ភ្នំពេញ៖ ដូចអ្វីដែលជាការរំពឹងទុក ពេលនេះ បានក្លាយជាការពិតហើយ ដោយប្រជាពលរដ្ឋរស់នៅក្នុងអគារបុរីកីឡា ប្រមាណជាង ១២០០គ្រួសារ ទទួលបានកាដូដ៏មានតម្លៃពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។ នោះគឺការផ្តល់ប័ណ្ណកម្មសិទ្ធិ «ប្លង់រឹង» លើចំណែកឯកជនជូនពួកគាត់ ជាមួយនឹងការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀត ដែលបានធ្វើអោយពួកគាត់ បង្ហាញពីក្តីរំភើបរីករាយចិត្តយ៉ាងខ្លាំង។
ពិធី «ចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន» ឬប្លង់រឹង ជូនប្រជាពលរដ្ឋរស់នៅតាមអគារបុរីកីឡាទាំង ៨អគារ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា បានធ្វើឡើង នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ត្រឹមតែរយៈពេល ១០ថ្ងៃប៉ុណ្ណោះ ដែលរដ្ឋបាលរាជធានីភ្នំពេញ បានអនុវត្តដោយជោគជ័យនូវគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន ស្របតាមខ្លឹមសារលិខិតលេខ ១៦៥ សជណ.មយ ចុះថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
សម្រាប់ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់ចំណែកឯកជន ជូនប្រជាពលរដ្ឋ រស់នៅតាមអគារបុរីកីឡាទាំង ៨អគារ នាពេលនេះ គឺពិតជាបានឆ្លុះបញ្ចាំងឱ្យឃើញអំពីការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រី ក្នុងការធានាសិទ្ធិកាន់កាប់ស្របច្បាប់របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងការកាត់បន្ថយភាពក្រីក្រ ព្រមទាំងរួមចំណែកដល់ការពង្រឹងស្ថិរភាពសង្គម។
លោក ឃួង ស្រេង បន្តថា ការចែកបណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនាពេលនេះ គឺជាការរួមចំណែកយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហាផលប៉ះពាល់ជូនបងប្អូន ប្រជាពលរដ្ឋមូលដ្ឋាន ផ្អែកតាមគោលការណ៍ “សន្តិសហវិជ្ជមាន” និងជាការធ្វើឱ្យមានភាពច្បាស់លាស់រវាងកម្មសិទ្ធិឯកជន និងកម្មសិទ្ធិសាធារណៈរបស់រដ្ឋ ដោយឈរលើមូលដ្ឋាននយោបាយ “ឈ្នះ-ឈ្នះរបស់រាជរដ្ឋាភិបាលលើវិស័យដីធ្លី ហើយកាន់តែពិសេសជាងនេះទៅទៀតនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានសម្រេចលើកលែង ការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ក្នុងដំណើរការចុះបញ្ជីកម្មសិទ្ធិជូនបងប្អូនប្រជាពលរដ្ឋចំនួនជាង ១,២០០ គ្រួសារ នៃចំណែកអគារស្នាក់នៅរួមចំនួន ១.៣៩២ បន្ទប់ ក្នុងអគារទាំង ៨ នេះ ថែមទៀតផង។
លោក ឃួង ស្រេង ក៏បានបញ្ជាក់ថា ក្នុងចំណោមប្រជាពលរដ្ឋ ដែលត្រូវទទួលប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនទាំង ១៣៩២បន្ទប់នេះ គឺនៅសល់ ៤៦បន្ទប់ ដែលមិនទាន់បានបំពេញឯកសារគ្រប់គ្រាន់ ដោយសារមានបញ្ហាផ្សេងៗ ដូច្នេះសូមបងប្អូនទៅធ្វើនៅមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដីរាជធានី ដោយមន្ត្រីរបស់យើង នឹងនៅរងចាំធ្វើជូនបងប្អូន ជាមួយនឹងការមិនយកពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗ ដូចប្រជាពលរដ្ឋទាំងអស់គ្នានេះដែរ។
លោក ថេង សុថុល អភិបាលខណ្ឌ ៧មករា បានបញ្ជាក់អោយដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងអគារសហកម្មសិទ្ធិបុរីកីឡាទាំង ០៨អគារ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា មានក្តីរំភើបរីករាយក្រៃលែង ដោយទទួលបាននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ នាពេលនេះ។ នេះជាការខិតខំយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់លោក ឃួង ស្រេង ជាពិសេសរាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
លោកថា វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលម្ចាស់កម្មសិទ្ធិទទួលបាននាពេលនេះ ពិតជាមានតម្លៃសំខាន់ខ្លាំងណាស់ ក្នុងការបង្កើនសេដ្ឋកិច្ច និងជីវភាពគ្រួសារ។ ដូច្នេះសូមបងប្អូនថែរក្សាទុកដាក់ឲ្យបានគង់វង្ស ជៀសវាងការបាត់បង់ ពីព្រោះវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុនេះ គឺជាឯកសារដ៏មានសំខាន់ ដែលបញ្ជាក់ពីភាពស្របច្បាប់ នៃអចលនទ្រព្យរបស់បងប្អូន ហើយមិនត្រឹមតែធានានូវសុវត្ថិភាពផ្ទះរបស់បងប្អូនប៉ុណ្ណោះទេ ប័ណ្ណនេះ អាចផ្តល់នូវអត្ថប្រយោជន៍ជាច្រើនតាមតម្រូវការរបស់បងប្អូន ឬធ្វើអំណោយ សំរាប់កូនចៅទៅថ្ងៃ អនាគត៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ