ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១៤កុម្ភៈនេះបានដឹកនាំអាជ្ញាធរខណ្ឌបឹងកេងកង និងមន្រ្តីជំនាញពាក់ព័ន្ធ ចុះពិនិត្យទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង ដើម្បីត្រៀមទទួលប្រតិភូជាន់ខ្ពស់របស់ប្រទេសអាល្លឺម៉ង់ ដែលនឹងអញ្ជើញទៅពិនិត្យស្វែងយល់ពីការពិតនៃរបបប្រល័យពូជសាសន៍ប៉ុលពត នៅក្នុងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ នៅរសៀលទី១៥កុម្ភៈ។
ក្នុងឱកាសនៃការចុះពិនិត្យទីតាំងនៅជុំវិញសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនោះ លោក ឃួង ស្រេង បានធ្វើការណែនាំឲ្យអាជ្ញាធរ ដូចជា មន្ទីរពាក់ព័ន្ធ ពិសេសមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ រៀបចំសម្អាតអនាម័យ បរិស្ថាន នៅជុំវិញទីតាំងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ ដោយត្រូវបាញ់ទឹកលាងផ្លូវ ជុំវិញបរិវេណនេះផងដែរ ក្នុងគោលបំណងធ្វើយ៉ាងណាឲ្យទីតាំង នៅជុំវិញសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះ មានសោភណ្ឌភាព និងមានបរិស្ថានល្អប្រសើរ ជាមួយនឹងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ដ៏ល្អផងដែរ។
គួរបញ្ជាក់ថា ប្រមុខរដ្ឋ និងជាប្រធានាធិបតីនៃសាធាណរដ្ឋសហព័ន្ធអាល្លឺម៉ង់ លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ (Frank-Walter Steinmeier) និងលោកជំទាវ អែលឃើ បឿឌិនបិនឌ័រ ( Elke Büdenbender) បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយនៅរសៀលទី១៥កុម្ភៈ លោក ហ្រ្វាំង វ៉ាល់ធ័រ ឆ្តែនម៉ៃយ័រ នឹងអញ្ជើញទៅពិនិត្យស្វែងយល់ពីការពិត នៃរបបប្រល័យពូជសាសន៍ប៉ុលពត នៅក្នុងសារមន្ទីរឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែងនេះផងដែរ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ