ឋកិច្ច​នឹង​ធ្លាក់​ចុះ​៣% ប្រសិនបើ​មាន​វិបត្តិ​នេះ​កើត​មាន​ឡើង ។

កសិកម្ម គឺជា​ប្រភព​ការងារ និង​វិស័យ​ធំ​ជាងគេ​របស់​ប្រទេស​នេះ ដែល​ស្មើ​២៥%​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) និង​ស្មើ​៥០%​នៃ​ប្រាក់​ចំណូល​បាន​មក​ពី​ការ​នាំ​ចេញ ក្នុង​នោះ​មាន​ផលិតផល​ចម្បង​ៗ​ដូច​ជា តែ កាហ្វេ និង​ផ្លែស្វាយ ។

កេ​ន​យ៉ា​ក៏​ពឹងផ្អែក​លើ​វិស័យ​ទេសចរណ៍​ផង​ដែរ ដែល​ស្មើ​ជិត​១០%​នៃ GDP ។ នេះ​បើ​យោង​តាម​ក្រុមប្រឹក្សា​ធ្វើ​ដំណើរ និង​ទេសចរណ៍​ពិភពលោក ។ វិស័យ​នេះ​បាន​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ប្រមាណ​១​លាន​នាក់ និង​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដល់​ទៅ​១,២​លាន​នាក់​ក្នុងឆ្នាំនេះ ។

ប៉ុន្តែ​ចំនួន​ភ្ញៀវ​ទេសចរ​បាន​ធ្លាក់​ចុះ​ប្រមាណ​១​ភាគ​៣ បន្ទាប់​ពី​ការ​ផ្ទុះ​អំពើ​ហិង្សា​កាលពី​ឆ្នាំ​២០០៧ និង​២០០៨ ។ រីឯ​អំពើ​ភេរវកម្ម​ដែល​កើត​មាន​ឡើង​ក្នុង​ឆ្នាំ​២០១៣ និង​២០១៥ ក៏​បាន​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍ ដែរ ។

មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ (IMF) ព្យាករ​ថា សេដ្ឋកិច្ច​កេ​ន​យ៉ា​នឹង​លូតលាស់​ជាង​៦%​ក្នុងឆ្នាំនេះ និង​៦,៥%​ក្នុង​ឆ្នាំ​ក្រោយ ។ យ៉ាងណា​ក្តី ការ​លូតលាស់​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​គ្មាន​ភាពរឹងមាំ​ខ្លាំងក្លា​ទេ ។

ការ​ពឹងផ្អែក​លើ​វិស័យ​កសិកម្ម បាន​ធ្វើ​ឲ្យ​ប្រទេស​នេះ​ងាយ​នឹង​ទទួល​រង​ផល​ប៉ះពាល់​ពី​អាកាសធាតុ​មិនល្អ ហើយ​ធនាគារពិភពលោក​ព្យាករ​ថា GDP នឹង​ធ្លាក់​ចុះ​០,៦%​ក្នុងឆ្នាំនេះ ដោយសារ​គ្រោះ​រាំង​ស្ងួត ។

ប្រទេស​នេះ​ក៏​មាន​អត្រា​អ្នក​គ្មាន​ការងារ​ធ្វើ​ច្រើន​ផង​ដែរ ។ នេះ​បើ​យោង​តាម​ធនាគារពិភពលោក ។

ប្រជាពលរដ្ឋ​កេ​ន​យ៉ា​ប្រមាណ​៤០% កំពុង​តែ​រស់នៅ​ក្នុង​ភាព​ក្រីក្រ ហើយ​អត្រា​អតិផរណា​បាន​កើនឡើង​ដល់​១០,៣%​ឯណោះ​នៅ​ខែមីនា​៕