ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៤០០ គ្រឿង សម្រាប់ដឹកពលរដ្ឋ ដោយមិនគិតថ្លៃ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ឯកឧត្តម ឃួង ស្រេង បានជម្រាបដូច្នេះ ជូនសម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នេះ។
ឯកឧត្តម ឃួង ស្រេង បញ្ជាក់ថា សាលារាជធានីភ្នំពេញ បានត្រៀមរថយន្តក្រុងចំនួន ៤០០គ្រឿង សម្រាប់ដឹកជញ្ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ នៅក្នុងឱកាសពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាពាក់កណ្តាល ខែមេសាខាងមុខនេះ។
ឯកឧត្តមបានឱ្យដឹងថា យើងទើបតែបានជំនួយពីសាធារណរដ្ឋកូរ៉េ ចំនួន ២០០ឡានទៀត។ ដូចនេះ នឹងបន្ថែមជើងទៀត នៅឆ្នាំនេះ ជាពិសេសខ្សែរត់ទៅកាន់ខេត្តសៀមរាប និងបន្ទាយមានជ័យ នៅតាមផ្លូវជាតិលេខ៥ និងលេខ៦ ដើម្បីជួយសម្រាលការលំបាករបស់ពលរដ្ឋ ដោយសារការឡើងថ្លៃតាក់ស៊ី។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះ រដ្ឋបាលរាជធានីភ្នំពេញ ទើបតែបានទទួលរថយន្ដក្រុងប្រភេទថ្មី ចំនួន ២០០គ្រឿង ពីក្រុមហ៊ុនប៊ូយ៉ុង គ្រុប របស់សាធារណរដ្ឋកូរ៉េ ខណៈដែលរថយន្តក្រុងសាធារណៈ ដែលដំណើរការនៅកម្ពុជា សព្វថ្ងៃ បានទទួលជំនួយពីប្រទេសចិន និងជប៉ុន ដែលមានចំនួនជាង ២០០គ្រឿង ដែលកំពុងផ្តល់សេវាដឹកជញ្ជូនសាធារណៈ ចំនួន ១៣ ខ្សែ ជូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ