ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោងដឹក​ជញ្ជូន​តាម​ផ្លូវទឹក ត​ភ្ជាប់​ពី​ទន្លេបាសាក់ ទៅ​​កំពង់​ផែ​សមុទ្រ នឹង​កែប្រែ​មុខមាត់​កម្ពុជា​លើ​ឆាក​អន្តរជាតិ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​ការ​សិក្សា​សមិទ្ធ​លទ្ធភាព​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុ​ភារ​កម្ម​ទន្លេបាសាក់ បង្ហាញ​ថា គ្មាន​បញ្ហា​ចោទ​ឡើយ ទាំង​បច្ចេកទេស បរិស្ថាន និង​ច្បាប់ទម្លាប់ ខណៈ​គម្រោង​នេះ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​ក្លាយជា​កម្លាំង​ច​លករ កែប្រែ​មុខមាត់ វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​របស់​កម្ពុជា លើ​ឆាក​អន្តរជាតិ និង​ផ្តល់​ផល​ចំណេញ​ខ្ពស់​ដល់​សេដ្ឋកិច្ចជាតិ នេះ​បើ​តាម​ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។

ឯកឧត្តម​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​លើក​ឡើង​កិច្ចប្រជុំ​ពិភាក្សា រវាង​អគ្គនាយកដ្ឋាន​ដឹក​ជញ្ជូន​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់​ផែ និង​ក្រុមហ៊ុន​សាជីវកម្ម​ស្ពាន និង​ថ្នល់​ចិន (CRBC) នៅ​ព្រឹក​ថ្ងៃ​ទី​៣ ខែមីនា ឆ្នាំ​២០២៣ ពិភាក្សា​អំពី​លទ្ធផល នៃ​ការ​សិក្សា​សមិទ្ធិ​លទ្ធភាព​លើ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុ​ភារ​កម្ម​ទន្លេបាសាក់ ដែល​បាន​សិក្សា​លម្អិត ដោយ​ក្រុមហ៊ុន CCCC Water Transportation Consultants Co., Ltd ហើយ​មក​ដល់​ពេល​នេះ ការ​សិក្សា​សមិទ្ធិ​លទ្ធភាព នៃ​គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុ​ភារ​កម្ម​ទន្លេបាសាក់ ស្ទើរតែ​រួចរាល់ និង​គ្រប់​ជ្រុងជ្រោយ​ទាំងស្រុង ទៅ​តាម​បទដ្ឋាន​បច្ចេកទេស និង​អនុសញ្ញា​អន្តរជាតិ ដែល​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ។

ឯកឧត្តម បន្ត​ថា នៅ​ក្នុង​ការ​សិក្សា​នេះ គ្រប់​ភាគី​ពាក់ព័ន្ធ បាន​ធ្វើការ​ជាក់ស្តែង​នៅ​នឹង​ទីតាំង​មូលដ្ឋាន ដោយ​បាន​សហការ​គ្នា​ពិនិត្យ​ពិភាក្សា ដោយ​យកចិត្តទុកដាក់​លើ​ការងារ​បច្ចេកទេស​សំខាន់​ៗ រួម​ទាំង​បាន​ពិនិត្យ​យ៉ាង​ល្អិតល្អន់ ចំពោះ​លទ្ធផល នៃ​ការ​វិភាគ និង​ការ​វាយតម្លៃ​ផល​ប៉ះពាល់​នានា លើ​គ្រប់​ប្រភេទ​ហេដ្ឋារចនាសម្ព័ន្ធ​រូប​វ័​ន្ត ដែល​អាច​រង​ផល​ប៉ះពាល់​ដោយសារ​ការ​អភិវឌ្ឍ នៃ​គម្រោង​។ ជាមួយ​គ្នា​នេះ លទ្ធផល នៃ​ការ​សិក្សា​ផ្នែក​ជល​សាស្ត្រ ក៏​ដូច​ជា​ផ្នែក​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏​បាន​បញ្ចប់​សព្វគ្រប់ និង​លើកយក​មក​បង្ហាញ​ជូន​អង្គប្រជុំ​នា​ឱកាស​នេះ​ផង​ដែរ ។

គម្រោង​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុ​ភារ​កម្មនេះ មាន​ប្រវែង​សរុប​ប្រមាណ ១៨០​គីឡូម៉ែត្រ ត​ភ្ជាប់​ពី​ទន្លេបាសាក់ ទៅ​កាន់​កំពង់​ផែ​សមុទ្រ នៃ​ខេត្តកំពត បើ​តាម​លទ្ធផល​សិក្សា​សមិទ្ធិ​លទ្ធភាព​ទាំង​ដំណាក់កាល​ទី​១ និង​ទី​២ បាន​បង្ហាញ​ឱ្យ​ឃើញ​ថា មិន​មាន​ចោទ ជា​បញ្ហា​ឡើយ ទាំង​ផ្នែក​បច្ចេកទេស បរិស្ថាន និង​ច្បាប់ទម្លាប់ ។

ទន្ទឹម​នឹង​នេះ​ដែរ គម្រោង​ត្រូវ​បាន​អ្នកជំនាញ​ព្យាករណ៍​ថា នឹង​ផ្តល់​ផល​ចំណេញ សម្រាប់​សេដ្ឋកិច្ចជាតិ ជា​ពិសេស​ចំពោះ អត្រា​ចំណេញ​ត្រឡប់​មក​វិញ​ផ្នែក​ហិរញ្ញវត្ថុ (Financial Internal Rate of Return – FIRR) និង​អត្រា​ចំណេញ​ត្រឡប់​មក​វិញ ផ្នែក​សេដ្ឋកិច្ច (Economic Internal Rate of Return – EIRR) ឃើញ​ថា មាន​កម្រិត​ខ្ពស់​ជាង​គម្រោង​អភិវឌ្ឍន៍​ការ​ដឹក​ជញ្ជូន​ផ្សេង​ៗ តាម​រយៈផ្លូវ គោក និង​ផ្លូវដែក ។

ភាគី​ក្រុមហ៊ុន និង​អគ្គនាយកដ្ឋាន​ជំនាញ នឹង​រៀបចំ​ចងក្រង​របាយការណ៍​ការ​សមិទ្ធិ​លទ្ធភាព​នេះ ដោយ​មាន​រួម​បញ្ចូល​នូវ​ផែនការមេ ផែនការ​សកម្មភាព និង​ផែនការ​អាទិភាព ដើម្បី​ដាក់​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​អន្តរក្រសួង ដឹកនាំ​ដោយ ឯកឧត្តម​ទេស​រដ្ឋមន្ត្រី មុន​នឹង​រៀបចំ​ដាក់​ជូន​ទៅ​ទីស្តីការគណៈរដ្ឋមន្ត្រី នា​ពេល​បន្ទាប់ ។

សូម​បញ្ជាក់​ថា គម្រោង​ប្រព័ន្ធ​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុ​ភារ​កម្ម​ទន្លេបាសាក់ ត្រូវ​បាន​សិក្សា​ឡើង ក្នុង​គោលបំណង ដើម្បី​ជំរុញ​វិស័យ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​របស់​កម្ពុជា ឱ្យ​មាន​សន្ទុះ​កើនឡើង មាន​ប្រសិទ្ធភាព​ខ្ពស់​ថែម​មួយ​កម្រិត​ទៀត​។ ទន្ទឹម​គ្នា​នេះ​ដែរ គម្រោង​នេះ ត្រូវ​បាន​រំពឹង​ទុក​ថា នឹង​អាច​ជួយ​កាត់​បន្ថយ​ការ​ចំណាយ​លើ​ថ្លៃដើម នៃ​ការ​ដឹក​ជញ្ជូន និង​ភស្តុ​ភារ​កម្ម​របស់​កម្ពុជា​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព និង​គុណភាព​ខ្ពស់​ជាង​មុន ។

លើស​ពី​នេះ​ទៅ​ទៀត ប្រព័ន្ធ​ផ្លូវ​នាវាចរណ៍ និង​ប្រព័ន្ធ​ភស្តុ​ភារ​កម្ម​ទន្លេបាសាក់ នឹង​ជួយ​កាត់​បន្ថយ​សម្ពាធ​ជា​អតិបរមា នៃ​ការ​ដឹក​ជញ្ជូន​ធុន​ធ្ងន់​តាម​ផ្លូវថ្នល់ ព្រមទាំង​ផ្តល់​ភាព​ងាយស្រួល​ធ្វើ​សមាហរណកម្ម​ផ្ទៃក្នុង​ប្រទេស ជួយ​ពង្រឹង និង​ពង្រីក​កា​រត​ភ្ជាប់​ជាមួយ​តំបន់ និង​អន្តរជាតិ​តាម​រយៈ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ផ្លូវ​សមុទ្រ និង​កំពង់​ផែ ឱ្យ​កាន់តែ​ងាយស្រួល មាន​ភាព​រលូន និង​មាន​ប្រសិទ្ធភាព​ជាង​មុន​ផង​ដែរ ៕