ខេត្តប៉ៃលិន ៖ រហូតមកដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានដឹកនាំក្រុមការងារ និងមន្ទីរជំនាញ ចុះពិនិត្យការដាំដុះដំណាំបន្លែប្រជាពលរដ្ឋតាមសហគមន៍ ស្ថិតក្នុងស្រុកសាលាក្រៅ និងលើកទឹកចិត្តឱ្យពួកគាត់ដាំដំណាំបន្លែ ដែលគ្មានសារធាតុគីមី ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ ដែលទិញយកទៅទទួលទានប្រចាំថ្ងៃ។
![Picture]()
លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តបានថ្លែងថា ៖ រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យពលរដ្ឋដាំដុះបន្លែបង្ការដែលមានរយៈពេលខ្លីបន្ថែមពីលើការធ្វើស្រែចម្ការ ហើយនាំគ្នាប្រើជីធម្មជាតិ ដើម្បីសុខុមាលភាពអ្នកហូ ខណៈបន្លែអាចផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក។ ការខិតខំដាំដុះនេះ បានផ្តល់នូវផលចំណេញ ដោយមិនត្រឹមតែសម្រាប់បំពេញតម្រូវការហូបចុកក្នុងក្រុមគ្រួសារប៉ុណ្ណោះទេ ប៉ុន្តែវាអាចលក់ចេញទៅកាន់ទីផ្សារ ដើម្បីទទួលបានប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពក្រុមគ្រួសារ។
![Picture]()
លោកជំទាវបានបន្តថា សព្វថ្ងៃនេះ រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងកសិកម្មបានខិតខំប្រឹងប្រែងក្នុងការចងក្រងឯកសារ ដើម្បីបណ្តុះបណ្តាលដល់សហគមន៍កសិករ ហើយក៏បានជួយផ្តល់អ្នកជំនាញទៅបណ្តុះបណ្តាលដល់មូលដ្ឋានផ្ទាល់ផងដែរ ធ្វើយ៉ាងណាឱ្យការដាំដុះរបស់បងប្អូនទទួលបានផលច្រើន ចំណាយតិច ហើយមានសុវត្ថិភាពដល់អ្នកប្រើប្រាស់ ក៏ដូចជាអ្នកដាំផ្ទាល់ និយាយជារួមគឺឱ្យកសិករធ្វើការដាំដុះកាត់បន្ថយការប្រើប្រាស់ជីគីមី។
![Picture]()
ជុំវិញការលើកទឹកចិត្តឱ្យមានការដាំដុះនេះលោកសាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានលើកឡើងថា បច្ចុប្បន្នទីផ្សារបន្លែល្អ ដាំបានគឺឈ្មួញកណ្តាលប្រមូលយកអស់ៗ មានពេលខ្លះប្រជាកសិករ សឹងតែផលិតមិនទាន់សម្រាប់បំពេញទីផ្សារថែមទៀតផង ដោយក្នុងនោះបន្លែទាំងអស់ដែលផលិតបានក្រៅតែពីលក់ក្នុងមូលដ្ឋានគឺមួយចំនួនធំត្រូវនាំទៅផ្គត់ផ្គង់ទីផ្សារនៅឯខេត្តនានាជាប់ព្រំប្រទល់ខេត្តប៉ៃលិន និងមានទៅដល់ រាជធានីភ្នំពេញ ពិសេសនៅតាមផ្សារទំនើបនានា។
ក្នុងឱកាសនោះ លោកជំទាវ បានលើកទឹកចិត្តដល់ប្រជាកសិករកាត់បន្ថយការប្រើជីគីមី ដោយផ្តល់ជាជីកំប៉ុស និងថវិកាមួយចំនួនផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ