ភ្នំពេញ៖ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា បានដឹកនាំគណៈប្រតិភូ បំពេញទស្សនកិច្ចនៅទីស្នាក់ការថ្មីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣។ អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ដែលគេស្គាល់ថា សាលាក្តីកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម បានប្តូរទីតាំង ចេញពីបញ្ជាការដ្ឋានកងទ័ពជើងគោក មកកាន់ទីស្នាក់ការថ្មី ដើម្បីបន្តអាណត្តិការងារ ៣ឆ្នាំទៀត រាប់ចាប់តាំងពីឆ្នាំ២០២៣នេះ រហូតដល់ឆ្នាំ២០២៥។
ក្នុងដំណើទស្សនកិច្ចនេះ គណៈប្រតិភូទាំងអស់ទទួលបាន ការស្វាគមន៍យ៉ាងរាក់ទាក់ពីលោក ក្រាញ់ តូនី ប្រធានរដ្ឋបាលស្តីទី លោក ឃ្នុត រ៉ូហ្សិនហក អនុប្រធានរដ្ឋបាល និងមន្ដ្រីជាន់ខ្ពស់របស់អ.វ.ត.ក។
លោក ក្រាញ់ តូនី និងលោក ឃ្នុត រ៉ូហ្សិនហក បានជម្រាបជូនគណៈប្រតិភូអំពីសមិទ្ធផល ដែលសម្រេចបានដោយជោគជ័យរបស់អ.វ.ត.ក ក្នុងការជំនុំជម្រះក្ដី លើអតីតមេដឹកនាំខ្មែរក្រហមអស់រយៈពេល ១៦ឆ្នាំមកនេះ ដោយបានរួមចំណែកដល់ការរក្សាបាននូវសន្ដិភាព ការផ្សះផ្សារផ្លូវចិត្តរបស់ជនរងគ្រោះ ការមិនមានការសងសឹក និងចងគំនុំគ្នា ក្នុងសង្គមជាតិ និងការបំបាត់បាននូវវប្បធម៌និទណ្ឌភាព នៅកម្ពុជា។
លោកប្រធាន និងលោកអនុប្រធានរដ្ឋបាល ក៏បានជម្រាបជូនគណៈប្រតិភូអំពីសកម្មភាពការងារសេសសល់របស់អ.វ.ត.ក ដែលត្រូវអនុវត្តក្នុងអំឡុងពេលបីឆ្នាំទៅមុខ ចាប់ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៥ ដែលរួមមានៈ ការងារគតិយុត្តមួយចំនួន ជាពិសេសពាក់ព័ន្ធនឹងការឃ្លាំមើលការអនុវត្តទោស ការធ្វើចំណាត់ថ្នាក់ឯកសារសំណុំរឿងឡើងវិញពីសម្ងាត់ ទៅជាសាធារណៈ ការគ្រប់គ្រង និងការផ្សព្វផ្សាយឱ្យបានទូលំទូលាយបណ្ណសារនៃសំណុំរឿងអស់ដែលមានជាង ៣លានទំព័រ ការផ្សព្វផ្សាយនិងអប់រំ ក្នុងស្មារតីលើកកម្ពស់ការយល់ដឹងនៃដំណើរការកាត់សេចក្តី សមិទ្ធផល និងកេរតំណែលរបស់អ.វ.ត.ក ដល់យុវជនជំនាន់ក្រោយ។
លោក ឃ្នុក រ៉ូហ្សិនហក ក៏បានធ្វើបទបង្ហាញអំពីផែនការសកម្មភាពការងារលម្អិតរបស់អ.វ.ត.ក ដែលត្រូវបំពេញ ក្នុងអំឡុងពេលបីឆ្នាំខាងមុខផងដែរ។
លោក សួស យ៉ារ៉ា បានកោតសរសើរ លើសមទ្ធិផលរបស់អ.វ.ត.ក និងបានបញ្ជាក់ថា សមទ្ធិ ផលនេះ មានសារៈសំខាន់ណាស់ សម្រាប់ការអប់រំ និងសន្ដិភាពរបស់ប្រជាជាតិទាំងមូល។
លោក សួស យ៉ារ៉ា គាំទ្រទាំងស្រុងនូវសកម្មភាពរបស់អ.វ.ត.ក ដែលត្រូវបំពេញក្នុងអំឡុង ពេលបីឆ្នាំខាងមុខនេះ ហើយលោកសង្ឃឹមថា នឹងមានកិច្ចសហប្រតិបត្តិការរវាងអ.វ.ត.ក និង គណៈកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា ជាពិសេសគណៈប្រតិភូទាំងពីរ ក៏បានពិភាក្សាគ្នាលើគម្រោងសហប្រតិបត្តិការរួមគ្នា ក្នុងការ លើកកម្ពស់ការងារអប់រំផ្នែកគតិយុត្តិ ការចែករំលែកយុត្តិសាស្រ្តល្អៗរបស់អ.វ.ត.ក នៅថ្នាក់តំបន់ និងអន្តរជាតិ តាមរយៈការបង្កើតឱ្យមានបណ្ណាល័យច្បាប់ឌីជីថល និងការងារផ្សព្វផ្សាយដល់សាធារណជនឱ្យបានទូលំទូលាយផងដែរ៕ សុខ សារ៉ាយ









ចែករំលែកព័តមាននេះ