ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​វៀតណាម​ដាស់តឿន​អាជ្ញាធរ ក្រោយ​​មានការ​ស្នើ​ដំឡើង​ថ្លៃ​អគ្គិសនី

1 ឆ្នាំ មុន

វៀតណាម ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) បាន​ដាស់តឿន​

វៀតណាម ៖ នាយក​រដ្ឋមន្ត្រី​វៀតណាម លោក ផាំ មិ​ញ​ជិ​ញ (Pham Minh Chinh) បាន​ដាស់តឿន​អាជ្ញាធរ​ខ្លួន​ថា ការ​ដំឡើង​ថ្លៃ​អគ្គិសនី ដែល​ស្នើ​ឡើង​ដោយ​អគ្គិសនី​រដ្ឋ​វៀតណាម គួរតែ​ត្រូវ​បាន​រក្សា​ឱ្យ​សម​ហេតុផល និង​ស្រប​តាម​ប្រាក់​ចំណូល​ពិតប្រាកដ​របស់​ប្រទេស​វៀតណាម​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​០៤ ខែកុម្ភៈ កន្លង​ទៅ​។

លោកនាយក​រដ្ឋមន្ត្រី មិ​ញ​ជិ​ញ បាន​ថ្លែង​នៅ​ក្នុង​វេទិកា​មួយ កាលពី​ថ្ងៃ​ទី​០៣ ខែកុម្ភៈ ថា «​តម្លៃ​អគ្គិសនី​ក្នុង​ប្រទេស​វៀតណាម មិន​អាច​ដូចនឹង​ប្រទេស​អភិវឌ្ឍន៍​ទេ ប្រសិនបើ​តម្លៃ​ខ្ពស់​ពេក ប្រជាជន អាជីវកម្ម រួម​និង​សេដ្ឋកិច្ច នឹង​មិន​អាច​ទ្រាំទ្រ​បាន​ឡើយ​។ ដូច្នេះ​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម ត្រូវ​តែ​គ្រប់គ្រង​តម្លៃ​ដោយ​គ្មាន​ការ​ផ្លាស់​ប្តូរ​ភ្លាម​ៗ ដើម្បី​រក្សា​អតិផរណា​ឱ្យ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង និង​ធានា​បាន​ថា កំណើន​ផលិតកម្ម​កើនឡើង​»​។

អគ្គិសនី​រដ្ឋ​វៀតណាម (EVN) បាន​ស្នើ​សុំ​ដំឡើង​ថ្លៃ​លក់រាយ បន្ទាប់​ពី​បាន​ប្រកាស​ពី​ការ​ខាតបង់​ចំនួន ៣១​ទ្រី​លាន​ដុ​ង ដែល​ស្មើនឹង ១.៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក កាលពី​ឆ្នាំ​មុន ខណៈ​ដែល​ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម កំពុង​ពិនិត្យ​លើ​សំណើ​មួយ​នេះ​។

តម្លៃ​អគ្គិសនី​លក់រាយ​របស់​វៀតណាម​បច្ចុប្បន្ន ស្ថិត​នៅ​តម្លៃ ០.០៨​ដុល្លារ ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង ហើយ​តម្លៃ​មិន​មានការ​ប្រែប្រួល​ទេ ចាប់តាំងពី​ខែមីនា ឆ្នាំ​២០១៩​។ តម្លៃ​អគ្គិសនី​របស់​វៀតណាម គឺ​ទាប​ជាង​ហ្វី​លី​ពី​ន ៥០% ដែល​ជា​ប្រទេស​មាន​តម្លៃ​អគ្គិសនី​ថ្លៃ​ជាងគេ នៅ​អាស៊ី​អាគ្នេយ៍ ហើយ​តម្លៃ​នៅ​វៀតណាម ក៏​ទាប​ជាង​តម្លៃ​នៅ​ឥណ្ឌូ​នេ​ស៊ី និង​ថៃ ផង​ដែរ​។ ប៉ុន្តែ​តម្លៃ​នេះ ថ្លៃ​ជាង​នៅ​ឡាវ រុ​ស្ស៊ី បង់​ក្លា​ដែ​ស ឥណ្ឌា និង​តួ​ក​គី​។ នេះ​បើ​តាម​ប្រភព​ពី​វេទិកា​ទិន្នន័យ​ថាមពល GlobalPetroPrices បាន​ចេញផ្សាយ​។

នាយក​រដ្ឋមន្ត្រី​វៀតណាម ក៏​បាន​អំពាវនាវ​ដល់​ឧស្សាហកម្ម​ថាមពល ឱ្យ​ពិនិត្យ​មើល​បញ្ហា​ទាក់ទង​នឹង​ការ​ផ្គត់ផ្គង់ ការ​បញ្ជូន ការ​ចែកចាយ និង​ការ​ប្រើប្រាស់​អគ្គិសនី​។ លោក​បាន​ជំរុញ​អ្នក​ធ្វើ​សេចក្តី​សម្រេចចិត្ត​ឱ្យ​ជួយ​វៀតណាម ទាញ​យក​ប្រយោជន៍​ពី​សក្តានុពល​នៃ​ថាមពលខ្យល់ និង​ពន្លឺព្រះអាទិត្យ​។ ដោយ​លោក​បាន​បន្ត​ថា ប្រទេស​វៀតណាម គួរតែ​បដិសេធ​ពី​ការ​បង្កើត​គម្រោង​ថាមពល​ថ្មី ដោយ​មិន​អាច​បញ្ជូន​ថាមពល ដែល​ទើប​ផលិត​ថ្មី ឆ្លងកាត់​តាម​តំបន់​។

បន្ថែម​លើស​ពី​នេះ លោក មិ​ញ​ជិ​ញ បាន​និយាយ​ថា ផែនការអភិវឌ្ឍន៍​ថាមពល​លេខ​៨ របស់​វៀតណាម ដែល​បង្ហាញ​អំពី​ផែនការ​ថាមពល សម្រាប់​រយៈពេល​១០​ក្រោយ នៅ​តែ​ស្ថិត​ក្នុង​ដំណើរការ ដែល​ត្រៀម​នឹង​បញ្ចប់​នៅឡើយ​។ លោក​បាន​សន្និដ្ឋាន​ថា គុណភាព​នៃ​ផែនការ គឺ​សំខាន់​ជាង​ល្បឿន ដែល​វា​នឹង​ត្រូវ​បញ្ចប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ