ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណង់​ឥត​ច្បាប់​ក្នុង​តំបន់ហាមឃាត់​ឧទ្យាន​អង្គរ ប្រឈម​នឹង​ការ​កម្ទេច​ចោល​នៅ​ដើមខែ​នេះ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ អាជ្ញាធរ​ខេត្ត​រួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​គ្រប់គ្រង​ឧទ្យាន​អង្គរ បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បាញ​ល្បី បាន​ជូនដំណឹង​ជា​លើក​ចុង​ក្រោយ​ទៅ​ដល់​ប្រជាពលរដ្

ខេត្តសៀមរាប ៖ អាជ្ញាធរ​ខេត្ត​រួម​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​គ្រប់គ្រង​ឧទ្យាន​អង្គរ បេតិកភណ្ឌ​ពិភពលោក​ដ៏​ល្បាញ​ល្បី បាន​ជូនដំណឹង​ជា​លើក​ចុង​ក្រោយ​ទៅ​ដល់​ប្រជាពលរដ្ឋ ដែល​ផ្សងព្រេង​សង់​លំនៅ​ដ្ឋា​ន​ដោយ​ខុសច្បាប់ នៅ​ក្នុង​តំបន់ហាមឃាត់​ដ៏​តឹងរ៉ឹង​នៃ​ឧទ្យាន​អង្គរ ឲ្យ​រុះរើ​ចេញ​ជា​កំហិត​ត្រឹម​ថ្ងៃ​ទី​០៩ សីហា ខាង​មុខ បើ​ពុំ​ដូច្នេះ​កម្លាំង​ចម្រុះ​នឹង​បើក​ប្រតិបត្តិការ​វាយ​កម្ទេច ដោយ​មិន​ទទួល​រ៉ាប់រង​នូវ​លើ​ការ​ខូចខាត​ឡើយ​។ អភិបាលខេត្ត​សៀមរាប​លោក ឃឹម ប៊ុ​ន​សុង នៅ​ព្រឹក​ថ្ងៃ​ទី​២ សីហា ២០១៧​នេះ បាន​មាន​ប្រសាសន៍​តាម​ទូរស័ព្ទ​ប្រាប់​អ្នក​ព័ត៌មាន​យើង​ឲ្យ​ដឹង​ថា រដ្ឋបាល​ខេត្ត និង​អាជ្ញាធរ​ជាតិ​អប្សរា បាន​ជូនដំណឹង​ជា​ផ្លូវការ​រួច​ហើយ នៅ​លើ​ប្រ​ព​ន្ធ័​បណ្តាញ​ទំនាក់ទំនង​សង្គម ដោយ​ទុក​ពេល​ត្រឹម​ថ្ងៃ​ទី​០៩ ខែសីហា ឆ្នាំ​២០១៧​ខាង​មុខ សម្រាប់​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ លោក​បាន​សាងសង់​សំណង់​ល្មើសច្បាប់​ទាំង​ហ្នឹង​ស្ម័គ្រ​រុះរើ​ចេញ​ដោយ​ខ្លួនឯង មុន​នឹង​កម្លាំង​សហ​ប្រ​តិ​តប​ត្តិ​ការ​ចុះ​បោសសម្អាត​។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​«​យើង​បាន​ត្រៀមកម្លាំង​រួចរាល់​ហើយ ដើម្បី​ប្រតិបត្តិការ​ដ៏​សំខាន់​មួយ​នេះ ដោយ​មាន​សមាសភាព​ចូលរួម​មក​ពី​អាជ្ញាធរ​អប្សរា អាជ្ញាធរ​ខេត្ត អាជ្ញាធរ​ដែនដី ចាប់ពី​ក្រុង ស្រុក​រហូត​ដល់​ឃុំ សង្កាត់ រួម​ជាមួយ​កម្លាំងប្រដាប់អាវុធ​រាប់​សិប​នាក់​ផង​ដែរ​។ លោក​បាន​ហៅ​ប្រតិបត្តិការ​ដែល​នឹង​គ្រោង​ធ្វើ​ឡើង​នា​ពេល​ខាង​មុខ​ថា ជា​ការ​អនុវត្តន៍​ច្បាប់​ក្នុង​គោលបំណង​បង្កា​កុំ​ឲ្យ​ឧទ្យាន​អង្គរ​ធ្លាក់​នៅ​ក្នុង​ដំណាក់កាល​ដាក់​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ងាយ​រង​គ្រោះ​។ ក្នុង​ករណី​មានការ​រារាំង​នោះ​ចំណាត់ការ​ច្បាប់​នឹង​ត្រូវ​បាន​យក​មក​ប្រើ​ប្រឆាំង​ជាក់​ជា​មិន​ខាន​។ ជាមួយ​គ្នា​ដែរ អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា លោក ឡុ​ង កុសល បាន​ថ្លែង​កាលពី​ថ្ងៃ​ទី​០១ សីហា នេះ​ថា​៖ សំណង់​ថ្មី​ដែល​ស្ថិត​នៅ​ក្នុង​បញ្ជី​រុះរើ​ចេញ​ហ្នឹង​មាន ចំនួន​រហូត​ដល់​ទៅ​ជាង​៥០០​ខ្នង​ផ្ទះ មាន​តូច​មាន​ធំ ស្ថិត​នៅ​រាយ​ប៉ាយ​ក្នុង​តំបន់ហាមឃាត់​តឹងរ៉ឹង​១ និង ២​នៃ​ឧទ្យាន​អង្គរ​តែ​ម្តង​។ លោក​បញ្ចា​ក់​បន្ថែម​ថា សំណង់​ទាំង​ហ្នឹង​ភាគច្រើន​សង់​ទុក​ចោល​គ្មាន​មនុស្ស​រស់នៅ​ទេ ភាគច្រើន​សង់​នៅ​ក្នុងអំឡុងពេល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៤​កន្លង​ទៅ​។

លោក​ថា ចាប់តាំងពី​ខែ​ក​ក្ត​ដា​កន្លង​ទៅ យើង​បាន​ចុះ​ធ្វើការ​ណែនាំ​អប់រំ និង​ជូនដំណឹង​ចំនួន​ពីរ​ដង​រួច​មក​ហើយ លើស​ពី​នោះ​ក៏​បាន​ធ្វើ​ស​ន្និ​សិ​ទ​កាសែត​មួយ​លើក​ផង​ដែរ ដើម្បី​ពន្យល់​ឲ្យ​ម្ចាស់​សំណង់​ទាំងនោះ​បាន​យល់​ដឹង និង​ធ្វើការ​រុះរើ​ចេញ​ដោយ​ខ្លួនឯង ប៉ុន្តែ​មាន​អ្នក​ស្ម័គ្រ​រុះរើ​ស្ទើរតែ​សូន្យ​ភាគរយ​។ អភិបាលក្រុង​សៀមរាប​លោក សូរ ប្លា​តុង នៅ​រសៀល​ថ្ងៃ​ទី​២ សីហា នេះ​បាន​ថ្លែងប្រាប់​ថា​៖ យ៉ាង​ហោច​ណាស់​មាន​សំណង់​សង់​ខុសច្បាប់​ប្រមាណ​ជាង​៣៦​ខ្នង ក្នុង​សង្កាត់​ចំនួន​៦ រួម​មាន​សង្កាត់ នគរធំ​, គោក​ចក​, ស្ល​ក្រាម​, ទឹក​វិល ,​ស្រ​ង៉ែ  និង​សង្កាត់​ក្របី​រៀល របស់​ក្រុង​សៀមរាប បាន​ស្ថិត​នៅ​ក្នុង​បញ្ជី​នៃ​សំណង់​ដែល​ត្រូវ​រុះរើ​។ លោក​អភិបាល​បាន​បន្ថែម​ថា​៖ តួលេខ​ខ្នង​ផ្ទះ​ខុសច្បាប់ ក្នុង​ក្រុង​សៀមរាប​មាន​ចំនួន​ច្រើន ជាងគេ ព្រោះ​តំបន់​ភូមិសាស្ត្រ​ទាំង​ហ្នឹង​ភាគច្រើន ជាទី​ប្រជុំជន និង​នៅ​ជាប់​កៀក​នឹង​ប្រាសាទ​បំផុត​។ ជុំវិញ​ករណី​នេះ​ដែរ​ក្រុម​អ្នក​តាមដាន​ការ​អភិវឌ្ឍន៍​សង្គម​បាន​អះអាង​ថា​៖ វិធាន​ការណ៍​ចុះ​បោសសម្អាត​សំណង់​ខុសច្បាប់​នៅ​ក្នុង​តំបន់​អង្គរ​ហ្នឹង​គឺ​ពិ​ជា​ល្អ​សម្រាប់​ការពារ​ព្រលឹង​ជាតិ ប៉ុន្តែ​វា​ហាក់ដូចជា​ធ្វើ​ឡើង​យឺត​ពេល​បន្តិច ពោល​អាជ្ញាធ​ខេត្ត ក៏​ដូច​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​ភារកិច្ច​ប្រចាំការ​ផ្ទាល់​នៅ​ទីនោះ គួរតែ​ចុះ​ទប់ស្កាត់​ភ្លាម​ៗ ប្រសើ​ជាង​រង់ចាំ​ដល់​សំណង់​ផុស​ឡើង​ហើយ​ទើប​បង្ក្រាប​នោះ​ទេ​។

ការ​ធ្វើ​បែប​ហ្នឹង មិន​ខុស​ពី​យក​ដប​សាំង​ទៅ​គប់​ចូល​ភ្នក់ភ្លើង​កំពុង​ឆេះ​នោះ​ទេ ខណៈ​ពេល​គេ​មើលឃើញ​ថា​បក្សនយោបាយ​មួយ​ចំនួន បាន​ប្រឹងប្រែង​យក​ឧទ្យាន​អង្គរ ដែល​ត្រូវ​បាន​ចាត់ទុកជា​ព្រលឹង​ជាតិ​ធ្វើ​ជាដើម​ទន់ ក្នុង​ការ​ទាក់ទាញ​ការ​គាំទ្រ​។ ជាមួយ​គ្នា​ដែរ​ប្រជាពលរដ្ឋ​ម្នាក់​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បាន​ត្អូញត្អែ​ថា​៖​ដោយសារ​តែ​គ្រួសារ​គាត់​ពុំ​មាន​លទ្ធភាព​ទិញ​ដី​នៅ​ក្រៅ​តំបន់​អប្សរា​សម្រាប់​សង់ផ្ទះ ទើប​សម្រេច​ផ្សងព្រេង​ទិញ​ដី​ធ្វើ​ផ្ទះ​នៅ​ទី​នេះ តែ​ពេល​នេះ​ប្រហែល​ដូច​គេ​ថា​«​ប្រាក់​ក៏​បង់​ថង់​ក៏​ដាច​ហើយ​» មើលទៅ​។

ស្ត្រី​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​នោះ​បាន​ថ្លែង​រៀបរាប់​ទាំង​ទឹកមុខ​ក្រៀមក្រំ​ថា​«​ការ​ប្រថុយ​ផ្សងព្រេង​មក​សង់ផ្ទះ​នេះ ព្រោះ​ពេល​បោះ​ឆ្នោត​រាល់​លើក ឃើញ​គេ​ធ្វើ​បាន និង​រស់នៅ​ជា​ហូរហែ​ហ្នឹង តែ​ពេល​ដឹង​ថា​ពេល​នេះ​គេ​តឹងតែង​បែប​ហ្នឹង​»​។ ប្រាក់​ដែល​យក​មក​ធ្វើ​ផ្ទះ​ហ្នឹង គឺ​គ្រួសារ​គាត់​បាន​ទៅ​ខ្ចីបុល​ពី​ស្ថាប័ន​មីក្រូ​ហិរិ​ញ្ញ​វត្ថុ និង​ខ្ចី​បងប្អូន​ខ្លះ​តែ​ពេល​នេះ​ចប់​ហើយ​ខ្ញុំ​។ ប្រតិកម្ម​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​ខាងលើ អភិបាលខេត្ត​សៀមរាប លោក ឃឹម ប៊ុ​ន​សុង បាន​មាន​ប្រសាសន៍​ថា​«​យើង​ម្នាក់​ៗ​សុទ្ធតែ​បានដឹង​ហើយ​ថា​តំបន់​អង្គរ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​សង់​សំណង​ថ្មី​ទេ ជា​ពិសេស​ពេល​ចាប់ផ្តើម​សង់ មន្ត្រី​អប្សរា​គេ​បាន​ចុះ​ទៅ​ធ្វើការ​ពន្យល់​ឃាត់​អស់ហើយ​តែ​ពួក​គាត់​មិន​ស្តាប់ ដូច្នេះ​ដើម្បី​ប្រយោជន៍​ជាតិ​ទាំងមូល​មាន​តែ​សុំ​ការ​យោគយល់​ហើយ មិន​អាច​អនុគ្រោះ​បាន​ទេ​»៕