ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​អាហ្វ្រិក​មួយទៀត​ប្រកាស​បញ្ចប់​ប្រតិបត្តិការ​យោធា​បារាំង

2 ឆ្នាំ មុន

ប្រទេស​បួ​គី​ណា​ហ្វា​សូ ៖ កងទ័ព​បួ​គី​ណា​ហ្វា​សូ​ប្រកាស​ពី​ការ​បញ្ចប់​ប្រ​តិ​ប​តិ្ត​ការ​យោធា​របស់​កងទ័ព​

ប្រទេស​បួ​គី​ណា​ហ្វា​សូ ៖ កងទ័ព​បួ​គី​ណា​ហ្វា​សូ​ប្រកាស​ពី​ការ​បញ្ចប់​ប្រ​តិ​ប​តិ្ត​ការ​យោធា​របស់​កងទ័ព​បារាំង​នៅ​លើ​ដែនដី​ខ្លួន ប៉ុន្មាន​ស​ប្ដា​ហ៍​ក្រោយ​ពី​រដ្ឋាភិបាលបណ្ដោះអាសន្ន​ប្រទេស​នេះ បរិហារ​បណ្ដា​កិច្ចព្រមព្រៀង​ការពារ​ទាក់ទិន​ប្រទេស​ទាំង​២ ដែល​ទំនាក់ទំនង​កំពុង​មានការ​ស្រុត​ចុះ​ខ្លាំង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​។

សេនាធិការដ្ឋាន​កងទ័ព​បួ​គី​ណា​ហ្វា​សូ​ និង​ទីបញ្ជាការដ្ឋាន​កងកម្លាំង​TASK FORCE SABRE​បារាំង បាន​ប្រារព្ធ​ធ្វើ​កាលពី​ថ្ងៃ​ទី​១៨​ កុម្ភៈ​ ពិធី​ដក​ទង់ជាតិ​បារាំង​ចេញ នៅ​មូលដ្ឋាន​យោធា​BILA ZAGRE ជាយ​រដ្ឋធានី​អាវ​ហ្គា​ឌូ​ហ្គូ ជា​ពិធី​តំណាង​ឲ្យ​ការ​បញ្ចប់​ជា​ផ្លូវការ​ប្រតិបត្តិការ​របស់​កងកម្លាំង​TASK FORCE SABRE​បារាំង នៅ​លើ​ដែនដី​បួ​គី​ណា​ហ្វា​សូ​។

ចំនួន​កង​ទាហាន​បារាំង​ស្ថិត​នៅ​បួ​គី​ណា​ហ្វា​សូ​ គេ​មិន​បានដឹង​ច្បាស់​ឡើយ មក​ដល់​យប់​ថ្ងៃ​ទី​១៩​កុម្ភៈ តែ​តាម​ព័ត៌មាន​នានា​ថា​ទាហាន​បារាំង​ភាគច្រើន​បាន​ចាកចេញ​រួច​ហើយ​។ បារាំង​ជា​អតីត​អាណានិគម​លើ​បួ​គី​ណា​ហ្វា​សូ បាន​បញ្ជូន​កងទ័ព​មក​កាន់​ប្រទេស​នេះ ដើម្បី​ជួយ​ប្រយុទ្ធ​ប្រឆាំង​ពួក​ជី​ហា​ដ​ក្រុម​អាល់​កៃ​ដា​និង​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​។ តែ​ប្រជាជន​ប្រទេស​នេះ​ហាក់​កាន់តែ​មិន​សប្បាយចិត្ត​ចំពោះ​វត្តមាន​យោធា​នោះ និង​មាន​អារម្មណ៍​ប្រឆាំង​បារាំង​។

រដ្ឋាភិបាល​ប្រទេស​នេះ​ទុក​ពេល​១​ខែ​ក្នុង​ការ​ដក​ចេញ ក្រោយ​ការ​ប្រកាស​ពី​ការ​បញ្ចប់​វត្តមាន​កង​ទាហាន​បារាំង​។ ពលរដ្ឋ​បួ​គី​ណា​ហ្វា​សូ ​ច្រើន​ពាន់​នាក់​ក្រោយ​ការ​ប្រកាស​នេះ បាន​នាំ​គ្នា​ធ្វើ​បាតុកម្ម​នៅ​រដ្ឋធានី​សម្ដែង​ការ​គាំទ្រ​ចំពោះ​ប្រមុខ​របប​យោធា​និង​អធិបតេយ្យភាព​របស់​ប្រទេស​។

ប្រទេស​នោះ​ដែល​ជួប​ប្រទះ​អំពើ​ហិ.ង្សា​បង្ហូរឈា.ម ជាប់​មិន​ដាច់​និង​កាន់តែ​សាហា.វ​ក៏​ដោយ ទោះបី​មាន​វត្តមាន​យោធា​បារាំង អះអាង​នា​ពេល​នេះ​ថា​ គេ​ចង់​ស្វែងរក​ដៃគូ​ថ្មី​ៗ​មក​ជួយ​ការពារ​សន្តិសុខ​ហើយ​ហាក់ដូចជា​ចាប់អារម្មណ៍​លើ​រុ​ស្ស៊ី​ពិសេស​ក្រុម​ទាហាន​ស៊ី​ឈ្នួល​រុ​ស្ស៊ី WAGNER ដូច​នៅ​ម៉ា​លី​និង​អាហ្វ្រិក​កណ្ដាល​ដែរ​៕