ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ បញ្ជាក្រសួង​ព័ត៌មាន​លុប​ចោល​អាជ្ញាប័ណ្ណ​វិទ្យុ​VOD​ត្រឹម​ម៉ោង​១០​ថ្ងៃ​ទី​១៣ កុម្ភៈ បើ​​មិន​ធ្វើការ​សុំទោស

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន ​សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា សម្តេច​

រាជធានី​ភ្នំពេញ ​៖ សម្តេច​តេ​ជោ ហ៊ុន ​សែន នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​នៅ​មុន​នេះ​បន្តិច​ថា សម្តេច​សម្រេច​ទុក​ពេលវេលា​ត្រឹម​ម៉ោង​១០​ព្រឹក​នៃ​ថ្ងៃ​ទី​១៣​ កុម្ភៈ ស្អែក​នេះ ដើម្បី​ឲ្យ​ស្ថាប័ន​វិទ្យុផ្សាយសម្លេង VOD សុំ​ទោស បើ​មិន​ដូច្នោះ​ទេ ស​ម្តេច​តេ​ជោ នឹង​បញ្ជា​ឱ្យ​ក្រសួង​ព័ត៌មាន​លុប​ចោល​អាជ្ញា​ប័ណ្ណ​បញ្ចប់​ការ​ផ្សាយ​របស់​វិទ្យុ​VOD ​ត្រឹម​ម៉ោង​10.00​នាទី​ថ្ងៃ​ទី​១៣ កុម្ភៈនេះ ក្នុង​ករណី​ពួក​គេ​មិន​បាន​ធ្វើការ​សូមទោស​។

ការ​ប្រកាស​របស់​សម្តេច​តេ​ជោ បាន​ធ្វើ​ឡើង​តាម​រយៈ​សំ​ណេ​រដែ​ល​បាន​បង្ហោះ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​សម្តេច​នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ទី​១២ កុម្ភៈ​ឆ្នាំ​២០២៣​។ តាម​រយៈ​សំ​ណេ​រ​របស់​សម្តេច​តេ​ជោ បាន​គូសបញ្ជាក់​ថា «​មុន​នេះ​បន្តិច​ខ្ញុំ​បាន​ឆ្លើយ​តប​ជាមួយ​ឈ្មោះ (​គណនី​ហ្វេ​ស​ប៊ុ​ក​) Min Pov ទាក់ទង​ដល់​វិទ្យុ​VOD ដូច​មាន ខ្លឹមសារ​ជូន​ភ្ជាប់​មក​ជាមួយ​។ ខ្ញុំ​កំពុង​រង់ចាំ​ចម្លើយ​ពី​គាត់​វិញ​។ ពេល​នេះ​ខ្ញុំ​សម្រេច​កាត់​បន្ថយ​ពេលវេលា​សូមទោស​មក​នៅ​ត្រឹម​២៤​ម៉ោង គឺ​កំណត់​ត្រឹម​ម៉ោង​10.00​នាទី​ព្រឹក​ថ្ងៃ​១៣​កុ​ម្ភះ ២០២៣​វិញ​»​។

បើ​តាម​ការ​បង្ហាញ​របស់​សម្តេច​តេ​ជោ គឺ​គណនី​ហ្វេ​ស​ប៊ុ​ក ឈ្មោះ «Min Pov» បាន​បញ្ចេញ​ទស្សនៈ​ថា «​វី​អូ​ឌី ជា​ស្ថាប័ន​សំខាន់​មួយ​ក្នុង​ការ​ផ្តល់​ព័ត៌មាន ហើយ​ក៏​ជួយ​រដ្ឋាភិបាល​ឱ្យ​ដឹង​បន្ថែម​ជ្រុង​មួយទៀត​នៃ​សង្គម​។ បើ​សង្ស័យ​មានការ​យល់​ច្រឡំ គួរ​អង្គុយ​ជុំ​គ្នា ជជែក​គ្នា​សិន​ទៅ មិន​គួរ​ឈាន​ដល់កំណត់​ម៉ោង​ឱ្យ​សុំ​ទោស​ចឹ​ង​ទេ​ពូ​»​។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​ខាងលើ សម្តេច​តេ​ជោ បាន​បញ្ជាក់​ថា ដំបូង​ឡើយ​គឺ​សម្តេច​ទុក​ពេល​ដល់​ទៅ ៧២ ម៉ោង ដើម្បី​ឱ្យ​ខាង​ស្ថាប័ន វី​អូ​ឌី ចេញ​មុខ​មក «​សុំ​ទោស​» ជុំវិញ​ការ​ផ្សាយ​អត្ថបទ​មួយ​ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត កូនប្រុស​ច្បង​របស់​សម្តេច​តេ​ជោ និង​ជា អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក «​បាន​ចុះហត្ថលេខា​ជំនួស​សម្តេច​តេ​ជោ​ប្រមុខ​រាជរដ្ឋាភិបាល ក្នុង​ការ​ផ្តល់​ជំនួយ​ថវិកា​ទៅ​អោយ​ប្រទេស​តួ​គី​ដែល​កំពុង​រង​គ្រោះ​រញ្ជួយ​ដី​ផង​»​។

ក្នុង​ការ​ផ្សាយ​នេះ​ផង​ដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ទាមទារ​ថា «​បើ VOD មិន​មាន​ឯកសារ ហើយ​ចុះ​ផ្សាយ​ព​ត៌​មាន​មិន​ត្រឹមត្រូវ សូម​ធ្វើការ​សុំ​ទោស ព្រមទាំង​ធ្វើការ​កែសម្រួល​ព​ត៌​មាន​និ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ជា​បន្ទាន់ ដើម្បី​កុំអោយ​សាធារណៈ​មតិ​មានការ​យល់​ច្រឡំ​ក្នុង​រឿង​នេះ​។ ខ្ញុំ​មិន​ចង់បាន​អ្វី​ក្រៅ​តែ​ពី​ការពារ​ភាព​ត្រឹមត្រូវ​និង​ច្បាស់លាស់​ទេ​»​។

ចំណែក​សម្តេច​តេ​ជោ នៅ​ព្រឹក​ថ្ងៃ​ទី ១២ កុ​ម្ភះ​នេះ ក៏​បាន​បញ្ជាក់​ច្បាស់​ៗ​ថា «​ដើម្បី​កុំ​ឲ្យ​យប់​យូរ​សុបិន​ច្រើន​និង​អ​ន្ទ​ន់​វែង​ឆ្នាំង​វែង​ខ្ញុំ​បញ្ជា​ឲ្យ​ក្រសួង​ព័ត៌មាន​លុប ចោល​អាជ្ញា​ប​ណ័​បញ្ចប់​ការ​ផ្សាយ​របស់ វិទ្យុ​VOD​ត្រឹម​ម៉ោង​10.00​នាទី​ថ្ងៃ​ទី​១៣ កុ​ម្ភះ​២០២៣​ស្អែក​នេះ​ក្នុង​ករណី​ដែល​ពួក គេ​មិន​បាន​ធ្វើការ​សូមទោស​។ ដំបៅ​មិន​ឈឺ​កុំ​យក​ឈើ​ចាក់​។​បើ​គង់តែ​ពួក គេ​ចោទ​ថា​ខ្ញុំ​ប្រើ​អំណាច​ខ្ញុំ​ត្រូវ​តែ​ប្រើ​អំណាច​នេះ​ដើម្បី​បំពេញ​បំណង​របស់​ពួក​គេ​»​។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា​ស្អែក​នេះ​(​ថ្ងៃ​ទី​១៣​កុម្ភៈ​)​ឯកឧត្តម​ប៊ិ​ន ឈិ​ន​នឹង​ត្រូវធ្វើ​ជា នាយក​រដ្ឋមន្ត្រី​ស្តីទី​ត្រូវធ្វើ​កិច្ចការ​នេះ​ឲ្យ​បាន​ ព្រោះ​ទាំង​ខ្ញុំ​ សម្តេច ស ខេ​ង ទៀ បាញ់ លោក​ជំទាវ​ម៉ែ​ន សំ​អន​នឹង​ទស្សនកិច្ច​នៅ ឡាវ​ជាមួយ​គ្នា​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ