ខេត្តសៀមរាប ៖ បុរសម្នាក់ជិះម៉ូតូឌុបកូនស្រីទៅផឹកស្រានៅខ្នងភ្នំគូលែនរហូតស្រវឹងជោកជាំ ក៏ឌុបកូនត្រឡប់មកផ្ទះវិញ តែអកុសលបានធ្លាក់ចូលក្បាលជ្រោះបណ្តាលឱ្យឆេះម៉ូតូដោយឪពុកស្លា.ប់ភ្លាមៗ ចំណែកកូនស្រី អាយុ៣ឆ្នាំបានរួចផុតពីគ្រោះថ្នាក់ ដែលបង្កការភ្ញាក់ផ្អើលទាំងយប់នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៩ និង៣០នាទីយប់ ស្ថិតនៅចំណុចក្បាលជ្រោះ ក្នុងភូមិអន្លងធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប។

បើតាមលោកវរសេនីយ៍ឯក ស៊ុន អេង អធិការនគរបាលស្រុកស្វាយលើ បានប្រាប់ឱ្យដឹងថា មានករណីមនុស្សគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឱ្យឆេះភ្លើងស្លា.ប់ ។ ក្រោយពីទទួលព័ត៌មានបានភ្លាម លោកបានឱ្យកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកស្វាយលើ ចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នងភ្នំ ទៅដល់ទីតាំងកើតហេតុជាក់ស្ដែង រួចធ្វើការពិនិត្យស.ពតែម្តង ។

លោកបញ្ជាក់ថា ស.ពជនរងគ្រោះឈ្មោះ គង់ ឆាយ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប បានឆេះស្លា.ប់ក្នុងជ្រោះ កន្លែងចំណុចកើតហេតុខាងលើ ។ តាមការឱ្យពីឈ្មោះឆាយ ស្រីពី ភេទស្រី អាយុ០៣ឆ្នាំ (អ្នកជិះជាមួយ) ត្រូវជាកូនស្រីបង្កើតរបស់ជនរងគ្រោះ និងឈ្មោះ ណម
ឌុយ ភេទប្រុស អាយុ៣០ឆ្នាំ ជាអ្នកលក់ស្រាបៀរ ឱ្យជនរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង០៥ល្ងាច ជនរងគ្រោះបានជិះម៉ូតូឌុបកូនស្រីមកឈប់ផឹកស្រានៅតូបរបស់ខ្លួន ស្ថិតនៅភូមិអន្លង់ធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។

ជនរងគ្រោះបានបន្តផឹករហូតដល់ស្រវឹងជោកជាំ ទើបនៅវេលាម៉ោង០៧យប់ថ្ងៃដដែល ម្ចាស់តូបបានប្រាប់ទៅជនរងគ្រោះឱ្យនាំកូនស្រីទៅផ្ទះវិញ ព្រោះកូនឃ្លានបាយហើយ ។ បន្ទាប់មក ជនរងគ្រោះបានជិះម៉ូតូ ឌុបកូនស្រីត្រឡប់មកផ្ទះវិញ តែខណៈពេលជិះដល់ចំណុចកើតហេតុក្បាលជ្រោះ ភូមិអន្លងធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ដោយសារតែម៉ូតូគ្មានភ្លើង ហើយជនរងគ្រោះស្រវឹងផងក៏បានជ្រុលចង្កូតធ្លាក់ទាំងម៉ូតូនិងមនុស្សចូលក្នុងជ្រោះ ។

ពេលនោះជនរងគ្រោះត្រូវបានម៉ូតូសង្កត់ពីលើ(ម៉ូតូគ្មានខ្សៀរប៊ូស៊ី) ទើបបណ្តាលឱ្យឆេះស្លា.ប់ ។ ចំណែកកូនស្រីក៏បានធ្លាក់ចូលដែរតែមិនបានសន្លប់ទេ ពេលកូនស្រីឃើញឪពុកសន្លប់មិនកំរើក ហើយមានផ្សែងចេញពីក្នុងម៉ូតូទៀត ក៏បានរត់ទៅហៅបងប្រុសបង្កើតឈ្មោះ ឆាយ វង់ ភេទប្រុស អាយុ០៨ឆ្នាំ ដែលនៅជិតនោះឱ្យមកជួយតែពេលត្រឡប់មកវិញជនរងគ្រោះក៏ត្រូវបានភ្លើងឆេះបណ្តាលឱ្យស្លា.ប់បាត់ទៅហើយ ។

លោកបន្ថែមទៀតថា ក្រោយការពិនិត្យស.ពឃើញថា- ផ្នែកក្បាលលលាដ៏ក្បាលដងខ្លួន និង អវៈយវៈមានសភាពឆេះខ្លោច ពុំមានស្លាកស្នាមពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌឡើយ ។
ចែករំលែកព័តមាននេះ