សុខភាព៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេសផ្នែកសុខភាពបានបង្ហាញថា ទោះបីជាការឈរបត់ជើងតូចជាទម្លាប់ទូទៅរបស់បុរសភាគច្រើនក៏ដោយ ប៉ុន្តែការផ្លាស់ប្តូរមកអង្គុយវិញ ត្រូវបានគ្រូពេទ្យអះអាងថាផ្ដល់ផលចំណេញយ៉ាងច្រើនដល់សុខភាព ជាពិសេសចំពោះបុរសវ័យកណ្តាល និងអ្នកដែលមានបញ្ហាក្រពេញប្រូស្តាត។ ការអង្គុយបត់ជើងតូចជួយឱ្យសាច់ដុំអាងត្រគាក និងប្លោកនោមស្ថិតក្នុងស្ថានភាពសម្រាក ដែលធ្វើឱ្យទឹកនោមហូរចេញមកអស់បានល្អជាងការឈរ និងកាត់បន្ថយសម្ពាធមិនឱ្យប្លោកនោមឆាប់ខូចគុណភាព ឬខូចទ្រង់ទ្រាយមុនអាយុ។
បន្ថែមពីលើការការពារប្លោកនោម វិធីសាស្ត្រនេះក៏ជួយកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគតាមផ្លូវទឹកនោមបានយ៉ាងប្រសើរផងដែរ។ នៅពេលដែលប្លោកនោមត្រូវបានបញ្ចេញទឹកនោមអស់បានស្អាតល្អ វានឹងមិនមានទឹកនោមនៅសេសសល់សម្រាប់ធ្វើជាជម្រកមេរោគ ដែលបង្កឱ្យមានការរលាកនោះឡើយ។ ចំណែកឯចំពោះមនុស្សចាស់ ការអង្គុយបត់ជើងតូចគឺជាវិធានការសុវត្ថិភាពដ៏សំខាន់ ដើម្បីបង្ការគ្រោះថ្នាក់នៃការដួលសន្លប់ក្នុងបន្ទប់ទឹក ជាពិសេសនៅពេលក្រោកពីគេងទាំងយប់អាធ្រាត្រ ដែលអាចធ្វើឱ្យសម្ពាធឈាមធ្លាក់ចុះរហ័ស និងបង្កឱ្យមានអាការៈវិលមុខ។
ក្រៅពីអត្ថប្រយោជន៍ចំពោះរាងកាយ ការអង្គុយបត់ជើងតូចក៏ផ្ដល់អត្ថប្រយោជន៍ខ្លាំងផ្នែកអនាម័យផងដែរ។ ការសិក្សាបានរកឃើញថា ការឈរបត់ជើងតូចអាចធ្វើឱ្យដំណក់ទឹកនោមខ្ទាតចេញក្នុងរង្វង់រហូតដល់ ៣ ម៉ែត្រ ដែលយើងមិនអាចមើលឃើញនឹងភ្នែកទទេឡើយ។ ដូច្នេះ ការប្តូរមកអង្គុយវិញ នឹងជួយលុបបំបាត់បញ្ហាទឹកនោមខ្ទាតប្រឡាក់ការ៉ូ ឬជញ្ជាំង ដែលជាប្រភពនៃមេរោគ និងក្លិនឆ្អាបក្នុងបន្ទប់ទឹក ធ្វើឱ្យបរិស្ថានរស់នៅកាន់តែស្អាត និងមានផាសុកភាពសម្រាប់សមាជិកគ្រួសារទាំងអស់គ្នា។
សូមបញ្ជាក់៖ នេះគ្រាន់តែជាការចែករំលែកចំណេះដឹងសុខភាពបឋមប៉ុណ្ណោះ។ បើមានបញ្ហាសុខភាពខុសធម្មតា សូមស្វែងរកការប្រឹក្សាពីគ្រូពេទ្យជំនាញ ដើម្បីសុវត្ថិភាព និងការព្យាបាលទាន់ពេលវេលា៕
ចែករំលែកព័តមាននេះ