ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​ចោទ​ចិន រឿង​បង្ហោះ​បា​ឡុ​ង​ចារកម្ម​លើ​ទីតាំង​សំខាន់​របស់​ខ្លួន

1 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក កំពុង​តាមដាន​បា​ឡុ​ង​ចារកម្ម​រយៈកម្ពស់​ខ្ពស់​របស់​ចិន ដែល​ត្រូវ​

សហរដ្ឋអាមេរិក ៖ សហរដ្ឋអាមេរិក កំពុង​តាមដាន​បា​ឡុ​ង​ចារកម្ម​រយៈកម្ពស់​ខ្ពស់​របស់​ចិន ដែល​ត្រូវ​បាន​ប្រទះ​ឃើញ​ហោះ​លើ​ទីតាំង​រសើប​របស់​ខ្លួន ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ​។ នេះ​បើ​តាម​ការ​អះអាង​ពី​សំណាក់​មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​អា​មេ​រិ​កមួយ​រូប កាលពី​ថ្ងៃ​ទី​០២ ខែកុម្ភៈ កន្លង​ទៅ​។

មន្ទីរ​បញ្ច​កោណ​បាន​កំពុង​តាមដាន​បា​ឡុ​ង​ចារកម្ម ដែល​ត្រូវ​បាន​អះអាង​ថា​ជា​របស់​ចិន អស់​ពេល​ជា​ច្រើន​ថ្ងៃ​មក​ហើយ ខណៈ​វត្ថុ​នោះ បាន​ហោះ​ពីលើ​កោះ Aleutian នៃ​រដ្ឋ​អា​ឡា​ស្កា និង​កាត់​តាម​ប្រទេស​កា​ណា​ដា មុន​បង្ហាញខ្លួន​នៅ​លើ​ទីក្រុង Billings នៅ​ក្នុង​រដ្ឋ​ម៉ុ​នតា​ណា (Montana) កាលពី​ថ្ងៃ​ទី​០១ ខែកុម្ភៈ កន្លង​ទៅ​។

ម៉ុ​នតា​ណា ជា​រដ្ឋ​ភាគ​ខាងលិច ដែល​មាន​ប្រជាជន​តិច និង​ជាទី​ជម្រក​នៃ​កន្លែង​ផលិត​កាំជ្រួច​នុយក្លេអ៊ែរ​មួយ​ក្នុង​ចំណោម​៣​កន្លែង​នៅ​សហរដ្ឋអាមេរិក នៅ​ឯ​មូលដ្ឋាន​ទ័ពអាកាស Malmstrom ហើយ​ក្រុម​មន្ត្រី​បាន​និយាយ​ថា បា​ឡុ​ង​ចារកម្ម ជាក់ស្តែង​កំពុង​ហោះ​ពីលើ​ទីតាំង​រសើប ដើម្បី​ប្រមូល​ព័ត៌មាន​។

លោកឧត្តមសេនីយ៍ Patrick Ryder

ឧត្តមសេនីយ៍ Patrick Ryder មន្ត្រី​ការពារ​ជាតិ​ជាន់ខ្ពស់​អា​មេ​រិ​ក ដែល​បម្រើ​ការ​ជា​លេខាធិការ​ព័ត៌មាន​មន្ទីរ​បញ្ច​កោណ បាន​និយាយ​ថា «​យើង​មាន​ទំនុកចិត្ត​ថា បា​ឡុ​ង​ចារកម្ម​រយៈកម្ពស់​ខ្ពស់​នេះ ជា​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។ បច្ចុប្បន្ន​បា​ឡុ​ង​នេះ កំពុង​ធ្វើ​ដំណើរ​ក្នុង​រយៈកម្ពស់​ខ្ពស់​ពីលើ​ចរាចរណ៍​ផ្លូវអាកាស​ពាណិជ្ជកម្ម ហើយ​មិន​បង្ហាញ​ពី​ការ​គំរាមកំហែង​ផ្នែក​យោធា ឬ​ជន​ស៊ី​វិល​ណា​ម្នាក់​នោះ​ទេ​»​។

យោធា​អា​មេ​រិ​ក សម្រេចចិត្ត​​បដិសេធ​​​ការ​បា.ញ់​ទម្លាក់​បា​ឡុ​ង​នោះ ប៉ុន្តែ​រដ្ឋាភិបាល​បាន​រៀបចំ​យន្តហោះ​ចម្បាំង រួម​ទាំង​យន្តហោះ F-22 ក្នុង​ករណី​ដែល​សេត​វិមាន​បញ្ជា​ឱ្យ​មានការ​បា.ញ់​ទម្លាក់​វត្ថុ​នោះ ខណៈ​ដែល​ផ្លូវ​ហោះហើរ​របស់​វា ស្ថិត​លើ​ទីតាំង​រសើប​មួយ​ចំនួន​។

លោក Ryder បាន​និយាយ​ថា វា​មិន​បង្ហាញ​ហានិភ័យ​នៃ​ការ​ប្រមូលផ្តុំ​ព័ត៌មាន​សម្ងាត់​ដ៏​សំខាន់​នោះ​ទេ ដោយសារ​តែ​មន្ត្រី​អា​មេ​រិ​ក​ដឹង​ច្បាស់​ថា បា​ឡុ​ង​នេះ នៅ​ទីណា និង​ច្បាស់​ថា វា​ឆ្លង​ទៅ​ណា ប៉ុន្តែ​វា​ត្រូវ​បាន​វាយតម្លៃ​ថា មាន​តម្លៃបន្ថែម សម្រាប់​ការ​កំណត់​តាម​ទស្សនៈ​នៃ​ការ​ប្រមូល​ព័ត៌មាន​សម្ងាត់​។ អា​មេ​រិ​ក​ជឿ​ថា ផ្កាយ​រណប​ចារកម្ម​ចិន នៅ​ក្នុង​គន្លង​ផែនដី​ទាប មាន​សមត្ថភាព​ផ្តល់​ភាព​វៃឆ្លាត​ស្រ​ដៀង​គ្នា ឬ​ប្រសើរ​ជាង​នេះ ដោយ​កំណត់​តម្លៃ​នៃ​អ្វី​ដែល​ទីក្រុង​ប៉េ​កាំ​ង អាច​ប្រមូល​បាន​ពី​បា​ឡុ​ង​កម្ពស់​ខ្ពស់ ដែល​មាន​ទំហំ​ប៉ុន​ឡានក្រុង​ចំនួន​៣​គ្រឿង​។

ដោយឡែក បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន BBC នៅ​ថ្ងៃ​ទី​០៣ ខែកុម្ភៈ នេះ បាន​រាយការណ៍​ថា ពាក់ព័ន្ធ​បញ្ហា​នេះ ភាគី​ចិន​មិន​ទាន់​ធ្វើការ​អត្ថាធិប្បាយ​ណាមួយ ជុំវិញ​ការ​ចោទប្រកាន់​នេះ នៅ​ឡើយ​ទេ​។ ស្រប​ពេល​ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក Joe Biden ត្រូវ​បាន​រាយការណ៍​ដោយ​សង្ខេប​អំពី​ស្ថានភាព​មួយ​នេះ​៕ (​ដកស្រង់​ចេញពី CNN និង BBC)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ