ខេត្តកំពង់ឆ្នាំង ៖ រដ្ឋបាលក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានដឹកនាំសមត្ថកិច្ចចម្រុះ ចុះរៀបចំសណ្ដាប់ធ្នាប់ដល់អាជីវករលក់ដូរនៅបរិវេណសួនច្បារវិមានឯករាជ្យ ដែលលក់លើការ៉ូឡា ធ្វើឲ្យបាត់បង់សោភ័ណភាព និងសណ្ដាប់ធ្នាប់សាធារណៈ ។
លោក ហ៊ីង ភ័ព្វមីនា អភិបាលក្រុងកំពង់ឆ្នាំង ដែលបានដឹកនាំសមត្ថកិច្ចចម្រុះ ចុះរៀបចំនៅពេលនោះមានប្រសាសន៍ថា ថ្ងៃនេះគឺជាថ្ងៃកំណត់ផុតឱសានវាទ ដែលកំណត់ឲ្យអាជីវករលក់ដូរ ចាប់ពីសួនច្បារវិមានឯករាជ្យ រហូតដល់មុខធនាគារអេស៊ីលីដា ដែលពួកគាត់បានលក់លើការ៉ូឡា បាត់បង់សណ្ដាប់ធ្នាប់ និងប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋផងដែរ។ ការរៀបចំនៅពេលនេះ គឺចង់ឱ្យសួនច្បារយើងមានសោភ័ណភាព មានបរិស្ថានល្អ ដើម្បីចូលរួមប្រឡងប្រណាំងទីក្រុងស្អាត សោភ័ណភាពល្អ និងបរិស្ថានល្អ។
លោកអភិបាលក្រុងបានបន្តថា ការរៀបចំនៅថ្ងៃនេះ នឹងបន្តធ្វើថែមទៀតជារៀងរាល់ថ្ងៃ ដើម្បីការពារមិនឱ្យពួកគាត់វិលត្រឡប់មកលក់ដូរបែបអនាធិបតេយ្យទៀតឡើយ។
ដោយឡែកចំពោះជនអនាធិបតេយ្យដែលតែងតែដេកនៅក្នុងសួនច្បារ និងនៅរបងមន្ទីរពេទ្យខេត្ត ហើយពួកគេតែងតែឆ្លៀតឱកាសបង្កភាពរញ៉េរញ៉ៃ ដូចជាពេលខ្លះសុំគេមិនបាន ឆក់ លួច។ មិនត្រឹមតែប៉ុណ្ណឹង បានបន្ទោរបង់ពាសវាលពាសកាល តាមសួនច្បារ និងតាមវិមានឯករាជ្យ គ្មានសណ្ដាប់ធ្នាប់ ក៏ត្រូវបានលោកអភិបាលក្រុងបញ្ជាក់ថា គឺបានរៀបចំដឹកពួកគាត់ឲ្យទៅកាន់លំនៅដ្ឋានរៀងៗខ្លួនផងដែរ។
ជាចុងក្រោយ លោក ហ៊ីង ភ័ព្វមិនា អភិបាលក្រុងកំពង់ឆ្នាំង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមលក់ដូរដោយមានសណ្ដាប់ធ្នាប់ និងកុំវិលត្រឡប់មកលក់ដូរលើចិញ្ចើមផ្លូវបែបអនាធិបតេយ្យទៀត ពីព្រោះដើម្បីក្រុងយើងស្អាត មុខផ្ទះយើងល្អទាំងអស់គ្នា៕
ចែករំលែកព័តមាននេះ