ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិ​ជីវិត​លោក ​ញឹក ប៊ុ​ន​ឆៃ

6 ឆ្នាំ មុន

យោង​តាម​សៀវភៅ​ «​សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់​»​របស់​លោក​ញឹក ប៊ុ​ន​ឆៃ សូម​ដកស្រង់​ប្រវត្តិ​ជីវិត​សង្ខេប​របស់​លោក​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប ។

ខ្ញុំបាទ​ឈ្មោះ​ញឹក ប៊ុ​ន​ឆៃ

យោង​តាម​សៀវភៅ​ «​សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់​»​របស់​លោក​ញឹក ប៊ុ​ន​ឆៃ សូម​ដកស្រង់​ប្រវត្តិ​ជីវិត​សង្ខេប​របស់​លោក​ជូន​ប្រិ​យ​មិត្ត​អ្នក​អាន​បាន​ជ្រាប ។

ខ្ញុំបាទ​ឈ្មោះ​ញឹក ប៊ុ​ន​ឆៃ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ កាន់សាសនា​ព្រះពុទ្ធ កើត​នៅ​ថ្ងៃ​ទី​៧ ខែ​កម្ភៈ ឆ្នាំ​១៩៥៨ នៅ​ភូមិ​តា​អុង​ខាងលិច ឃុំ​ស្វាយចេក ស្រុក​ថ្មពួក ខេត្តបាតដំបង ។ ឪពុក​ឈ្មោះ​ញឹក ឆេ​ន អាយុ​៧១​ឆ្នាំ ម្ដាយ​ឈ្មោះ​អួន សា​ម៉េ​ត អាយុ​៦៩​ឆ្នាំ ។

ខ្ញុំ​បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៧៩ ជាមួយ​អ្នកស្រី​សំ សុភាព ដែល​បច្ចុប្បន្ន​នេះ​មាន​អាយុ​៤៣​ឆ្នាំ ។ ខ្ញុំ​មានកូន​ស្រី​ពីរ​នាក់​នៅ​ក្នុង​បន្ទុក​សព្វ​ថ្ងៃនេះ ដែល​កូនស្រី​ច្បង​ឈ្មោះ​ឆេ​ន សុធា​រ៉ា អាយុ​២២​ឆ្នាំ​និង​កូនស្រី​ពៅ​ឈ្មោះ​ឆេ​ន សុធា​រី អាយុ​១៤​ឆ្នាំ ។

ចាប់ពី​ឆ្នាំ​១៩៦៥​ដល់​ឆ្នាំ​១៩៦៨ ខ្ញុំ​បាន​សិក្សា​នៅ​សាលា​បឋម​សិក្សា​ស្វាយចេក ។ បន្ទាប់​មក​ពី​ឆ្នាំ​១៩៦៩​ដល់​ឆ្នាំ​១៩៧២ សិក្សា​នៅ​អនុ​វិទ្យាល័យ​សម្ដេចឪ ថ្មពួក ដែល​ក្រោយមក​ដូរ​ទៅ​ជា​អនុ​វិទ្យាល័យ​ថ្មពួក ។ ចុង​ក្រោយ​គឺ​មុន​ឆ្នាំ​១៩៧២​ដល់​ឆ្នាំ​១៩៧៥ ខ្ញុំ​បាន​សិក្សា​នៅ​វិទ្យាល័យ​សិរី​សោភ័ណ ដែល​កាលពីមុន​ឆ្នាំ​១៩៧០ ហៅ​ថា​វិទ្យាល័យ​សម្ដេចឪ សិរី​សោភ័ណ ។

ខ្ញុំ​មាន​បងប្អូន​បង្កើត​ចំនួន​១០​នាក់ ដោយ​គិត​រួម​ទាំង​ខ្ញុំ​ផ្ទាល់​ផង ដែល​មានឈ្មោះ​ដូច​តទៅ​៖

ទី​១-​លោក​ញឹក គឹ​ម​ឈុ​ន និស្សិត​ពេទ្យ​នៅ​ឆ្នាំ​១៩៧៥ ។ ទី​២-​លោក​ញឹក ប៊ុ​ន​ឆៃ ។ ទី​៣-​លោក​ញឹក ប៊ុ​ន​ឆឺ​ត ។ ទី​៤-​លោក​ញឹក ប៊ុ​ន​ឈួ​ត ។ ទី​៥-​លោក​ញឹក ប៊ុ​ន​ឈៀ​ត។ ទី​៦-​លោកស្រី​ញឹក សា​មឿ​ត ។ ទី​៧-​លោកស្រី ញឹក សា​លឿ​ត ។ ទី​៨-​លោកស្រី​ញឹក សា​ឡត ។ ទី​៩-​លោក​ញឹក ប៊ុ​ន​ឈី និង​ទី​១០-​លោក​ញឹក ប៊ុ​ន​ឈុំ ។

ចំពោះ​មុខរបរ​វិញ មុន​ឆ្នាំ​១៩៧៥ ខ្ញុំបាទ​ជា​សិ​ក្ស ដែល​ឪពុក​មានមុខរ​បរជា​ជាងឈើ ហើយ​ម្ដាយ​ធ្វើស្រែ​ចម្ការ និង​លក់ដូរ​បន្តិចបន្តួច​នៅផ្ទះ ។

ក្នុង​អំឡុង​ឆ្នាំ​១៩៧៥ ខ្ញុំ​និង​គ្រួសារ រស់នៅ​ក្នុងស្រុក​កំណើត​ភូមិ​តា​អុង​ខាងលិច ឃុំ​ស្វាយចេក ស្រុក​ថ្មពួក ខេត្តបាត់ដំបង ។

ជីវិត​ក្នុង​របប​ប៉ុ​ល ពត និង​ការ​រត់​ភៀសខ្លួន
ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ បដិវត្តន៍​ខ្មែរក្រហម​បាន​ឈ្នះ​លើ​របប​លោក​លន់ ន​ល់ ។ ពេល​នោះ​ហើយ​ដែល​ប្រទេស​កម្ពុជា​បាន​ក្លាយទៅជា​ទីក្រុង​ខ្មោច​។ ឯ​រូប​ខ្ញុំ​ក៏​ដូច​ជា​យុវជន​ខ្មែរ​ទូ​ទាំង​ប្រទេស​ដែរ ត្រូវ​បាន​គេ​ចាត់​ចូល​ក្នុង​ក្រុម​យុ​​វ​ជន​ដែល​ហៅ​ថា «​កងចល័ត​»​។ ជា​អកុសល​ក្នុង​ចន្លោះ​ចុងឆ្នាំ​១៩៧៥ និង​ដើមឆ្នាំ​១៩៧៦ ខ្ញុំបាទ​បាន​ត្រូវ​ពួក​ប៉ុ​ល ពត ចាត់​ចូល​ក្នុង​បញ្ជី​ឈ្មោះ​«​អ្នក​បញ្ញវន្ត​» ។ បន្ទាប់​មក​គេ​បាន​កោះហៅ​រូប​ខ្ញុំ​ទៅ​ទីស្នាក់ការ​កង​សេនា​ជន នៅ​ភូមិ​តា​អុង​ខាងលិច ឃុំ​ស្វាយចេក ស្រុក​ថ្មពួក ខេត្តបាត់ដំបង ដើម្បី​ចាប់ខ្លួន​ខ្ញុំ ។

រួច​ហើយ​ខ្ញុំ​ក៏​រត់គេច​យ៉ាង​លឿន​ដើម្បី​ឱ្យ​ផុត​ពី​ក្រញាំ​ដៃ​របស់​ពួក​វា ។ ភ្លាម​ៗ នោះ​ដែរ​ពួក​កង​សេនា​ជន​ក៏​ដេញ​តាម​ចាប់​ខ្ញុំ​យ៉ាង​ប្រកៀក​ប្រកិត តែ​ពុំ​ហ៊ាន​បាញ់​ទេ ព្រោះ​ពួក​វា​ខ្លាច​បាញ់​ត្រូវ​ចំអ្ន​កភូមិ និង​ខ្លាច​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ភូមិ និង​ខ្លាច​អ្នក​ភូមិ​ដឹង​ថា​ពួក​វា​យក​មនុស្ស​ទៅ​សម្លាប់ ។

នៅ​ក្នុង​យប់​នេះ​ដែរ ក្រោយ​ពី​រត់គេច​ផុត​ពី​ពួក​វា​មក ខ្ញុំ​ក៏​លប​ទៅ​បបួល​ប្អូនប្រុស​ម្នាក់​ឈ្មោះ​ញឹក ប៊ុ​ន​ឆឺ​ត ដើម្បី​ឱ្យ​បាន​គ្នា​ពីរ​នាក់ ហើយ​ក៏​នាំ​គ្នា​រត់​ចូល​ព្រៃ​ក្បែរ​ភូមិ ដើម្បី​លាក់ខ្លួន ។  អស់​រយៈពេល​បី​ថ្ងៃ​ទើប​យើង​ទាំង​ពីរ​បាន​ផ្ដល់​ដំណឹង​ទាំង​យប់​ទៅ​ឱ្យ​ឪពុក​ម្ដាយ​តាម​រយៈ​អ្នក​ភូមិ​ម្នាក់​ថា យើង​ទាំង​ពីរ​នាក់​រត់​ភៀសខ្លួន​ទៅ​ប្រទេស​ថៃ​ហើយ ។

ក្រោយ​ពី​បាន​ផ្ដល់​ដំណឹង​នេះ​រួច ខ្ញុំ​និង​ប្អូនប្រុស​ក៏​លួច​ចេញ​ធ្វើ​ដំណើរ​ទាំង​យប់​ឆ្ពោះទៅ​កាន់​ប្រទេស​ថៃ​តែ​ម្ដង ដើម្បី​ឱ្យ​ផុត​ពី​ភ្លែ​ក​កងឈ្លប និង​អង្គការ​ភ្លែ​កម្នាស់​របស់​វា ។

យើង​អាច​ធ្វើ​ដំណើរ​បាន​តែ​ពេល​យប់​ប៉ុណ្ណោះ ឯ​នៅ​ពេល​ថ្ងៃ​យើង​សម្រាក ។ មិន​សំណាងល្អ​ទេ មាន​យប់​មួយ​នោះ​យើង​បាន​បង្ខំចិត្ត​សម្រាក​ទាំង​យប់ ដោយសារ​តែ​មិន​ស្គាល់​ភូមិសាស្ត្រ ។ លុះ​ភ្លឺ ស្រាង​ៗ ប្រហែលជា​ម៉ោង​៥​ព្រឹក ទើប​យើង​បានដឹង​ថា​កន្លែង​ដែល​យើង​សម្រាក គឺ​នៅ​ម្ដុំ​ភូមិ​ខ្វាវ​ខាងលិច ។ ស្រប​ពេល​នោះ​ដែរ យើង​ក៏​បាន​ប្រទះ​ឃើញ​ពួក​យោធា និង​ពួក​សេនា​ជន​របស់​ខ្មែរក្រហម​ក្នុងភូមិ​ជា​ច្រើន​នាក់​កំពុង​តែ​ដើរ ចុះឡើង​ៗ  ។ រំពេច​នោះ​ខ្ញុំ​ពីរ​នាក់​បងប្អូន ក៏​បាន​ដើរ​គេច​យ៉ាង​លឿន​ចេញពី​ទីនោះ​ទៅ​ព្រៃ ដើម្បី​បន្តដំណើរ​ទៅ​មុខ​ទៀត ។

ការ​បន្តដំណើរ​របស់​ពួក​យើង បាន​តែ​ប្រមាណ​ជា​បី​បួន​គីឡូម៉ែត្រ​ពី​ភូមិ​នោះ​ប៉ុណ្ណោះ យើង​ក៏​ប្រទះ​ឃើញ​សាកសព​ជា​ច្រើន ប្រហែលជា​៥០-៦០​នាក់ មាន​ស្រី ប្រុស ក្មេង ចាស់ គឺជា​មនុស្ស​ដែល​លួចរ​ត់ទៅ​ប្រទេស​ថៃ តែ​ត្រូវ​ពួក​ខ្មែរក្រហម​ចាប់​បាន ហើយ​សម្លាប់​ចោល ដោយ​សម្លៀក​បំពាក់​របស់​សាកសព​ត្រូវ​បាន​ព្យួរ​រ​ណេ​ង​រណោង​លើ​មែកឈើ​ពាស​វាល​ពាស​កាល ។ បន្ទាប់​មក យើង​ក៏​ដើរ​ចេញពី​ផ្លូវ​នោះ ហើយ​ចូល​ទៅ​ក្នុង​ព្រៃ​ដើម្បី​រក​កន្លែង​លាក់ខ្លួន ។

នៅ​ក្នុង​ខែ​ដែល​យើង​ធ្វើ​ដំណើរ​ជា​រដូវវស្សា ជា​ធម្មតា​នៅ​ក្នុង​ព្រៃ​ក្រាស់​គឺ​មេឃងងឹត ភ្លៀង​ក៏​ធ្លាក់​ទាំង​យប់​ទាំង​ថ្ងៃ ជា​ហេតុ​នាំ​ឱ្យ​មានការ​លំបាក​ដល់​ការ​ធ្វើ​ដំណើរ ។ ដូច្នោះ​ហើយ​ក្នុង មួយ​យប់​ៗ យើង​អាច​ដើរ​បាន​យ៉ាងច្រើន​បំផុត​មួយ ឬ​ពីរ​ម៉ោង​ប៉ុណ្ណោះ ព្រោះ​ខ្លាច​វង្វេងផ្លូវ ។ មាន​ពេល​មួយ ដោយសារ​តែ​មិន​អាច​កំណត់​បាន​ថា​ទិស​ណា​ជា​ទិស​ណា តាម​ការ​មើល​មេឃ ឬ​មើល​ផ្កាយ​ប្រចាំ​ទិស​នោះ ពួក​យើង​ក៏​វង្វេងផ្លូវ​ក្នុង​ព្រៃ វិលវល់​ៗ ដើរទៅ​ដើរមក​នៅ​កន្លែង​ដដែល​អស់ពីរ​យប់ ទើប​យើង​សម្រេចចិត្ត​ដើរ​ពេល​ថ្ងៃ​ម្ដង ដោយ​កំណត់​ទិស​ខាងលិច និង​ជួរ​ភ្នំ​ដងរែក​ជា​ទិស​ដៅ ។ នៅ​តាម​ផ្លូវ​ពួក​យើង​នាំ​គ្នា​ដើរ​ផង និង​ឡើងដើមឈើ​ផង ដើម្បី​កំណត់​ទិស​ឱ្យ​ចំ​គោលដៅ ។
ដោយសារ​តែ​ការ​អត់បាយ​ជា​ច្រើន​ថ្ងៃ​មក​ហើយ យើង​ទាំង​ពីរ​នាក់​ហេវ​ហត់ អស់កម្លាំង​ខ្សោះ​ពី​ខ្លួន​មិន​អាច​ឱ្យ​យើង​ឡើងដើមឈើ ត្រង់​ៗ និង ខ្ពស់​ៗ បាន​ទៀត​ឡើយ ។

យើង​អាច​មាន​លទ្ធភាព​ឡើង​ដើម​ឈើ​ទាប​ៗ ហើយ​ទ្រេត​ដើម្បី​សង្កេត​មើល​ទិស​ដៅ ។ គ្រាមួយ​នៅ​ពេល​ដែល​ខ្ញុំ​នៅ​លើ​ដើមឈើ​ដើម្បី​សង្កេត​មើល​ទិស​ដៅ​នោះ ប្អូន​របស់ខ្ញុំ​នៅ​ខាងក្រោម​ចាំ​មើលផ្លូវ ស្រាប់តែ​កង​យោធា​ខ្មែរក្រហម​ដើរ​ក្បែរ​ដើមឈើ​នោះ ។ ខ្ញុំ​នៅ​ខាងលើ​ភ័យរន្ធត់​ស្ទើរ​អស់​ព្រលឹង ព្រោះ​ខ្លាច​ពួក​វា​ឃើញ​ខ្ញុំ និង​ជា​ពិសេស គឺ​ខ្លាច​ពួក​វា​ឃើញ​ប្អូន​ខ្ញុំ​ដែល​នៅ​ក្រោម​ដើមឈើ ។ ជា​ភ័ព្វសំណាង ទេវតា​ពិតជា​មាន​ភ្នែក​មែន ពួក​វា​ទាំង​បួន​នាក់ ក៏​ដើរ​ហួស​ពី​ដើមឈើ​នោះ​ទៅ ហើយ​យើង​ក៏​បន្តដំណើរ​ទៅ​មុខ​ទៀត ។

នៅ​ពេល​ដែល​យើង​ឃើញ​ព្រៃ​ក្រាស ់ម្ដង​ៗ យើង​ទាំង​ពីរ​នាក់​មានការ​សប្បាយ​ចិត្តជា​ខ្លាំង ប្រៀប​ដូច​ជា​បាន​ជួប​តា​ឥសី​ជួយ​បំបាំង​ខ្លួន​អ៊ីចឹង ។ យើង​តែងតែ​រូតរះ​ប្រញាប់​ប្រញាល់​សំដៅ​ចូល​ទៅ​ព្រៃ​នោះ​ដោយ​ក្ដី​ត្រេកអរ ភ្លេច​អស់​ការ​នឿយហត់​ដែល​កំពុង​តែ​មាន ព្រោះ​វា​បាន​ផ្ដល់​នូវ​សុវត្ថិភាព​ដ៏​ធំ​បំផុត​សម្រាប់​ការ​លាក់ខ្លួន ។ ក្រោយ​ពី​ការ​បន្តដំណើរ​ក្នុង​ព្រៃ​នោះ​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ប្រហែលជា​ម៉ោង​១២​ថ្ងៃត្រង់ យើង​ពើបប្រទះ​ឃើញ​ស្នាម​ដានជើង​ជា​ច្រើន ដែល​តាម​ការ​សន្និដ្ឋាន​របស់ខ្ញុំ គឺជា​ដានជើង​របស់​ខ្មែរក្រហម និង​មាន​ចម្ការ​ល្ពៅ ត្រឡាច​ព្រៃ​ដុះ ថ្មី​ៗ…​។ ព្រៃ​ក្រាស់​ដែល​ខ្ញុំ​រត់​សំដៅ​នោះ មាន​បឹង​មួយ​ដែល​មានផ្ទះ​ខ្មែរក្រហម​ជា​ច្រើន ហើយ​នៅ​ក្នុងផ្ទះ​មួយ​នោះ មាន​កាំភ្លើង​ជា​ច្រើន និង​មនុស្ស​ប្រហែល​១០​នាក់ ។ ជា​សំណាងល្អ​ដែរ​ដែល​អ្នក​ទាំងនោះ​កំពុង​តែ​ដេក​សម្រាក​ពេល​ថ្ងៃ​។ បន្ទាប់​ពី​យើង​ដើរ​គេច​ចេញពីផ្ទះ​នោះ ប្រហែលជា​បី​ទៅ​បួន​គីឡូម៉ែត្រ យើង​ក៏​ដើរទៅ​មុខ ហើយ​ប្រទះ​ឃើញ​ដានជើង​កងទ័ព​ខ្មែរក្រហម​ជា​ច្រើន​ទៀត ។ នៅ​ពេល​នោះ​ពួក​យើង​ទាំង​ពីរ​នាក់​គិត​ថា បើ​មាន​តែ​កាំបិត​ផ្គាក់​ម្នាក់​មួយ វា​មិនមែន​ជា​មធ្យោបាយ​ល្អ​សម្រាប់​ការ​ធ្វើ​ដំណើរ​ទៅ​មុខ​ទេ ។ យើង​រក​ឱ្យ​បាន​កាំភ្លើង​ម្នាក់​មួយ​ដើម​សម្រាប់​ការពារ​ខ្លួន ។

ពួក​យើង​បាន​រៀបចំ​ផែនការ​លប​វាយ​ទាហាន​ខ្មែរក្រហម​ពីរ​នាក់​ដែល​ដើរ​តាម​ផ្លូវ​ថ្មើរជើង​កាត់​ព្រៃ​ដែល​ពួក​ខ្ញុំ​ទាំង​ពីរ​នាក់​សម្ងំ​នៅ​ពេល​ថ្ងៃ​ដែរ​ដើម្បី​ដណ្ដើម​យក​កាំភ្លើង ។ តែ​ដោយ​ក្ដី​នឿ​ហត់​គ្មាន​កម្លាំង​គ្រប់គ្រាន់ ព្រមទាំង​មិន​ធ្លាប់​សម្លាប់​មនុស្ស​ផង​នោះ ធ្វើ​ឱ្យ​ពួក​យើង​បោះបង់​ផែនការ​នោះ​ចោល ។

ព្រលឹម​ភ្លឺ​ស្រាង​ៗ យើង​ទាំង​ពីរ​នាក់​បងប្អូន ក៏​ក្រោក​ធ្វើ​ដំណើរ​ទៅ​មុខ​ទៀត​ទើប​ប្រទះ​ឃើញ​ថ្នល់​ធំ​មួយ ដែល​ជា​ថ្នល់​ខ្សែក្រវាត់​ព្រំដែន ហើយ​នៅ​លើ​ថ្នល់​នោះ​ដែរ មាន​យោធា​ខ្មែរក្រហម​ពីរ​ៗ​នាក់​ដើរ​ល្បាត​លើ​ផ្លូវ​នោះ​ជាប់​ជា​និច្ច ។ នៅ​សង្ខាង​ផ្លូវ​មាន​អន្ទាក់ អង្គប់​និង​រណ្ដៅ​ជម្រៅ​លិច​ក្បាល ដែល​ច្រើន​តែ​មាន​ដាក់​ចម្រូង​ផង ។

ក្រោយ​ពី​បានឃើញ​សភាព​ដូច្នេះ​ភ្លាម ពួក​យើង​ទាំង​ពីរ​នាក់​បាន​ដកថយ​ក្រោយ​វិញ​យ៉ាង​លឿន រិះរក​មធ្យោបាយ​ឆ្លងផ្លូវ​ឱ្យ​បាន ។ យើង​បាន​បន់ស្រន់​បួងសួង​ដល់​វត្ថុ​ស័ក្ដិ​សិទ្ធិ គុណព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ គុណ​មាន​តា​បិតា ឱ្យ​ជួយ​ដល់​ពួក​យើង​ទាំង​ពីរ​នាក់​ផង ។ រំពេច​នោះ​ស្រាប់តែ​មាន​សត្វ​ទន្សាយ​មួយ​ក្បាល់​រត់​ចេញពី​ព្រៃ​ឆ្លងថ្នល់​ធំ ធ្វើ​ឱ្យ​ពួក​ខ្មែរក្រហម​នាំ​គ្នា​រត់​ដេញចាប់​ទន្សាយ​នោះ​ភ្លេច​យកចិត្តទុកដាក់​ក្នុង​ការ​យាមផ្លូវ ដែល​ផ្ដល់​ឱកាស​ឱ្យ​ខ្ញុំ​ទាំង​ពីរ​នាក់ អាច​រត់​ឆ្លងកាត់​ផ្លូវ​បាន​ដោយ​សុវត្ថិភាព ។

យើង​រត់​មិន​ទាន់​បាន​ឆ្ងាយ​ប៉ុន្មាន​ផង ស្រាប់តែ​ប្អូនប្រុស​ខ្ញុំ​រអិល​ជើង​ហៀ​ប​តែ​នឹង​ធ្លាក់​ចូល​ក្នុង​រណ្ដៅ​ចម្រូង ។ ភ្លាម​នោះ​ខ្ញុំ​ក៏​ចាប់​ទាញ​ដៃ​វា​ទាន់​ឡើង​មក​វិញ ។ នៅ​ពេល​ដែល​យើង​នាំ​គ្នា​ដើរទៅ​មុខ​ទៀត យើង​បាន​ប្រទះ​រណ្ដៅ​ចម្រូង​មួយ ត្រូវ​គេ​ក្រាល​ស្លឹកឈើ​ដើម្បី​បន្លំ​ភ្នែក ។ តែ​សំណាងល្អ​យើង​ក៏​កន្លង​ផុត​រណ្ដៅ​នោះ​ទៅ ។

ក្រោយ​បន្តិច​មក​ស្រាប់តែ​មាន​អន្ទាក់​អង្គប់​មួយទៀត​ធ្លាក់​មក​សង្កត់​ខ្ញុំ តែ​គុណបុណ្យ​ជួយ ទឹកដោះ​ម្ដាយ​ថ្លៃ អង្គប់​វា​វាត់​មិន​ត្រូវ​ខ្ញុំ​ទេ ហើយ​យើង​ក៏​បន្តដំណើរ​ទៅ​មុខ​ទៀត ។
ដោយសារ​តែ​ការ​បន្សល់​ទុក​នូវ​ដានជើង​លើ​ទ្រូងផ្លូវ ទើប​នៅ​ពេល​ដែល​ពួក​យើង​ធ្វើ​ដំណើរ​បាន​ប្រមាណ​ជាមួយ​គីឡូម៉ែត្រ​កន្លះ យើង​ត្រូវ​ទទួល​ការ​ដេញចាប់​ទាំង​មុខ ទាំង​ក្រោយ ពី​យោធា​ខ្មែរក្រហម​ប្រហែលជា​៤០​ទៅ​៥០​នាក់ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ ។ ពេល​នោះ​ខ្ញុំ​ពីរ​នាក់​បងប្អូន ខំ​ប្រមែប្រមូល​កម្លាំង និង​បែ​បន់​ផង ដើម្បី​បាន​គេច​ផុត​ពី​ការ​តាម​ចាប់​នោះ ។ យើង​ទាំង​ពីរ​នាក់​ដឹក​ដៃ​គ្នា​រត់​បណ្ដើរ សម្លឹង​មើល​អន្ទាក់​អង្គប់ ឬ​រណ្ដៅ​ចម្រូង​បណ្ដើរ ដោយ​ក្ដី​តក់ស្លុត​យ៉ាង​ខ្លាំង ។ ទោះជា​សំណាងល្អ​ដែល​បាន​គេច​ផុត​ពី​អន្ទាក់ អង្គប់ ចម្រូង​ក៏​ដោយ តែ​សំណាងអាក្រក់​ក៏​កើត​មាន​ផង​ដែរ ដោយពេល​នោះ​យើង​ទាំង​ពីរ​នាក់​បានរ​ត់ទៅ​ទាក់​នឹង​ខ្សែ​អន្ទាក់​បង្កៃគ្រាប់​បែក​មួយ ។ ក្រោយ​ពេល​​ដែល​គ្រាប់បែក​ផ្ទុះ​ឡើង រូប​ខ្ញុំ​ផ្ទាល់​ត្រូវ​ចំ​ដៃ​ឆ្វេង​ដាច់​សរសៃឈាម​ធំ ។ ឯ​ប្អូន​ខ្ញុំ​ត្រូវ​ចំពោះ ។ យើង​ទាំង​ពីរ​នាក់​ខិតខំ​ប្រវេប្រវា​រត់​ដោយ​ក្ដី​ឈឺ​ចុកចាប់​បំផុត ដោយ​ដៃ​ទាំង​ពីរ​ប្រឹង​ខ្ទប់​របួស ។ ទោះជា​ខំប្រឹង​ទាំង​កម្លាំងកាយ​ចិត្ត​យ៉ាងណា​ក៏​ដោយ ក៏​យើង​មិន​អាច​រត់​បាន​ឆ្ងាយ​ដែរ ។ យើង​ត្រូវ​ដួល​គ្រឹប​នៅ​ពេល​ដែល​រត់​បាន​ចម្ងាយ​មិន​បាន​មួយ​គីឡូម៉ែត្រ​ផង​។ ទោះបី​យើង​ខំព្យាយាម​ក្រោក ក៏​ក្រោក​មិន​រួច​ឡើយ ។ ដោយសារ​យើង​មាន​ថ្នាំជក់​ជាប់​នឹង​ខ្លួន ទើប​យើង​យក​វា​មក​បិទ និង​យក​ក្រមា​រុំ​មុខរបួស​នោះ។ យើង​ស្រេកទឹក​ខ្លាំង​ណាស់ តែ​មិន​ហ៊ាន​ទទួលទាន ទោះបីជា​យើង​បានឃើញ​ថ្លុក​ទឹក​មួយ​កន្លែង​ក្ដី ។ យើង​នឹក​ដល់​សម្ដី ចាស់​ៗ​និយាយ​ថា អ្នក​ត្រូវ​គ្រាប់​បើ​ផឹកទឹក​នឹង​ត្រូវ​ស្លាប់ ។ ខ្ញុំ​កាត់ចិត្ត​មក​ទទួលទាន​ទឹកនោម​ខ្លួនឯង​ជំនួស​វិញ ដើម្បី​ឱ្យ​មានជីវិត​រស់​តទៅ​ទៀត ដោយ​សង្ឃឹមថា ថ្ងៃ​ណាមួយ​នឹង​បាន​វិល​ទៅ​ជួបជុំ​ឪពុក​ម្ដាយ បងប្អូន​នៅ​ឯ​ស្រុក​ជា​មិន​ខាន ។

ជីវិត​ថ្មី​នៅ​លើ​ដី​គេ
នៅ​ពេល​យប់ ក្រោយ​ពី​យើង​ខំព្យាយាម​បន្តដំណើរ​បាន​ជាង​មួយ​គីឡូម៉ែត្រ យើង​បាន​មក​ដល់​វាលស្រែ​មួយ​ដែល​គេ​ភ្ជួរ​ចោល ។ យើង​ពុំ​បានដឹង​ថា​ទីនោះ​ជា​ដី​ខ្មែរ ឬ​ថៃ​ទេ។ ដោយសារ​តែ​មិន​អាច​ទ្រាំ​នឹង​ការ​ឈឺ​ចុកចាប់​បាន យើង​ទាំង​ពីរ​នាក់​បាន​ស្រែកយំ​ននាល​លើ​ដីស្រែ​មួយ​រ៉ៃ ប្រៀប​ដូច​ជា​កូន​ក្មេង​អ៊ីចឹង ដោយ​មិន​នឹក​ដល់​គេ​ឮ​ថែម​ទាំង​ភ្លេច​ថា​ខ្លួន​ត្រូវ​គេ​តាម​ចាប់​សម្លាប់​ឡើយ ។ 

ក្នុង​យប់​នោះ​ដែរ យើង​ក៏​ឃើញ​ភ្លើង​ចន្លុះ​ជា​ច្រើន​ទំនងជា​មាន​មនុស្ស​កាន់​ដើរ​តម្រង់​មក​កាន់​វាលស្រែ ។ យើង​ក៏​នាំ​គ្នា​រត់​ពួន​នៅ​ឯ​ម្ខាង​វាលស្រែ ដោយ​ពុំ​អាច​សម្គាល់​ដឹង​បាន​ថា ពួក​គេ​នោះ​ជា​ជនជាតិ​ខ្មែរ ឬ​ជនជាតិ​ថៃ​ទេ ។ ក្រោយ មក​ភ្លើង​ទាំងនោះ​ក៏​ងាក​ចេញ​ឆ្ងាយ បន្តិច​ម្ដង​ៗ រហូត​រលាយ​បាត់​ស្រមោល ដែល​ធ្វើ​ឱ្យ​យើង​ទាំង​ពីរ​នាក់​បាន​ធូរទ្រូង​ជា​ខ្លាំង​ដូច​បាន​រស់​ម្ដងទៀត ។ លុះ​ភ្លឺ​ឡើង​យើង​បាន​មក​ដល់​អូរ​មួយ​ដែល​នៅ​ទីនោះ​មានព្រៃ​ឫស្សី និង​ព្រៃ​ព្រាល ដែល​ធ្វើ​ឱ្យ​មានការ​ងាយស្រួល​ដល់​ការ​លាក់ខ្លួន​របស់​យើង ។

លុះដល់​ម៉ោង​ប្រមាណ​៨​ព្រឹក យើង​ចោល​ភ្នែក​មើលទៅ​អ្នក​ឃ្វាលក្របី​មួយ​ក្រុម​មាន​ស្រី​មាន​ប្រុស មាន​ខ្លះ​កាន់​កាំភ្លើង ខ្លះ​កាន់​ឧបករណ៍​កសិកម្ម តែ​មិនដឹង​ថា​ជា​ខ្មែរ ឬ​ថៃ​ឡើយ ។ ក្រោយមក​មាន​ស្ត្រី​ម្នាក់​កាន់​ចបជីក​ដើរ​តម្រង់​មក​ព្រៃ​ឫស្សី​ដែល​ខ្ញុំ​លាក់ខ្លួន ប្រហែលជា​មក​ជីក​ទំពាំង ។ ខ្ញុំ​គិត​ថា បើ​ពិនិត្យ​លើ​សម្លៀក​បំពាក់ និង​ទីកន្លែង​នោះ ស្ត្រី​នោះ​មិនមែន​ជា​ខ្មែរ​ក្នុង​របប​ប៉ុ​ល ពត ទេ ។ ហេតុនេះ​ហើយ​បានជា​ពួក​យើង​ទាំង​ពីរ​នាក់​មិន​រត់គេច​ទៅ​ណា​ទៀត​ឡើយ ។ ពេល​មក​ដល់​ព្រៃ​ឫស្សី ស្ត្រី​នោះ​ក៏​បានឃើញ​យើង​ទាំង​ពីរ​នាក់ ហើយ​ស្រែក​ដោយ​ក្ដី​ភ្ញាក់ផ្អើល និង​ភ័យ​ខ្លាច ។ ភ្លាម​នោះ​ដែរ​ពួក​គេ​ផ្សេង​ទៀត ក៏​នាំ​គ្នា​រត់​តម្រង់​មក​រក​ខ្ញុំ ហើយ​បាន​យក​កាំភ្លើង​កាលី​ប​ឌូ មក​ភ្ជង់​យើងខ្ញុំ ក្នុង​គោលបំណង​បាញ់​សម្លាប់​ចោល តែ​បាន​ស្ត្រី​ម្នាក់​នោះ​ឃាត់ ដោយ​និយាយ​គ្នា ចុះឡើង​ៗ ។ ពេល​នោះ​ទើប​ខ្ញុំ​ដឹង​ថា ពួក​គេ​ជា​ជនជាតិ​ឡាវ ។ ក្រោយមក​គេ​បាន​នាំ​យើង​ទៅ​កាន់​ភូមិ​មួយ ហើយ​បញ្ជូន​ទៅ​ផ្ទះ​ប្រធាន​ភូមិ​ណ​ង​ម៉ាំង ដែល​ស្ថិត​នៅ​ក្បែរ​ភូមិ​ទ័ព​សៀម ខាងកើត​ជំរំ​ខៅ​អីុ​ដាង ។

លោក​ប្រធាន​ភូមិ​បានឱ្យ​គ្រួសារ​និង​កូនស្រី​របស់​គាត់​ពីរ​នាក់ មក​លាងខ្លួន និង​មុខរបួស​ឱ្យ​យើងខ្ញុំ និង​រៀបចំ​បាយ​ទឹក​ឱ្យ​ពួក​យើង តែ​ពួក​យើង​មិន​អាំ​ច​ទទួលទាន​បាន​ទេ ដោយសារ​អត់បាយ​ជា​ច្រើន​ថ្ងៃ​ផង និង​ពើត​ផ្សា​លើ​មុខរបួស​ផង ។ បន្ទាប់​មក​គេ​ក៏​បាន​លើក​នំ​បារាំង​មក​ឱ្យ​ទៀត តែ​នៅ​តែ​បរិភោគ​មិន​ចូល​ដដែល​។ លុះដល់​ពេល​រសៀល ដោយ​ខ្ញុំ​ដើរ​មិន​រួច លោក​មេ​ភូមិ​ក៏​បាន​បញ្ជា​ឱ្យ​អ្នក​ភូមិ​៤​នាក់ ដឹក​យើងខ្ញុំ​នឹង​រទេះរុញ​ទឹក​ទៅ​កាន់​បន្ទាយ​ថៃ​មួយ​កន្លែង ។ នៅ​តាម​ផ្លូវ​ទៅ​កាន់​បន្ទាយ​ថៃ គេ​បាន​ផ្ដល់​ឱ្យ​ខ្ញុំ​នូវ​ផ្លែ​ឪឡឹក​ចំនួន​២​ផ្លែ​ទៀត តែ​យើង​នៅ​តែ​ទទួលទាន​មិន​បាន​ដដែល ។

ដល់​ម៉ោង​ប្រហែល​៥​ល្ងាច ពួក​គេ​បាន​ចង​មុខ​យើង​ទាំង​ពីរ​នាក់​នឹង​ក្រមា រួច​បាន​យក​ឡាន​មក​ដឹក​ទៅ​កាន់​បន្ទាយ​ថៃ​មួយទៀត ដើម្បី​ដាក់គុក​កងរាជអាវុធហត្ថ​ដែល​បច្ចុប្បន្ន​ជា​បន្ទាយ​អារញ្ញ​ប្រ​ថេ​ត ។ ដោយ​ភ័យ​ខ្លាច​គេ​យក​ទៅ​សម្លាប់ ខ្ញុំ​ក៏​សួរ​គេ​ថា តើ​លោក​យក​ពួក​ខ្ញុំ​ទៅ​ណា? ពួក​គេ​បាន​ឆ្លើយ​ប្រាប់​ខ្ញុំ​ថា កុំ​ភ័យ​អី​គេ​មិន​ធ្វើ​អី​ទេ ។ នៅ​ក្នុង​គុក មាន​បងប្អូន​ខ្មែរ​យើង​ប្រាំមួយ​នាក់ ដែល​ជាប់​នៅ​ទីនោះ ហើយ​ត្រូវ​គេ​កោរសក់​អស់ ។ ឯ​ពួក​យើង​ទាំង​ពីរ​នាក់ ក៏​ត្រូវ​គេ​កោរសក់​ដែរ តែ​ត្រូវ​គេ​ជួយ​ព្យាបាល​របួស​ឱ្យ ។ មួយ​ខែ​ក្រោយមក របួស​យើង​ទាំង​ពីរ​ក៏​បានជា​សះស្បើយ​។ យើង​បាន​សួរ​បងប្អូន​ខ្មែរ​ដែល​ជាប់គុក​ទាំង​ប្រាំមួយ​នាក់​ដែល​មាន​បី​នាក់ ត្រូវ​គេ​ចាប់​ដាក់គុក​ក្នុង​ថ្ងៃ​ជាមួយ​ខ្ញុំ​ដែរ ។ លោក​ទាំងនោះ​មាន​អ៊ុ​ច ប៉ន ជា​ចាងហ្វាង​កាសែត​រាស្ត្រ​ខ្មែរ ក្នុង​សម័យ​សង្គមរាស្ត្រនិយម និង​សាធារណរដ្ឋ ។ លោក សែក ឌៀ ជា​អតីត​ទាហាន​លន់ ន​ល់ និង​ជា​អ្នក​ភូមិ​តានី​ទូក​មាស ខេត្តកំពត ។ លោក​កៅ វ​ណ្ណា​រិ​ន ជា​ក្មួយ​លោក​ជំទាវ​លន់ ន​ល់ គឺ​ជំទាវ​ខេ​ង ។

អ្នក​ទាំង​បី​នាក់​នេះ​ពេល​ខ្មែរក្រហម​ឡើង​កាន់​អំណាច​ថ្ងៃ​១៧ មេ​សា ឆ្នាំ​១៩៧៥ បានរ​ត់ទៅ​ស្រុក​យួន ហើយ​ក៏​ត្រូវ​យួន​ចាប់​ដាក់គុក​នៅ​ចូ​វ​ដុក ។ នៅ​ក្នុង​គុក​នោះ អ្នក​ទាំង​បី​ត្រូវ​បាន​យួន​ធី​វ​គី​ឬ​ក៏​យួន​សេរី​ម្នាក់​ជួយ​ចិញ្ចឹម​លួច​ឱ្យ​បាយ​ទឹក រហូត​ដល់​អ្នក​ទាំង​បី​នាក់​នោះ​ទៅ​គាស់​យក​កាំភ្លើង​ពីរ​ដើម​ដែល​មាន​រឺ​វ៉ុល​វែ​មួយ​ដើម មាន​គ្រាប់ និង​ប៉េអាកុល​​មួយ​ដើម​តែ​គ្មាន​គ្រាប់ ។ ដោយសារ​តែ​មិន​អាច​រស់នៅ​ក្នុង​គុក​យួន​បាន អ្នក​ទាំង​បី​ក៏​សម្រេចចិត្ត​រត់​មក​ស្រុក​ខ្មែរ​វិញ ដោយ​បាន​អ្នក​យាមគុក​យួន​នោះ​ជួយ​រំដោះ​ឱ្យ​ចេញពី​គុក ហើយ​ដឹក​ឡាន​ជូន​មក​ដាក់​នៅ​ឯ​ព្រំប្រទល់​ខ្មែរ​-​យួន​មួយ​កន្លែង​(​មិន​ចាំ​ឈ្មោះ​) ។ មក​ដល់​ព្រំដែន ពួ​គ​គេ​ទាំង​បី​បាន​ឆ្លង​ទឹក​មក​កាន់​ប្រទេស​ខ្មែរ​វិញ ។ នៅ​ពេល​នោះ​ពួក​គេ​ក៏​បាន​វាយ​អ្នក​អុំទូក ហើយ​រឹបអូស​យក​បាន​កាំភ្លើង​ពីរ​បី​ដើម​ផង ។ ព្រោះតែ​មិន​ចេះ​អុំទូក ទើប​អ្នក​ទាំងនេះ ត្រូវ​បាន​ពួក​យួន​ចាប់​វាយ​យក​ទៅ​ដាក់គុក​វិញ​ដដែល ។

ដោយឡែក​លោក អ៊ុ​ច ប៉ន ត្រូវ​គេ​វាយ​បាក់​ដែ​ម្ខាង ។ អស់​រយៈពេល​បី​-​បួន​ខែ​កន្លង​មក ទើប​នាំ​គ្នា​រត់​ចេញពី​គុក​យួន​ម្ដងទៀត មក​កាន់​ទឹកដី​ខ្មែរ​វិញ ឆ្ពោះ​មក​កាន់​ស្រុក​កំណើត​របស់​ពួក​គេ​នៅ​ទូក​មាស ខេត្តកំពត ហើយ​ក៏​បន្តដំណើរ​មក​ភ្នំពេញ​ទាំង​យប់​ទាំង​ថ្ងៃ ។ នៅ​ពេល​ចេញពី​ភ្នំពេញ ពួក​គេ​តែងតែ​លួច​សម្លៀក​បំពាក់​ខ្មៅ​របស់​យោធា​ខ្មែរក្រហម ដើម្បី​ស្លៀកពាក់​បន្លំ​ភ្នែក​គេ​ឆ្ពោះទៅ​ប៉ោយ​ប៉ែ​ត ដោយ​ដើរ​តាម​ផ្លូវ​រទេះភ្លើង​ពី​ភ្នំពេញ​ទៅ​ប៉ោយ​ប៉ែ​ត​រហូត ។ នៅ​ពេល​ទៅ​ដល់​ស្រុក​មោងឫស្សី ខេត្តបាត់ដំបង ក្រុម​បី​នាក់​នេះ​ត្រូវ​បែក​គ្នា​ជា​ពីរ ដោយសារ​កងចល័ត​របស់​ខ្មែរក្រហម​ព័ទ្ធ​ចាប់ គឺ​លោក​សែក ឌៀ ម្នាក់ឯង​មាន​កាំភ្លើង​ប៉េអាកុល​ដែល​អត់​គ្រាប់ និង​ក្រុម​លោក​អ៊ុ​ក ប៉ន ជាមួយនឹង​ក្រុម​លោក​កៅ វ​ណ្ណា​រិ​ន បាន​កាំភ្លើង​រឺ​វ៉ុល​វ៉ែ ដែល​មាន​គ្រាប់​ជាប់​នឹង​ខ្លួន ត្រូវ​រត់​រួច​ពី​ការ​ហ៊ុម​ព័ទ្ធ​នោះ តែ​លោក សែ​ល ឌៀ ត្រូវ​កងចល័ត​ហ៊ុម​ព័ទ្ធ​ជាប់ ។

ពេល​នោះ​គាត់​ក៏​លោត​ចូល​ទៅ​ក្នុង​បឹង​កំប្លោក​ដើម្បី​លាក់ខ្លួន ។ ដោយ​កងចល័ត​មិន​អាំ​ចរក​ឃើញ ពេល​នោះ​ពួក​វា​ក៏​យក​ឈើបុក​ពីលើ ដើម្បី​ឱ្យ​គាត់​ចេញពី​ទឹក ។ ដោយ​ពុំ​អាច​ទ្រាំ​បាន​នូវ​ការ​ឈឺចាប់ ពេល​ពួក​ខ្មែរក្រហម​បុក​ចំ ម្ដង​ៗ គាត់​ក៏​បាន​ងើប​ចេញពី​ទឹក ហើយ​យក​កាំភ្លើង​ប៉េអាកុល​ដែល​អត់​គ្រាប់​មក​អា​ម៉េ​តម្រង់​ទៅ​កាន់​ពួក​វា ។ ដោយ​ខ្លាច​កាំភ្លើង ពួក​កងចល័ត​ក៏​រត់​ចេញ ហើយ​គាត់​ក៏​រត់​ចេញ ។

អស់​រយៈពេល​មួយ​យប់​មួយ​ថ្ងៃ ទើប​ពួក​គាត់​បាន​រកគ្នា​ឃើញ ហើយ​ក៏​នាំ​គ្នា​បន្តដំណើរ​តាម​ផ្លូវ​រទេះភ្លើង​មក​ដល់​ខេត្តបាត់ដំបង ចំ​ពេល​ថ្ងៃ ។ មក​ដល់​បាត់ដំបង គាត់​ទាំង​បី​នាក់​ទៅ​លាក់ខ្លួន​នៅ​ជាន់​ខាងលើ​បំផុត​នៃ​ផ្ទះថ្ម​មួយ ដែល​មាន​ច្រើន​ជាន់ ។ លុះដល់​វេលា​យប់ គាត់​ក៏​ចេញ​ដើរ​រហូត​ដល់​ប៉ោយ​ប៉ែ​ត ហើយ​ឆ្លង​ចូល​ទឹកដី​ថៃ ដោយ​លើក​ទង់ជ័យ​ស​ជា​សញ្ញា​នៃ​ការ​សុំ​ចុះចូល ព្រមទាំង​ប្រគល់​កាំភ្លើង​ទាំង​ពីរ​ដើម​នោះ ទៅ​ឱ្យ​អាជ្ញាធរ​ថៃ ។ បន្ទាប់​មក​ពួក​គាត់​ក៏​ត្រូវ​ដឹក​មក​កាន់​បន្ទាយ​គុក​អារញ្ញ​នេះ​តែ​ម្ដង ។

ចំពោះ​ការ​ជាប់គុក​ក្នុង​បន្ទាយ​អារញ្ញ​នេះ ពួក​យោធា​ថៃ ដាក់គុក​យ៉ាង​យូរ​បំផុត​មួយ​អាទិត្យ ឬ​ក៏​ពីរ​អាទិត្យ ប៉ុណ្ណោះ ហើយ​ក៏​បញ្ជូន​អ្នកទោស​ទៅ​គុក​ធំ ស្ថិត​នៅ​ស្រុក​កា​ប៉ិន​បូ​រី ហើយ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​កាត់ទោស ។ ទី​បញ្ចប់​ស្នងការ​អង្គការសហប្រជាជាតិ ទទួល​បន្ទុក​ជនភៀសខ្លួន ទៅ​បង់លុយ​ជា​ថ្នូរ ក្នុង​ការ​ដោះ​លែង​មនុស្ស​ប្រមាណ​ជា​បី​-​បួន​រយ​បាត ហើយ​ក៏​ដឹក​អ្នកទោស​នោះ​ទៅ​កាន់​ជំរំ​ភៀសខ្លួន​ខ្មែរ​នៅ​អារញ្ញ​។ ប៉ុន្តែ​ជា​កុសលផល​បុណ្យ​ល្អ​សម្រាប់​បងប្អូន​ខ្ញុំ ដោយសារ​ភាព​ឧស្សាហ៍​ព្យាយាម ជួយ​ធ្វើ​ការ​ងារ​កង​ប៉េ​អឹ​ម​ថៃ ដូច​ជា​ពុះអុស រែក​ទឹក​ស្រោច​បន្លែ ដាំ​បន្លែ ដាំបាយ និង​ការងារ អ្វី​ៗ ទាំងអស់ ឱ្យ​តែ​ទើសភ្នែក ។ ដូច្នោះ​ហើយ ទើប​ពួក​គេ​អនុញ្ញាត​ឱ្យ​បងប្អូន​យើង ធ្វើ​ជា​ចុងភៅ​នៅ​ទីនោះ សម្រាប់​ដាំបាយ​ឱ្យ​ទាហាន​ហ្វឹកហ្វឺន​ថ្មី​របស់​ថៃ​ចំនួន​៥០០​នាក់ អស់​រយៈពេល​បី​ខែ​ដប់​ប្រាំ​ថ្ងៃ ដែល​ជា​រយៈពេល​ដ៏​យូរ​ជាងគេ​បង្អស់ ។

ជា​ធម្មតា​តែងតែមាន​បងប្អូន​រត់​ពី​ស្រុក​ខ្មែរ​ចូល​មក​ទឹកដី​ថៃ ត្រូវ​គេ​បញ្ជូន​មក​ដាក់គុក​នៅ​ទី​នេះ​ទាំងអស់ ។ ក្នុង​រយៈពេល​ដែល​យើង​ធ្វើ​ជា​ចុងភៅ​ក្នុង​គុក​នោះ យើងខ្ញុំ​បាន​ប្រទះ​ឃើញ​ក្មេង​ជំទង់​ពីរ​នាក់​អាយុ​ដប់​បួន ដប់​ប្រាំ​ឆ្នាំ​ប៉ុណ្ណោះ​ក៏​ត្រូវ​ជាប់គុក​នៅ​ទីនោះ​ដែរ ។ គេ​ទាំង​ពីរ​នាក់​នៅ​ភូមិ​ល្វា​សឿ ដែល​ជា​ធម្មតា​អ្នក​ដែល​ស្គាល់ផ្លូវ​រត់​ពី​ល្វា​សឿ មក​កាន់​ទឹកដី​ថៃ ប្រើ​ពេល​តែ​មួយ​យប់​មួយ​ថ្ងៃ​ប៉ុណ្ណោះ ។ ផ្ទុយ​ទៅ​វិញ​ក្មេង​ទាំង​ពីរ​នេះ​មិន​ស្គាលផ្លូវ ក៏​ត្រូវ​ចំណាយពេល​មួយ​ខែ​កន្លះ ទើប​មក​ដល់​ព្រំប្រទល់​ថៃ ។ ការ​ធ្វើ​ដំណើរ​នៅ​តាម​ផ្លូវ​ដោយ​ពុំ​មាន​អាហារ ពួក​គេ​ត្រូវ​បង្ខំចិត្ត​បេះ​ស្លឹកឈើ ទំពាំង​ព្រេច យ​កុ​មក​ទទួលទាន ។ ដូចនេះ​ហើយ​ពេល​ជាប់គុក​នៅ​អារញ្ញ ក្មេង​ទាំង​ពីរ​មាន​រូបរាង​ស្គាំងស្គម ស្លេកស្លាំង និង​មាន​រមាស់ ជាប់​ពេញ​ទាំង​ខ្លួន​ផង ។ ក្នុង​នាម​ជា​ចុងភៅ យើង​មិន​ត្រឹមតែ​ជួយ​ក្មេង​ពីរ​នាក់​នេះ​ឱ្យ​ផុត​ពី​ការ​អត់ឃ្លាន​នោះ​ទេ ព្រមទាំង​ជួយ​បងប្អូន​ខ្មែរ​ទាំងអស់​ដែល​បាន​ជាប់គុក​នៅ​ទី​នេះ​ទៀត ។ ចំពោះ​របប​អ្នក​ជាប់គុក គឺ​បាយ​ឆា​លាយ​ត្រកួន និង​សៀង​មួយ​ចានចង្កឹះ ដែល​មាន​បាយ​តែ​ប្រមាណ​៥-៦​ស្លាបព្រា​ប៉ុណ្ណោះ​។ អីុចឹង​ហើយ ទើប​រៀង​រាល់​ល្ងាច ខ្ញុំ​តែងតែ​រក​ឱកាស​លួច​ជួយ​ផ្ដល់​បាយ​ទឹក​បន្ថែម​ឱ្យ​ពួក​គេ ដោយ​លួច​យក​បាយ​សម្ល ឬ​ម្ហូប​សំណល់​ពី​ពួក​ទាហាន​ថៃ ហើយ​យក​ទៅ​ដាក់​ក្នុង​ហោប៉ៅ​ខោ​របស់ខ្ញុំ ដែល​ជា​ខោ​ទាហាន ចាស់​ៗ មាន​ហោប៉ៅ ធំ​ៗ ហើយ​ត្រូវ​គេ​បោះចោល​នោះ យក​មក​គក់​ស្លៀក ។

អស់​រយៈពេល​បី​ខែ ដប់​ប្រាំ​ថ្ងៃ បងប្អូន​យើង​ទាំង​ពីរ ត្រូវ​គេ​បញ្ជូន​មក​គុក​កា​ប៉ិ​ន​បូ​រី ហើយ​បញ្ជូន​ទៅ​តុលាការ ដើម្បី​កាត់ទោស ។ ទី​បញ្ចប់​អង្គការសហប្រជាជាតិ ក៏​ទៅ​សុំ​ដោះ​លែង ហើយ​បញ្ជូន​មក​ជំរំ​ជនភៀសខ្លួន នៅ​អារញ្ញ​ដូច​បងប្អូន​ខ្មែរ​យើង​ដែរ ៕