កំពង់ផែទឹកជ្រៅខេត្តកំពត អាចផ្ទុកទម្ងន់ចុះចត១៥ម៉ឺនតោន និងជួយលើកកម្ពស់ជីវភាពពលរដ្ឋក្នុងខេត្ត
- កំពត
ខេត្តកំពត ៖ អភិបាលនៃគណៈអភិបាលខេត្តកំពតបានបញ្ជាក់ឲ្យដឹងថា កំពង់ផែទឹកជ្រៅខេត្តកំពតដែលកំពុងសាងសង់អាចផ្ទុកទម្ងន់សរុបបាន១៥ម៉ឺនតោន និងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងខេត្ត។

ថ្លែងក្នុងសន្នីសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីពេលថ្មីៗកន្លងមកនេះ ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពតបានលើកឡើងពីការវិវត្តន៍នៃការសាងសង់កំពង់ផែទឹកជ្រៅក្នុងខេត្តកំពតថា កំពង់ផែននេះអាចផ្ទុកទម្ងន់១៥ម៉ឺនតោន។

ឯកឧត្តមបានបន្តថា កំពង់ផែននេះបានកំពុងដំណើរការសាងសង់ ហើយពេលកំណត់ រួចរាល់ក៏បានកំណត់រួចហើយ ប៉ុន្តែការសាងសង់ក៏បណ្តាលមកពីកត្តាអាកាសធាតុផងដែរ។
ឯកឧត្តមបានគូសបញ្ជាក់ថា ៖«កំពង់ផែទឹកជ្រៅខេត្តកំពតនេះ គឺជាកំពង់ផែដែលមានចំណុះធំសម្រាប់ប្រទេសកម្ពុជា ហើយមានទីតាំងនៅខេត្តកំពតនឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋកើនឡើង»។

ឯកឧត្តមអភិបាលខេត្តក៏បានឲ្យដឹងថា សម្រាប់ប្រជាពលរដ្ឋក្នុងមួយម្នាក់ទទួលបានផលិតផលក្នុងស្រុកសរុប(GDP)១៨១៥ដុល្លារអាមេរិក។ នៅពេលកំពង់ផែនេះ សាងសង់រួចរាល់ជាស្ថាពរនឹងធ្វើឲ្យជីវភាពប្រជាពលរដ្ឋកាន់តែកើនឡើងបន្ថែមទៀតផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានលើកឡើងពីវិវាទដីធ្លីរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពតផងដែលភាគច្រើនវិវាទនោះ គឺជំនាស់ព្រំដីដែលភាគីទាំងសងខាងតែងតែចង់ឈ្នះចាញ់គ្នា ប៉ុន្តែវិធីដោះស្រាយនោះ គឺដោះស្រាយតាមវិធីក្រៅប្រព័ន្ធ និងឲ្យខាងមន្ត្រី ទំនាញសូរិយោដីយកប្លង់ទាំងពីមកធ្វើការផ្ទៀងផ្ទាត់ និងបញ្ជាន់គ្នា រួចហើយបោះបង្គោលទាំងសងខាង គឺចប់ហើយ។
វិវាទដីធ្លីនេះដែរ ឯកឧត្តមក៏បានបញ្ជាក់ថា ៖«វិវាទដីធ្លីមានច្រើនប្រភេទសណ្ឋានណាស់ និងអាស្រ័យទៅតាមករណីវិវាទដោះស្រាយ ប៉ុន្តែយើងត្រូវដោះស្រាយតាមការជាក់ស្តែង»។ ឯកឧត្តមថា នៅក្នុងខេត្តកំពតមានប្រជាពលរដ្ឋប្រជាពលរដ្ឋប្រមាណ១៧ម៉ឺនគ្រួសារ ។

សូមជម្រាបថាកំពង់ទឹកជ្រៅកម្រិតអន្តរជាតិដ៏ថ្មីសន្លាងមួយមានទុនវិនិយោគ ១,៥០០លានដុល្លារអាមេរិក នៅក្នុងខេត្តកំពតត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការ ក្រោមអធិបតីរបស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេ ជោ ហ៊ុន សែន អមដំណើរដោយ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន។
កំពង់ផែកម្រិតអន្តរជាតិដែលមានផ្ទៃដីរហូតដល់ទៅ ៦០០ហិកតានេះ ត្រូវបានរំពឹងថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ថា កំពង់ផែពហុបំណងកំពតនឹងក្លាយជាកំពង់ផែទឹកជ្រៅធំមួយទៀតនៅកម្ពុជា និងដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន។ គម្រោងនេះនឹងជួយបំពេញបន្ថែមទៅលើកំពង់ផែដែលមានស្រាប់ដូចជា ៖ កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ហើយក្រសួងមានផែនការបើក ការដ្ឋានសាងសង់ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ នៅក្នុងពេលដ៏ខ្លីខាងមុខ ដែលនឹងមានអំណោយផលល្អ ក្នុងការតភ្ជាប់កំពង់ផែពហុបំណងកំពតជាមួយតំបន់ផ្សេងៗនៅទូទាំង ប្រទេស និងជាមួយប្រទេសជិតខាង។

កំពង់ផែពហុបំណងកំពត មានកត្តាអំណោយផលពីធម្មជាតិរួមមាន៖ ជាតំបន់សមុទ្រទឹកជ្រៅពុំសូវរងផលប៉ះពាល់ពីគ្រោះធម្មជាតិដោយមានរបាំងការពារព្យុះរលកពីកោះថ្មីកោះសេះ និងកោះត្រល់ ជាពិសេសក្រុមហ៊ុនក៏បានសាងសង់ឃ្លងនាវាចរណ៍រួចជាស្រេចផងដែរ។
ទីតាំងគម្រោងនេះ ស្ថិតនៅក្នុងតំបន់ដែលមានអំណោយផលក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។

ជាពិសេស គម្រោងនេះ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេសចរណ៍ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។

បើទេសរដ្ឋមន្ត្រីបានឲ្យដឹងថា ចំពោះទីតាំងកំពង់ផែពហុបំណងមានជម្រៅទឹកប្រមាណ១៥ម៉ែត្រ និងអាចឱ្យនាវាចំណុះ១០០.០០០ តោនអាចចូលចតបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ៣០០.០០០ TEU នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០០.០០០ TEU នៅក្នុងឆ្នាំ២០៣០៕
ចែករំលែកព័តមាននេះ