ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពែង ខ្មៅ និង ស៊ឹម វណ្ណ​ដេ​ត ដល់​ម៉ោង​ឡើង​វាយ​ជាមួយ​កីឡាករ​បរទេស​ទៀត​ហើយ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​សៅរ៍​ទី​១២ សីហា ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​បរទេស​២​រូប​ប៉ះ​គ្នា ។ អ្វី​ដែល​គេ​កត់សម្គាល់​គឺ​កី

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃ​សៅរ៍​ទី​១២ សីហា ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ នឹង​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​បរទេស​២​រូប​ប៉ះ​គ្នា ។ អ្វី​ដែល​គេ​កត់សម្គាល់​គឺ​កីឡាករ​កម្ពុជា​សុទ្ធតែ​ល្បីឈ្មោះ និង​ខ្លាំងក្លា​នៅ​លើ​សង្វៀន ប៉ះ​សុទ្ធតែ​ជាមួយ​កីឡាករ​ជើង​ខ្លាំង​ដូច​គ្នា​មក​ពី​ប្រទេស​ថៃ​។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​២​រសៀល​ស្អែក​ទៅ មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​គឺ​ព្រឹត្តិការណ៍​ដំណើរការ​ចំ​ពេល​ថ្ងៃ​សម្រាក ដែល​ជា​ថ្ងៃ​មនុស្ស​ម្នា​ក្នុង​ក្រុង​និយម​ទៅ​ទស្សនា​ដល់​ស្ទី​ឌី​យោ​កកកុញ ។ តាម​ភាព​ជាក់ស្ដែង ការ​ប្រដាល់​ជា​ទម្រង់​អន្តរជាតិ​បែប​នេះ អ្នក​ទស្សនា​ឈាន​ដល់​រក​កន្លែង​អង្គុយ​មិន​បាន​នោះ​ផង ដោយសារ​តែ​ព្រឹត្តិការណ៍​នោះ ក៏​មានការ​ប្រគំ​តន្ត្រី​លាយឡំ​ផង​ដែរ ។ កីឡាករ​កម្ពុជា​២​រូប គឺ​ជើង​ខ្លាំង កំពែង ខ្មៅ និង​កីឡាករ​ល្បីឈ្មោះ​ជើង​ចាស់​គួរសម ស៊ឹ​ម វណ្ណ​ដេ​ត នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​បរទេស​នៅ​រសៀល​ថ្ងៃ​នោះ ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់​កំពែង ខ្មៅ ដែល​បាត់​មុខ​ពី​សង្វៀន​មួយ​រយៈ​ជា​កូនសិស្ស​របស់​លោក​អេ ភូ​ថង មក​ពី​ក្លិប​ប្រដាល់​ក្រសួងកសិកម្ម ឱ្យ​ឡើង​ប៉ះ​ប្រកួត​ជាមួយ​កីឡាក​ថៃ​ឈ្មោះ Puon Savath ក្នុង​នាម​ជា​គូ​ូ​ឯក​អន្តរជាតិ នៅ​រសៀល​ថ្ងៃ​សៅរ៍​ស្អែក ។ លោក​ថា កីឡាករ កំពែង ខ្មៅ អាច​ចាត់​ទុក​ថា​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ​មួយ​នេះ​ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​តែ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។

លោក​ជឿជាក់​ថា កីឡាករ​រូប​នេះ​នឹង​បញ្ចេញ​សមត្ថ​ភាពល្អ​ដូច​ជា​ពូកែ​គេច និង​ពូកែ​វាយ​សន្ធាប់​ដែល​គេ​ធ្លាប់​បញ្ចេញ​ឡើង​នា​ពេល​កន្លង​មក ទើប​លោក​យល់​ថា ជំនួប​កំពែង ខ្មៅ  ជាមួយ​កីឡាករ​ថៃ ក៏​នឹង​មិនធម្មតា​សម្រាប់​ការ​ប្រកួត​ទាំងមូល ។ លោក​ថា កីឡាករ​កម្ពុជា​រូប​នេះ​មានការ​ឈាន​ឡើង​ហើយ​ការ​ប្រកួត​ប៉ុន្មាន​លើក​ចុង​ក្រោយ​គឺ​មាន​សមត្ថភាព ទើប​លោក​សម្រេចចិត្ត​ឱ្យ​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ខាងលើ បើ​ទោះជា​មុន​នេះ​បន្តិច​គេ​វាយ​ជាមួយ​ថៃ​ល្អ​ខ្លះ មិនសូវ​ល្អ​ខ្លះ នៅ​លើ​សង្វៀន​អន្តរជាតិ​ក្ដី ។ លោក​និយាយ​ថា កំពែង ខ្មៅ នៅ​តែ​ចាត់ទុកជា​ជើង​ខ្លាំង​ដែល​មាន​សមត្ថភាព​បរិបូរណ៍​នៅ​លើ​សង្វៀន ទើប​លោក​រំពឹង​ខ្ពស់​សម្រាប់​ការ​ប្រកួត​យប់​ស្អែក ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៦៩​លើក ឈ្នះ​៦១​លើក  ចាញ់​៨​លើក និង​មិន​ធ្លាប់​ស្មើ ហើយ​បើ​ទោះជា​គេ​ប្រកួត​បាន​តិច​តែ​ប្រវត្តិ​ប្រកួត​របស់​គេ​ជួប​សុទ្ធតែ​កីឡាករ​ល្អ​ៗ ក្នុង​ពេល​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​៨១​លើក ឈ្នះ​៧២​លើក ចាញ់​៨​លើក និង​មិន​ធ្លាប់​ស្មើ​ដូច​គ្នា​។

សម្រាប់​កីឡាករ ស៊ឹម វណ្ណ​ដេ​ត  មក​ពី​ក្លិប​និរោធ​មាន​ជ័យ លោក ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​មក​ពី​ប្រទេស​ថៃ​ឈ្មោះ Yuok Dam ក្នុង​នាម​ជា​គូ​រង​ឯក ។ ការ​ប្រកួត​របស់​ពួក​គេ​នៅ​មិន​ទាន់​ដឹង​ថា​អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ  ក្នុង​ពេល​ដែល​ស៊ឹ​ម វណ្ណ​ដេ​ត គឺជា​កីឡាករ​ជើង​ចាស់ ដែល​ធ្លាប់​មានការ​ទទួលស្គាល់ ប៉ុន្តែ​ដោយសារ​តែ​ខាន​ប្រកួត​យូរ​ទើប​លោក​យល់​ថា​រាង​ពិបាក​បន្តិច ។ យ៉ាងណាមិញ លោក​នៅ​តែ​ចាត់​ទុក​ថា​កីឡាករ​រូប​នេះ គឺជា​ជើង​ខ្លាំង​ដែល​មិន​អាច​មើល​ស្រាល​បាន ។ ជាក់ស្ដែង ការ​ប្រកួត​របស់​គេ​នៅ​តែ​មានឱកាស​ឈ្នះ​ច្រើន​ជាង​ចាញ់​គ្រប់ពេល​ឡើង​ប្រកួត​ជាមួយ​កីឡាករ​បរទេស​នា​ពេល​កន្លង​មក ។

លោក​ថា កីឡាករ​ថៃ​គឺជា​ជើង​ចាស់ និង​ល្បីឈ្មោះ តែ​គេ​មិន​ទាន់​ប្រាកដ​ថា​នឹង​ទទួល​បាន​ជ័យជម្នះ​សម្រាប់​ការ​ប្រកួត​ជាមួយ​ជើង​ខ្លាំង​កម្ពុជា​នោះ​ទេ ក្នុង​ពេល​ដែល​លោក និង​អ្នកគាំទ្រ​នៅ​តែ​ជឿជាក់​ចំពោះ​ជើង​ខ្លាំង​កម្ពុជា​ជា​ធំ ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​រហូត​ដល់​៦៤​លើក ឈ្នះ​៥២​លើក ចាញ់​១២​លើក និង​មិន​ធ្លាប់​ស្មើ រីឯ​កីឡាករ​កម្ពុជា​​ធ្លាប់​ប្រកួត​បាន​៦១​លើក ឈ្នះ​៥៣​លើក ចាញ់​៦​លើក និង​ស្មើ​០​លើក ដោយ​ប្រវត្តិ​ចាញ់​របស់​គេ​នា​ពេល​ចុង​ក្រោយ​គឺ​សឹងតែ​មិន​មាននៅ​លើ​សង្វៀន ។ នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ប្រដាល់​ពេល​ព្រឹក​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​បែប​នេះ​មិន​ខុស​គ្នា ៕