រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាក់ចង់ឃើញជប៉ុនអាចជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា តាមរយៈលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងរៀបចំឲ្យមានការហោះហើរត្រង់ ឬ Chater Fly មកកាន់កម្ពុជា។
![Picture]()
ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខណៈបានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជាចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវិមានសន្តិភាព។
នៅក្នុងជំនួបឯកឧត្តម Atsushi បានគោរពចូលរួមសម្ដែងមរណៈទុក្ខដ៏ក្រៀមក្រំជាទីបំផុតចំពោះការបាត់បង់ប្អូនស្រីថ្លៃរបស់សម្ដេចតេជោ និងសូមវិញ្ញាណក្ខន្ធរបស់គាត់បានទៅកាន់សុគតិភព។
![Picture]()
ឯកឧត្តម Atsushi បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តមបាន មកកាន់កម្ពុជា កាលពីឆ្នាំ១៩៩២ ហើយនៅពេលនេះកម្ពុជាមានការអភិវឌ្ឍយ៉ាងខ្លាំងមានស្ថិរភាព និងមានសន្តិភាព។ក្នុងន័យនេះ ឯកឧត្តម សូមសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ក្នុងភាពជាអ្នកដឹកនាំជាទីគោរព។
ជាមួយគ្នានោះដែរ ឯកឧត្តម Atsushi ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធក្នុងភាពជាប្រធានអាស៊ានទទួលបានជោគជ័យ។
![Picture]()
ឯកឧត្តម Atsushiបន្តថា ទំនាក់ទំនងរវាងទាំងពីរ គឺល្អបំផុតនៅពេលនេះ។ ឯកឧត្តមពិតជាមានកិត្តិយសណាស់ដែលបានមកបម្រើការងារជាអ្នកការទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងជំនួបឯកឧត្តម Atsushi បានប្ដេជ្ញា និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុនឲ្យកាន់តែរឹងមាំថែមទៀតតាមរយៈជំរុញអ្នកវិនិយោគមកកាន់កម្ពុជា, ជំរុញទេសចរណ៍មកកម្ពុជា និងជួយគាំទ្រកម្ពុជាលើការរៀបចំដំណើរការកីឡាស៊ីហ្គេម, បោះឆ្នោតនាខែកក្កដាខាងមុខ, ការងារដោះមីន, កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការងារដទៃទៀត។
![Picture]()
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តម Atsushi ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណជូនចំពោះឯកឧត្តម Atsushi នូវការចូលរួមរំលែកមរណៈទុក្ខ។សម្ដេចតេជោ បានថ្លែងអំណរគុណ និងយល់ស្របជាមួយការលើកឡើងរបស់ឯកឧត្តម Atsushi អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។
![Picture]()
ជាមួយការប្ដេជ្ញាចិត្តរបស់ឯកឧត្តម Atsushi ជួយដល់កម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ជប៉ុនអាចជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជាតាមរយៈលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងរៀបចំឲ្យមានការហោះហើរត្រង់ ឬ Chater Fly មកកាន់កម្ពុជា។ ដោយឡែកលើវិស័យសេដ្ឋកិច្ច និងវិនិយោគសម្ដេចបានសុំឱ្យឯកឧត្តមអគ្គរាជទូតជួយជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយជំរុញឲ្យអ្នកវិនិយោគមកកាន់កម្ពុជាកាន់តែច្រើនឡើងថែមទៀត ៕
ចែករំលែកព័តមាននេះ