រាជធានីភ្នំពេញ ៖ គណនីហ្វេសប៊ុកមួយឈ្មោះ Sok Vanna ដែលបានបង្ហោះសារពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍នៅគោលដៅ (ស្ពានអាកាសពេទ្យលោកសង្ឈ) ចាប់ផាកពិន័យ ត្រូវបានក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញបកស្រាយបំភ្លឺនៅថ្ងៃទី០៦ មីនា ២០២៣នេះថា គឺជាការចុះផ្សាយព័ត៌មានមិនពិត បំភ្លើស ចោទប្រកាន់មកលើសមត្ថកិច្ច ជាមន្ត្រីអនុវត្តច្បាប់ ។
យោងតាមគណនីហ្វេសប៊ុកឈ្មោះ Sok Vanna បានបង្ហោះរូបភាព និងសារយ៉ាងដូច្នេះថា ៖ «លោកប៉ូលិសចរាចរណ៍ នៅកែងស្តុបពេទ្យព្រះកុសមៈ (ផ្លូវរុស្សីបត់ក្រោមស្ពានមកព្រលានយន្តហោះ) កំពូលឈ្លើយ សម្ដីនិយាយដូចបាតផ្សារ។ ចាប់មនុស្សមើលកាមេរ៉ាខុសពណ៌ខោអាវហើយ នៅតែជំរិតទារលុយពិន័យ ហើយព្រួតគ្នាសម្លុត ? គំរាមកំហែង! មិនសមយកក្រុមជាន់ករាស្ត្រ មកអនុវត្តន៍ច្បាប់បែបនេះទេ ? ប្រជាជនកំពុងតែក្រ ដោយសារវិបត្តិសេដ្ឋកិច្ចពិភពលោក បែរជាប្រឹងមកហែកសន្លឹកឆ្នោតចោលទៅវិញ ? ។ ហេតុនេះ សូមថ្នាក់លើមេត្តាត្រួតពិនិត្យផង !? បើប្រជាជនហ៊ានតវ៉ា គេចោទថារំខានការងារប៉ូលិស! ។ គេហាមមិនឲ្យថតរូបពួកគេជាដាច់ខាត បើហ៊ានចាប់យកទៅខណ្ឌ ឬក្រុង ? ។ យី ពួកនេះមិនដឹងចេញពីសាលាមួយណាទេ ?» ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជម្រាបថា នៅវេលាម៉ោង០៣និង៣០នាទី ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៣ មានបុរសម្នាក់បានបើកបរម៉ូតូ ម៉ាក់ហុងដា ពាក់ស្លាកលេខ 1DG-4659 ល្មើសភ្លើងសញ្ញាចរាចរណ៍ ពណ៌ក្រហម មានន័យថា នៅពេលភ្លើងសញ្ញាចរាចរណ៍ ពណ៌ក្រហម បុរសខាងលើនៅបន្តដំណើរទៅមុខ ដូច្នេះមន្ត្រីនគរបាលចរាចរណ៍ នៅគោលដៅ ស្ពានអាកាសពេទ្យលោកសង្ឈ បានធ្វើការឃាត់ និងពិន័យតាមច្បាប់ នៅពេលនោះ គាត់ក៏បានស្នើសុំសមត្ថកិច្ចសម្របសម្រួល តែសមត្ថកិច្ច មិនព្រម គឺត្រូវអនុវត្តតាមច្បាប់ដែលបានកំណត់ ដោយធ្វើការផាកពិន័យតាមឧបករណ៍ម៉ាស៊ីនសម្រាប់ការផាកពិន័យ និងដកពិន្ទុលើប័ណ្ណបើកបរ (មិនដកពិន្ទុទេ) ។
ជាមួយគ្នានេះ បុរសល្មើសខាងលើ គាត់ជាអ្នកបើកបរល្មើសច្បាប់ ដោយបានបើកបរល្មើសភ្លើងក្រហម ត្រូវបានសមត្ថកិច្ចផាកពិន័យ បែរជាខឹង នឹងសមត្ថកិច្ចមិនព្រមយោគយល់ ហើយចោទប្រកាន់សមត្ថកិច្ចថា ជេរប្រមាទមើលងាយ គំរាមគំហែង ជាន់ករាស្ត្រ ស្របពេលប្រជាជនកំពុងតែក្រ ដោយសារវិបត្តិសេដ្ធកិច្ចពិភពលោក តាមពិតជាក់ស្តែងការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺក្នុងគោលបំណង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសចូលរួមការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋទូទៅ ប្រសិនបើមិនចង់ឲ្យសមត្ថកិច្ចធ្វើការផាកពិន័យ សូមចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា នោះសមត្ថកិច្ចមិនឃាត់យានយន្ត និងធ្វើការផាកពិន័យនោះទេ ៕


ចែករំលែកព័តមាននេះ