ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អកុសល​ គ្រោះ​មក​ដល់​ ក៏​ត្រូវ​អស់​ជីវិត​..!

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​កូន​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​បណ្តាល​ឱ្យ​កូនរង​របួស​បែក​មាត់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ស្រវឹងស្រា​ជិះ​ម៉ូតូឌុប​ប្រពន្ធ និង​កូន​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​បណ្តាល​ឱ្យ​កូនរង​របួស​បែក​មាត់ និង​ពក​ក្បាល ភ្លាម​នោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​លើក​កូន​ជិះ​ម៉ូតូឌុប​ដឹក​កូន​ទៅ​ព្យាបាល​នៅ​ពេទ្យ​ហើយ​ទុក​ឱ្យ​ប្តី​ជិះ​ម៉ូតូ​តែ​ម្នាក់ឯង​តាម​ក្រោយ  ខណៈនោះ​បុរស​ជា​ប្តី​ជិះ​ប្រញាប់​ទៅ​មើល​កូន​នៅ​មន្ទីរពេទ្យ​បាន​បើក​ឆ្លងផ្លូវ​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ដួល​បោក​ទៅ​នឹង​ថ្នល់​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធម៌ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ តាម​បណ្តោយ​ផ្លូវ​២០១១ ស្ថិត​ក្នុង​សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ ។ 

ជន​រង​គ្រោះ​ដែល​ស្លាប់​មានឈ្មោះ ខុន ពិ​សិទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​មេការ​ដំឡើង​គ្រឿង​សង្ហា​រឹម ស្នាក់​នៅ​ភូមិ​ច្រេះ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​នៅ​ភូមិ​បូស​ខ្នោ ស្រុក​ចំការលើ ខេត្តកំពង់ចាម  មាន​ប្រពន្ធ​ឈ្មោះ ហី​ម មា​ឡៃ អាយុ​២៦​ឆ្នាំ មុខរបរ​ជា​អ្នក​ដាំបាយ​ក្នុង​ក្រុមហ៊ុន​ស្នាក់​នៅ​ជាមួយ​គ្នា និង​មានកូន​ប្រុស​ម្នាក់​ទៀត អាយុ​៣​ឆ្នាំ ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​១DF-១៩៨៩ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​ហេតុ​បានឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រង​គ្រោះ​ជិះ​ម៉ូតូ​ខាងលើ​ក្នុង​ស្ថានភាព​ស្រវឹងស្រា​ឌុ​ប​ប្រពន្ធ និង​កូន​ពីក្រោយ​ដោយ​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២០១១​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លុះ​ជិះ​មក​ដល់​ចំណុច​ខាង​មុខ​ផ្សារ​ឈូក​មាស​ក៏​បាន​ជ្រុល​ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​បណ្តាល​ឲ្យ​ម៉ូតូ​ដួល​រង​របួស​កូនប្រុស​បែក​មាត់ និង​ពក​ក្បាល ចំណែក​រថយន្ត​មិន​ចង់​មានរឿង​វែង​ឆ្ងាយ​ក៏​បន្តដំណើរ​ទៅ​បាត់​ដោយ​មិន​ទាមទារ​សំណង់​អ្វី​ពី​បុរស​រង​គ្រោះ​នោះ​ទេ ។ បន្ទាប់​មក​ស្ត្រី​ជា​ប្រពន្ធ​បុរស​រង​គ្រោះ​បាន​ទុក​ប្តី​ចោល ហើយ​ឡើង​ជិះ​ម៉ូតូឌុប​ដឹក​កូន​យក​ទៅ​ព្យាបាល​នៅ​មន្ទីរ​សំរាក​ព្យាបាល​និង​សម្ភព​ផ្សារ​ឈូក​មាស ។ ក្រោយមក​បុរស​រង​គ្រោះជា​ប្តី​បាន​លើក​ម៉ូតូ​បំណង​ជិះ​តាម​ទៅ​មើល​ប្រពន្ធ និង​កូន តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​នោះ​ឃាត់​មិន​ឱ្យ​បន្តដំណើរ​ទៅ​មុខ​ទៀត ព្រោះ​ខ្លាច​មាន​គ្រោះថ្នាក់​ទោះជា​ប្រជាពលរដ្ឋ​ព្យាយាម​ឃាត់​យ៉ាងណា​ក៏​បុរស​រង​គ្រោះ​នៅ​តែ​មិន​ស្តី​ហើយ​បាន​ជិះ​ម៉ូតូ​បន្តដំណើរ​ទៅ​មុខ​ទៀត​ក្នុង​ល្បឿន​បោះពួយ​យ៉ាង​លឿន​ព្រោះ​ប្រញាប់​ទៅ​មើល​កូន ។ លុះ​មក​ដល់​ចំណុច​កើតហេតុ​បុរស​រង​គ្រោះ​បាន​បើក​ម៉ូតូ​បត់​ឆ្វេង​ឆ្លងផ្លូវ​ចូល​គ្លីនិក​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​មួយ​គ្រឿង​ទៀត​មិន​ចាំ​ម៉ាក​ដែល​បើកបរ​បញ្ច្រាសទិស​ចំពាក់​កណ្តាល​ពេញទំហឹង​បណ្តាល​ឲ្យ​បុរស​រង​គ្រោះ​បោក​ទៅ​នឹង​ថ្នល់​ស្លាប់​ភ្លាម​ៗ​នឹង​កន្លែង​កើតហេតុ រីឯ​ម៉ូតូ​រង​ការ​ខូចខាត​បែក​ចង្កៀង និង​ក្បាំង ចំណែកឯ​រ៉ឺ​ម៉ក​ម៉ូតូ​បាន​ព្យាយាម​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ។ 

ក្រោយ​ពេល​កើតហេតុ​ស្ត្រី​ជា​ប្រពន្ធ​បាន​រត់​បីកូន​ប្រុស​មក​កន្លែង​កើតហេតុ​រួម​ទាំង​សាច់ញាតិ​របស់​ជន​រង​គ្រោះ​ហើយ​បាន​ស្រែក​ទ្រហោយំ​គួ​ឱ្យ​សោក​សង្វេគ​ជា​ខ្លាំង​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​ចោមរោម​មើល​យ៉ាងច្រើន ។ បន្ទាប់​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ខណ្ឌ​សែន​សុខ​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​ធ្វើ​កំណត់ហេតុ​ហើយ​បាន​ប្រគល់​សព​បុរស​រង​គ្រោះ​រួម​ទាំង​ម៉ូតូ​ទៅ​សាច់ញាតិ​ក្រុម​គ្រួសារ​ដឹក​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​វត្ត​ក្រាំងធ្នង់ ៕