ខេត្តកណ្ដាល ៖ កម្លាំងនគរបាលក្រុងតាខ្មៅ ធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពគប់រថយន្តអ្នកដំណើរ ជិតគល់ស្ពានព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
ករណីគប់រថយន្តខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២២និង១៥នាទីយប់ ថ្ងៃអាទិត្យ ទី៥ ខែ មីនា ឆ្នាំ ២០២៣ ត្រង់ចំណុចជិតគល់ស្ពានព្រែកហូរ ស្ថិតក្នុងភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ត្រូ រតនា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ រថយន្តរបស់ជនរងគ្រោះ បានខូចខាតទ្វារខាងក្រោយមួយផ្ទាំង ។
ចំណែកឯ ជនសង្ស័យឈ្មោះ សុខ សារី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ និងមានសារធាតុញៀនក្នុងខ្លួន ។
សម្ភារដែលចាប់យកជាវត្ថុតាងមាន ៖ ដុំថ្មចំនួន២ដុំ ។
សមត្ថកិច្ច បានបន្តអោយដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានត្រឡប់មកពីហូបការមិត្តភក្តិវិញ ក៏បានបើករថយន្តមួយគ្រឿង ម៉ាកព្រុស ពណ៌ខៀវចាស់ ឆ្នាំ២០១០ ផ្លាកលេខ ភ្នំពេញ 2BT-4451 ធ្វើដំណើរមកដល់ចំណុចជិតគល់ស្ពានព្រែកហូរលិច ក៏ស្រាប់តែមានជនសង្ស័យម្នាក់ស្រវឹងស្រា បានយកដុំថ្ម គប់ទៅលើរថយន្តរបស់ជនរងគ្រោះ បណ្តាលអោយកំពិតទ្វាររថយន្តខាងក្រោយ ។ ឃើញដូច្នោះ ជនរងគ្រោះក៏បានបើករថយន្តរត់មកដល់ប៉ុស្តិ៍ព្រែកហូរ ដាក់ពាក្យបណ្តឹងអោយសមត្ថកិច្ចជួយស្រាវជ្រាវ រហូតដល់ម៉ោង១យប់ ឈានចូលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងយកមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រែកហូរ ។
បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់ ៕


ចែករំលែកព័តមាននេះ