ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុវជនកាន់តែច្រើន ដាក់ពាក្យប្រឡងចូល​ធ្វើ​ទាហាន!

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ នៅឆ្នាំនេះ បេក្ខជន​ ដែលបានចាប់អារម្មណ៍លើអាជីពជាយោធិន ហើយបាន​ដាក់ពាក្យប្រឡង​ជ្រើសរើសឆ្នាំ២០២៣ នេះ មានបេក្ខជន ចំនួន ៦.៣៩៩នាក់ ក្នុងនោះ…

រាជធានីភ្នំពេញ៖ នៅឆ្នាំនេះ បេក្ខជន​ ដែលបានចាប់អារម្មណ៍លើអាជីពជាយោធិន ហើយបាន​ដាក់ពាក្យប្រឡង​ជ្រើសរើសឆ្នាំ២០២៣ នេះ មានបេក្ខជន ចំនួន ៦.៣៩៩នាក់ ក្នុងនោះ មាននារី​ចំនួន ២.៩៩៨នាក់ ចូលរួមប្រលងប្រជែង នៅតាមមណ្ឌលចំនួន ៤ ក្នុងរាជធានីភ្នំពេញ។ ពិធី​បើក​ការប្រលងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ នេះ បានធ្វើឡើង នៅមណ្ឌលវិទ្យាល័យបាក់ទូក រាជធានីភ្នំពេញ នាព្រឹកថ្ងៃអាទិត្យ ទី៥ ខែមីនា ឆ្នាំ២០២៣។

ក្នុងពិធីបើកការប្រលងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣ ​ដែលមានបេក្ខជន​រហូតដល់ ៦៣៩៩នាក់ ត្រូវបាន​លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​កងយោធពល​ខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា នេះគឺជាមោទកភាពដ៏ធំធេង សម្រាប់កងយោធពលខេមរភូមិន្ទ ក្នុងការទទួលបាននូវការគាំទ្រពីសំណាក់ស្រទាប់យុវវ័យ ដែលជាកម្លាំងបន្តវេន។

លោក​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ត្រូវទុកចិត្តលើសមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួន ជាជាងពឹងផ្អែកលើកត្តាខាងក្រៅខ្លួន ពីព្រោះនេះជាការប្រលងជ្រើសរើសនាយទាហាន ដែលនឹងក្លាយទៅជាថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ នាពេលអនាគត។

​ទន្ទឹមនឹងនេះ លោកឧត្តមសេនីយ៍ ក៏បានមានប្រសាសន៍ក្រើនរំឭកដល់បេក្ខជនឱ្យខិតខំយកចិត្ត​ទុក​ដាក់​លើគ្រប់វិញ្ញាសារនៃការប្រលង រួមមាន៖ ចំណេះដឹងទូទៅ, ភាសាអង់គ្លេស និងវិញ្ញាសារកាយសម្បទា ដែលទាមទារឱ្យបេក្ខជនបង្ហាញសមត្ថភាពឱ្យអស់លទ្ធភាព ដើម្បីទទួលបានឱកាសចូលរៀននៅតាមបណ្តាសាលានាយទាហាន ទៅតាមចំណាត់ថ្នាក់ និងសន្ទស្សន៍នៃចំនួនជ័យលាភីដែលបានកំណត់។

ជាចុងក្រោយ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានផ្តាំផ្ញើឱ្យបេក្ខជនទាំងអស់ទុកចិត្ត​លើសមត្ថភាព និងចំណេះដឹងផ្ទាល់ខ្លួន ជាជាងពឹងផ្អែកលើកត្តាខាងក្រៅខ្លួន ពីព្រោះនេះ​ជាការ​ប្រលងជ្រើសរើសនាយទាហាន ដែលនឹងក្លាយទៅជាថ្នាក់ដឹកនាំនៃកងយោធពលខេមរភូមិន្ទ នាពេលអនាគត។

ជាមួយនេះផងដែរ ឯកឧត្តម ឧត្តមសេនីយ៍ ក៏បានថ្លែងអំណរគុណដល់អនុគណៈកម្មការរៀបចំ​ការ​ប្រលង​ជ្រើសរើសនាយទាហានឆ្នាំ២០២៣, សាលារាជធានីភ្នំពេញ និងអាជ្ញាធរមានសមត្ថកិច្ច​គ្រប់ផ្នែក ដែលបានខិតខំប្រឹងប្រែងយ៉ាងសកម្ម និងប្រកបដោយការទទួលខុសត្រូវ ដើម្បីធានាធ្វើ​យ៉ាងណា ឱ្យការប្រលងជ្រើសរើសនាយទាហាននៃកងយោធពលខេមរភូមិន្ទឆ្នាំ២០២៣ អាចដំណើរការដោយសុក្រឹត យុត្តិធម៌ និងជោគជ័យ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២៣ នេះ ក្រសួងការពារជាតិ បានកំណត់សន្ទស្សន៍នៃការជ្រើសរើសនាយ​ទាហានសកម្ម ជំនាន់ទី២៥ ចំនួន ១០០ នាក់, នាយទាហានទ័ពជើងគោកជំនាន់ទី១៣ ចំនួន ១០០នាក់, នាយទាហានបន្តវេនជំនាន់ទី១៤ ចំនួន ១៥០នាក់ និង នាយទាហានជំនាញបច្ចេក​ទេស​យោធា ចំនួន ៣០នាក់៕ សុខ សារ៉ាយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ