ខេត្តកំពង់ឆ្នាំង ៖ ក្នុងយុទ្ធនាការចុះចាក់ថ្នាំវ៉ាក់សាំង ការពារជំងឺដល់សត្វគោក្របីរបស់ប្រជាពលរដ្ឋនៅភូមិចាថ្មី ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ក្រឹង សំអាត ប្រធានការិយាល័យ ផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនាំសត្វគោ ក្របី មកចាក់ការពារជំងឺដល់សត្វពាហនៈ របស់ខ្លួនទាន់ពេលវេលា។ ហើយពិធីនេះ ក៏មានការអញ្ជើញចូលរួមពីលោកមេភូមិ មេឃុំ និងភ្នាក់ងារសុខភាពសត្វភូមិផងដែរ។
![Picture]()
ប្រធានការិយាល័យ បានបន្តថា ប្រសិនបើសត្វពាហនៈរបស់បងប្អូនមានជំងឺកើតឡើង ហើយព្យាបាលមិនទាន់ពេលវេលា វានឹងងា.ប់ធ្វើឱ្យបាត់បង់ទ្រព្យសម្បត្តិ ធនធាន ដែលក៏ធ្វើឲ្យប៉ះពាល់ដល់ជីវភាពគ្រួសារយើងផងដែរ ព្រោះតែសត្វគោ ក្របី មានតម្លៃថ្លៃ។ ហេតុនេះ សូមបងប្អូនគិតគូរពីសុខភាពសត្វរបស់ខ្លួន និងសូមកុំបណ្ដែតបណ្ដោយដូចពីពេលមុនៗ។
![Picture]()
លោកប្រធានការិយាល័យ បន្តទៀតថា ជាងនេះទៀត សូមយកចិត្តទុកដាក់គិតគូរពីសុខភាពសត្វ ដែលជាកម្លាំងអូសទាញលើមុខរបរកសិកម្មឲ្យបានត្រឹមត្រូវ ដូចជាកន្លែងដេកមានសុវត្ថិភាព គ្មានភក់ជ្រាំ មិនមានលាមក គោក្របីទៀត បើមានលទ្ធភាពទិញមុងមកចងឱ្យវាដេក ឬហោចណាស់ក៏មានត្រឹមភ្នក់ភ្លើងដេញមូសក៏បាន។
![Picture]()
សូមបញ្ជាក់ដែរថា យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺសត្វ នៅថ្ងៃនោះ មន្ត្រីជំនាញបានបែងចែកជា៣ទីតាំងខុសគ្នា គឺនៅឃុំមេលំ ស្រុកបរិបូរណ៍ និងឃុំក្រាំងលាវ ឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ដែលជាលទ្ធផលមួយថ្ងៃចាក់បានសរុបចំនួន ២០៣៣ក្បាល ក្នុងនោះវ៉ាក់សាំងដុំពកលើស្បែកចំនួន ៤៥៥ ក្បាល វ៉ាក់សាំង អ៊ុតក្តាមចំនួន ១៥៧៨ក្បាល (ក្របីសរុប ៤៣៦ក្បាល)៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ