ខេត្តតាកែវ ៖ រហូតមកដល់នឹងពេលនេះ គឺមានរយៈពេលជាង១ខែកន្លងមកហើយ ករណីរឿងវា.យសម្លា.ប់មនុស្សនោះ តែសមត្ថកិច្ចមូលដ្ឋានហាក់បីដូចជាមិនបានខ្នះខ្នែង ស្រាវជ្រាវចាប់ខ្លួនក្រុមជនដៃដល់យកមកផ្តន្ទាទោស ដើម្បីអោយក្រុមគ្រួសារជនរងគ្រោះបានស្ងប់ចិត្តឡើយ បើទោះបីជាបានដឹងថា មានជនសង្ស័យចំនួន៣នាក់មានជាប់ពាក់ព័ន្ធក្នុងករណីនេះហើយក៏ដោយនោះ។
អាណាព្យាបាលជនរងគ្រោះ ក្នុងករណីឃា.តកម្មនេះ បានប្រាប់កោះសន្តិភាពយើងអោយដឹងនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះថា សុំអោយសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ជាពិសេសសមត្ថកិច្ចស្រុកត្រាំកក់ផ្ទាល់ សូមជួយរកយុត្តិធម៌អោយពួកគាត់ផង និងជួយពន្លឿន ដើម្បីវែកមុខជនដៃដល់យកមកផ្តន្ទាទោសតាមច្បាប់ ព្រោះរឿងនេះបានកើតឡើងជាង១ខែកន្លងទៅហើយ។
លោក សុខ សំអឿន អាយុ៦២ឆ្នាំ ត្រូវជាជីតារបស់ស.ពជនរងគ្រោះ រស់នៅភូមិស្រង៉ែ ឃុំឧត្តមសូរិយា ស្រុកត្រាំកក់ ខេត្តតាកែវ បានអោយដឹងថា ចៅប្រុសរបស់គាត់ឈ្មោះ គង់ ចំរើន អាយុ២០ឆ្នាំ រស់នៅក្នុងបន្ទុក ត្រូវបានក្រុមជនដៃដល់ដែលមានគ្នាចំនួន៣ទៅ៤នាក់ព្រួតគ្នាវា.យសម្លា.ប់ដោយដុំថ្មនៅយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២យប់រំលងអធ្រាត្រ នៅលើផ្លូវជាតិលេខ៣ ខាងត្បូងស្ពានស្លាគូ ចន្លោះគីឡូម៉ែត្រលេខ៦៧ ស្ថិតក្នុងឃុំឧត្តមសូរិយា ស្រុកត្រាំកក់។

ដោយក្រោយពេលកើតហេតុ ប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំ បានចុះធ្វើកំណត់ហេតុ ហើយគាត់ក៏បានដាក់ពាក្យបណ្តឹងទៅប៉ុស្តិ៍ ដើម្បីស្រាវជ្រាវចាប់ជនដៃដល់ផងដែរ តែហាក់បីដូចជាស្ងាត់ឈឹង ដោយលោកមេប៉ុស្តិ៍រដ្ឋបាលឃុំ មិនធ្វើ និងសង្ស័យមានបំណងទុកចោលមិនចាត់ការ ឬស្រាវជ្រាវរកមុខជនដៃដល់តែម្តង។
អាណាព្យាបាលជនរងគ្រោះបាននិយាយទាំងអស់សង្ឃឹមថា ជនដៃដល់មិនពិបាកស្រាវជ្រាវរកនោះទេ បើសិននគរបាលប៉ុស្តិ៍រដ្ឋបាលឃុំ និងស្រុកត្រាំកក់ ចង់ចាប់ខ្លួនជនដៃដល់ គឺចាប់ខ្លួនអ្នកដែលដឹកស.ពកូន ឬចៅរបស់គាត់យកមកដល់ផ្ទះនោះ គឺដឹងហើយ មិនគួរទុកចោលសំណុំរឿងឃា.តកម្មនេះសោះ ព្រោះអូសបន្លាយពេលជាង១ខែទៅហើយ។
លោកគៀត ស៊ីណា មេប៉ុស្តិ៍រដ្ឋបាលឃុំឧត្តមសូរិយា ស្រុកត្រាំកក់ បានប្រាប់កោះសន្តិភាពយើងនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ តាមទូរស័ព្ទថា នៅពេលនេះលោកកំពុងប្រជុំនៅសាលាឃុំ។
ចំណែកលោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានប្រាប់កោះសន្តិភាពយើងតាមទូរស័ព្ទថា ករណីឃា.តកម្មខាងលើនេះ យើងកំពុងតែធ្វើការស្រាវជ្រាវដើម្បីចាប់ខ្លួនក្រុមជនដៃដល់ ដោយសាររឿងនេះបានកើតឡើងនៅម៉ោង២យប់រំលងអធ្រាត្រទៅហើយ។
អធិការនគរបាលស្រុកត្រាំកក់ បន្តថា ហើយមិត្តភក្តិរបស់ជនរងគ្រោះដែលដឹកសាកស.ពជនរងគ្រោះមកដល់ផ្ទះអោយឪពុកម្តាយក្រុមគ្រួសារនោះ យើងមានការសង្ស័យ និងបានហៅមកសាកសួរចំនួន៣នាក់ដែរ តែជនទាំង៣នាក់មិនសារភាព ដោយឆ្លើយថា «មិនដឹង» ទើបយើងដោះលែងវិញទៅ ដូច្នេះរឿងនេះ យើងកំពុងតែធ្វើ និងស្រាវជ្រាវ ដើម្បីចាប់ខ្លួនក្រុមជនដៃដល់យកមកផ្តន្ទាទោសអោយទាល់តែបាន ព្រោះយើងមានពន្លឺខ្លះៗហើយ។
ចែករំលែកព័តមាននេះ