ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ថា ម្ទេស​អាចម៍សត្វ ទោះ​តម្លៃ​ឡើង​ខ្ពស់ ឬ​ធ្លាក់​ចុះ ក៏​មិន​ថ្វី គាត់​នៅ​តែ​ខំប្រឹង​ថែទាំ ដើម្បី​បាន​ថវិកា​ផ្គត់ផ្គង់​ជីវភាព

1 ឆ្នាំ មុន
  • ប៉ៃលិន

គេ​សង្កេត​ឃើញ​កសិករ​ម្នាក់ បាន​ដាំ​បន្លែ​ម្ទេស​អាចម៍សត្វ នៅ​លើ​ដី​របស់​ខ្លួន ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​ប្រមូល​ផល​លក់ សម្រាប់​ផ្គត់ផ្គង់​ជីវភាព

ខេត្ត​ប៉ៃលិន ៖ រហូត​មក​ដល់​ថ្ងៃ​ទី​០៧ ខែមីនា ឆ្នាំ​២០២៣​នេះ គេ​សង្កេត​ឃើញ​កសិករ​ម្នាក់ បាន​ដាំ​បន្លែ​ម្ទេស​អាចម៍សត្វ នៅ​លើ​ដី​របស់​ខ្លួន ស្ថិត​នៅ​ក្នុងភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ដើម្បី​ប្រមូល​ផល​លក់ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ក្រុម​គ្រួសារ​ប្រចាំ​ថ្ងៃ​។

បើ​តាម​ការ​រៀបរាប់​ពី​បុរស​ម្នាក់​មានឈ្មោះ គុ​ជ រស់ អាយុ​៤១​ឆ្នាំ មាន​ប្រពន្ធ​ឈ្មោះ ជាវ ឈី​វលី រស់នៅ​ក្នុងភូមិ​ភ្នំ​ព្រាល ឃុំ​ស្ទឹង​ត្រង់ ស្រុក​សាលា​ក្រៅ បាន​ប្រាប់​ឱ្យ​ភ្នាក់ងារ​យើង​ដឹង​ថា ៖ គាត់​បាន​ដាំ​បន្លែ​ម្ទេស​អាចម៍សត្វ​ជិត​កន្លះ​ហិ​កតា នៅ​ក្បែរ​មាត់​ស្ទឹង​កុយ ដែល​ជា​ស្ទឹង​ផ្តល់​ប្រភព​ទឹក​យ៉ាង​ល្អ មិន​ចេះ​រីងស្ងួត​ទាំង​រដូវប្រាំង និង​រដូវវស្សា​។ ហើយ​គាត់​ក៏​បាន​ដាំ​ដំណាំ​ម្ទេស​នេះ អស់​រយៈពេល​ជិត​៣​ខែ​ដែរ ដោយ​បន្លែ​ម្ទេស​អាចម៍សត្វ ក៏​ជិត​ដល់​ពេល​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ​ដែរ ខណៈ​ដាំ​ដុះ​លូតលាស់​ល្អ ហើយ​គាត់​តែងតែ​បូមទឹក​ស្រោច​រយៈពេល​២​ទៅ​៣​ថ្ងៃ​ម្តង ដើម្បី​កុំឱ្យ​ស្វិត ឬ​ងា​.​ប់ ក៏​មានការ​ជម្រះ​ស្មៅ និង​ថែទាំ​ជ្រោយ​ដី​ពូន​គល់​ជា​រឿយ​ៗ ដើម្បី​ឱ្យ​ដំណាំ​បន្លែ​ម្ទេស​នេះ កាន់តែ​ល្អ​មាន​ផ្លែ​ច្រើន​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា រហូត​មក​ដល់​ពេល​នេះ ទោះបីជា​ផ្លែ​ម្ទេស​ខ្ចី មានការ​ធ្លាក់​ថ្លៃ​បន្តិច ដោយ​ឈ្មួញ​ទិញ​១​គីឡូក្រាម តម្លៃ​ត្រឹមតែ​៥០០០​រៀល ខណៈ​ដែល​កាលពី​ឆ្នាំ​មុន​ៗ គឺ​ឈ្មួញ​ហ៊ាន​ទិញ​រហូត​ដល់​១​គីឡូក្រាម តម្លៃ​៨០០០​រៀល ឯណោះ​។ មិនជា​ថ្វី​នោះ​ទេ ទោះបីជា​តម្លៃ​ឡើង​ខ្ពស់ ឬ​ធ្លាក់​ចុះ ក៏​គាត់​នៅ​តែ​ខិតខំ​ប្រឹងប្រែង​ថែទាំ ដើម្បី​ប្រមូល​ផល​លក់​ឱ្យ​ឈ្មួញ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​ប្រចាំ​ថ្ងៃ​។

គាត់​បញ្ជាក់​ទៀត​ថា ម្ទេស​របស់​គាត់​អត់​មាន​ប្រើ​ថ្នាំ ឬ​ជីគីមី​អ្វី​នោះ​ទេ គឺ​ប្រើ​ជីធម្មជាតិ​លាមក សត្វ​គោ​សុទ្ធសាធ ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ ដែល​ទិញ​យក​ទៅ​ហូប ជា​ពិសេស​មិន​ចង់ឱ្យ​ដី​ដែល​ខ្លួន​ធ្លាប់​ដាំ​ដុះ​លូតលាស់​ល្អ ប្រែ​ទៅ​ជា​ខូចគុណភាព ដោយសារ​ធាតុគីមី​នោះ​ឡើយ​។

គាត់​បញ្ជាក់​ទៀត​ថា មានការ​ងាយស្រួល​ម្យ៉ាងដែរ ពេល​ទទួល​បាន​ផល គឺ​ក្រុម​ឈ្មួញ​បាន​ចូល​ទៅ​ទិញ​ដល់​ក្នុង​ចម្ការ​តែ​ម្តង ដោយ​មិន​ចាំបាច់​ចំណាយពេល​ដឹក​យក​ទៅ​លក់ដូរ​នៅ​ឯ​ផ្សារ​នោះ​ទេ​។ ហើយ​ការ​ដាំ​ម្ទេស​នេះ មិន​ភ័យ​ព្រួយ​ខ្លាចក្រែង​លំបាក​រក​ម៉ូយ​នោះ​ទេ ឱ្យ​តែ​ដាំ​បាន​ផល គឺ​មិន​សល់​នោះ​ឡើយ ដោយពេល​ខ្លះ​ស្ទើរតែ​រក​ម្ទេស​មិន​បាន ដោយពេល​ខ្លះ​ឡើង​ដល់​១​គីឡូក្រាម ១៥០០០​រៀល​ឯណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ