ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បិទ​ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​​ឆ្នាំ​២០២២ ឆ្នាំ​២០២៣

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២២ ​បាន​ប្រកាស​

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ប្រចាំឆ្នាំ​២០២២ ​បាន​ប្រកាស​បិទ​ការ​ប្រកួត​ជា​ផ្លូវការ​ហើយ​កាលពី​ល្ងាច​ថ្ងៃ​ទី​៥ កុម្ភៈ នៅ​ទីលាន​សាល​ដំបូលទូក​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។

Picture

ថ្លែង​ក្នុង​ឱកាស​នោះ ឯកឧត្តម សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា អនុប្រធាន​សហព័ន្ធ​កីឡា​កា​រ៉ា​តេ​កម្ពុជា បាន​ជំរុញ​ដល់​កីឡាករ​-​កីឡាការិនី និង​ថ្នាល​ទាំងអស់ ត្រូវ​បន្ដ​ខិតខំ​ហ្វឹកហាត់ និង​ស្វែង​យល់​បច្ចេកទេស​បន្ថែម ដើម្បី​លើកកម្ពស់​សមត្ថភាព​ត្រៀម​ការ​ប្រកួត​ថ្នាក់​ជាតិ និង​អន្ដរជាតិ​នានា ពិសេស​ត្រៀម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា នា​ពេល​ខាង​មុខ​។

Picture

ការ​លើក​ឡើង​នេះ បន្ទាប់​ពី​សហព័ន្ធ​បាន​រៀបចំ​ការ​ប្រកួត​កីឡា​កា​រ៉ា​តេ​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២២ ដែល​បញ្ចប់​ដោយ​ជោគជ័យ ក្រោយ​ដំណើរការ​ប្រកួត​រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​០៣-០៥ ខែកុម្ភៈ ឆ្នាំ​២០២៣ នៅ​សាល​ដំបូលទូក នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ។ ការ​ប្រកួត​នេះ មាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ២៤៨​នាក់ មក​ពី​២១​ក្លិប​។

Picture

ឯកឧត្តម សា​មឺ​ឌី ស៊ីវ​ឌ្ឍ​នា បន្ដ​ថា ការ​ចូលរួម​របស់​បណ្ដា​សមាគម ក្លិប និង​សាលា​គុន​យ៉ាង​ផុសផុល​នេះ សបញ្ជាក់​ពី​ការ​រីក​ចម្រើន លើកកម្ពស់​ការ​យល់​ដឹង​ពី​តម្លៃ​កីឡា និង​បេសកកម្ម​លើក​ស្ទួយ​វិស័យ​កីឡា​កា​រ៉ា​តេ​។ ម្យ៉ាង​ការ​ប្រកួត​នេះ ក៏​ជា​សក្ខីភាព នៃ​ស្មារតី​សហការ​ខ្ពស់​ពី​គ្រប់​មជ្ឈដ្ឋាន​របស់​គ្រួសារ​កា​រ៉ា​តេ ក្នុង​យុទ្ធនាការ​ជាតិ ស្ដី​ពី​ការ​ផ្សព្វផ្សាយ​លើ​ប្រធានបទ «​កីឡា​រស់​ក្នុង​សន្ដិភាព​» ផង​ដែរ​។

Picture

ចំពោះ​លទ្ធផល​បច្ចេកទេស នៃ​ការ​ប្រកួត​ប្រចាំឆ្នាំ​នេះ​វិញ បន្ទាប់​ពី​ឆ្លងកាត់​ការ​ប្រកួត​ដ៏​ស្វិតស្វាញ គឺ​ក្លិប​ក្រសួងការពារជាតិ ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ​សរុប ១៩​គ្រឿង មាន​មេដាយមាស ១០, ប្រាក់ ៥ និង​សំរឹទ្ធ ៤​។ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ឈរ​លេខ​២ ឈ្នះ​មេដាយ​សរុប ១៣​គ្រឿង មាន​មេដាយមាស ៦, ប្រាក់ ១ និង​សំរឹទ្ធ ៦​។ ក្លិប​ហនុមាន ឈរ​លេខ​៣ ឈ្នះ​មេដាយ​សរុប ២២​គ្រឿង មាន​មេដាយមាស ៥, ប្រាក់ ៩ និង​សំរឹទ្ធ ៨ និង​ក្លិប​ក្រសួងមហាផ្ទៃ ឈរ​លេខ​៤ ឈ្នះ​មេដាយ​សរុប ១៤​គ្រឿង មាន​មេដាយមាស ៤, ប្រាក់ ៤ និង​សំរឹទ្ធ ៦​គ្រឿង ៕