រាជធានីភ្នំពេញ៖ យ៉ាងហោចណាស់ទំនិញកម្ពុជាចំនួន ៥ ប្រភេទនឹងត្រូវចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ និងគ្រោងចុះបន្ថែមនូវម៉ាកសមូហភាព ក្នុងនោះមាន «ចម្លាក់ប្រាក់ស្ពាន់ខេត្តកណ្តាល» ដែលជាផ្នែកមួយនៃពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យមឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីអភិវឌ្ឍសហគ្រាសរបស់ខ្លួនតាមរយៈគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក ព្រមទាំងបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញសក្តានុពល។
![Picture]()
បើតាមក្រសួងពាណិជកម្មបានឱ្យដឹងថា នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្មក៏កំពុងពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យមឱ្យប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីអភិវឌ្ឍសហគ្រាសរបស់ខ្លួនតាមរយៈគម្រោងកសាងកេរ្តិ៍ឈ្មោះម៉ាក ព្រមទាំងបានចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រ ទំនិញសក្តានុពលដូចជា «ម្រេចកំពត» «ស្ករត្នោតកំពង់ស្ពឺ» «ក្រូចថ្លុងកោះទ្រង់» និង «ទឹកឃ្មុំព្រៃមណ្ឌលគិរី»។
![Picture]()
ជាមួយគ្នានោះក្រសួងពាណិជ្ជកម្ម និងគ្រោងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញបន្ថែមទៀត ដូចជា «អំបិល និងផ្កាអំបិលកំពត» «បង្កងតាកែវ» «ក្តាមថ្មកោះកុង» និង «ទឹកត្រីកំពត» ជាដើម។ ក្រសួងពាណិជ្ជកម្ម ក៏គ្រោងចុះបន្ថែមនូវម៉ាកសមូហភាពដូចជា ៖ «ចម្លាក់ប្រាក់ស្ពាន់ខេត្ត កណ្តាល» «ក្រូចពោធិ៍សាត់» និង «នំបញ្ចុកសៀមរាប» ដែលសមិទ្ធផលទាំងអស់ខាងលើនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ការរក្សាកំណើនសេដ្ឋកិច្ច ពង្រឹងអភិបាលកិច្ចល្អ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា។សូមបញ្ជាក់ថា កន្លងមកក្រសួងពាណិជ្ជកម្មក៏បានចុះបញ្ជីម៉ាកសមូហភាពរួចរាល់មានដូចជា«គុណទាវភ្នំពេញ» «អំបុកកំពង់ធំ» និង«អង្ករព្រះវិហារ»។
![Picture]()
លោក អ៊ុក ប្រជា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៣ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលគ្រូបង្គោលជំនាន់ទី១វគ្គទី២ស្តីពី «កម្មសិទ្ធិបញ្ញា» ដែលរៀបចំនៅខេត្តសៀមរាបបានថ្លែងឱ្យដឹងថា កន្លងមកការធ្វើកំណែទម្រង់រដ្ឋបាលគ្រប់គ្រងរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយបានរៀបចំច្បាប់ និងបទប្បញ្ញត្តិដែលជាកិច្ចការអាទិភាពដើម្បីកែលម្អបរិយាកាសធុរកិច្ចទាក់ទាញការវិនិយោគពីបរទេស និងធ្វើសមាហរណកម្មទៅក្នុងប្រព័ន្ធពាណិជ្ជកម្មពហុភាគី ក្រោមអង្គការពាណិជ្ជកម្មពិភពលោក (WTO)។ ការណ៍នេះបានធ្វើឱ្យច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាបានលេចរូបរាងជាបន្តបន្ទាប់ ដើម្បីធានាការប្រកួតប្រជែងដោយស្មើភាព តម្លាភាព ផ្តល់ការការពារដល់ម្ចាស់កម្មសិទ្ធិបញ្ញាដោយមិនរើសអើង និងផ្តល់ទំនុកចិត្តដល់ប្រទេសនានាក្នុងការស្តាឡើងវិញនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគជាមួយប្រទេសកម្ពុជា។
![Picture]()
លោករដ្ឋលេខាធិការ បញ្ជាក់ថា កន្លងមក យើងបានអនុវត្តច្បាប់ពាក់ព័ន្ធនឹងកម្មសិទ្ធិបញ្ញាដូចជា៖ ច្បាប់ស្តីពី ម៉ាក ពាណិជ្ជនាម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់នៅឆ្នាំ២០០២, ច្បាប់ស្តីពី សិទ្ធិអ្នកនិពន្ធ និងសិទ្ធិប្រហាក់ប្រហែល នៅឆ្នាំ២០០៣, ច្បាប់ស្តីពីប្រកាសនីយបត្រតក្កកម្មវិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍និងគំនូរឧស្សាហកម្ម ២០០៣ និងច្បាប់ស្តីពីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញឆ្នាំ២០១៤ ជាដើម។
![Picture]()
លោក អ៊ុក ប្រជា បានបន្តថា នៅក្នុងក្របខណ្ឌអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ព្រះរាជាណាចក្រកម្ពុជាបានក្លាយសមាជិកនៃពិធីសារទីក្រុងម៉ាឌ្រីដពាក់ព័ន្ធនឹងការចុះបញ្ជីម៉ាកជាអន្តរជាតិឆ្នាំ២០១៥ សមាជិកនៃសន្ធិសញ្ញាសហប្រតិបត្តិការប្រកាសនីយបត្រតក្កកម្ម (The Patent Cooperation Treaty – PCT) ឆ្នាំ២០១៦ និងការចុះអនុសញ្ញាទីក្រុងប៊ែនស្តីពីកិច្ចការពារស្នាដៃអក្សរសាស្ត្រ និងសិល្បៈ ដើម្បីពង្រឹងប្រព័ន្ធកម្មសិទ្ធិបញ្ញារបស់កម្ពុជានៅក្នុងប្រព័ន្ធអន្តរជាតិ ដែលរួមចំណែកទប់ស្កាត់ការក្លែងបន្លំជាលក្ខណៈអន្តរជាតិទប់ស្កាត់ការំលោភបំពានសិទ្ធិម្ចាស់ដើមផ្តល់ភាពងាយស្រួលដល់ការធ្វើធុរកិច្ចក្នុងបរិបទនៃសាកលភាវូបនីយកម្ម និងឌីជីលូបនីយកម្ម ដោយកាត់បន្ថយពេលវេលា និងថ្លៃចំណាយនៃការដាក់ពាក្យចុះបញ្ជីជាលក្ខណៈអន្តរជាតិ។
ទន្ទឹមនឹងនេះ ការក្លាយជាហត្ថលេខីនៃសន្ធិសញាទាំងនោះ នឹងជំរុញឱ្យមានលំហូរវិនិយោគក្នុងវិស័យបច្ចេកវិទ្យាថ្មីព្រមទាំងបង្កើនថ្លៃទ្រព្យកម្មសិទ្ធិបញ្ញាដែលជាស្នាដៃរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងទីផ្សារអន្តរជាតិផងដែរ៕
ចែករំលែកព័តមាននេះ