ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​អាជីវកម្ម​ជីករណ្តៅ​ដី​ជម្រៅ​តាម​ចិត្ត​ទៅ​ហើយ កំពុង​បំផ្លាញ​ផ្លូវលំ​ជនបទ​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្តៅក្រហាយ​​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • ស្វាយរៀង

ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​កំពុង​តែ​ក្តៅក្រហាយ​ជាមួយ​ក្រុម​រថយន្ត​ដឹក​ដី ដែល​កំពុង​តែ​បំផ្លាញ​ផ្លូវលំ​ចំនួន​៣​ខ្សែ មាន​ប្រវែង​ជិត​៤,០០០​ម៉ែត្រ បណ្តាល​ឲ្យ​បាក់​ស្រុត​ខូច និង​ហុយធូលី​ដី​ចូល​លំនៅ​ឋាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​។ ករណី​ប្រជាពលរដ្ឋ​តវ៉ា​នេះ

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ចំនួន​២​ភូមិ​កំពុង​តែ​ក្តៅក្រហាយ​ជាមួយ​ក្រុម​រថយន្ត​ដឹក​ដី ដែល​កំពុង​តែ​បំផ្លាញ​ផ្លូវលំ​ចំនួន​៣​ខ្សែ មាន​ប្រវែង​ជិត​៤,០០០​ម៉ែត្រ បណ្តាល​ឲ្យ​បាក់​ស្រុត​ខូច និង​ហុយធូលី​ដី​ចូល​លំនៅ​ឋាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​។ ករណី​ប្រជាពលរដ្ឋ​តវ៉ា​នេះ កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២ ខែកុម្ភៈ ឆ្នាំ​២០២៣ ស្ថិត​នៅ​ភូមិ​ទន្លៀ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប និង​ភូមិ​ស្រម៉​ជ្រំ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង​។

បើ​តាម​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រម៉​ជ្រំ សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ថា មាន​ក្រុម​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់ បាន​ជីករណ្តៅ​ដី​ជ្រៅ​ជម្រៅ​១០​ម៉ែត្រ​បង្ក​ឲ្យ​ប្រជា​ពល​រដ្ឋ​មានការ​ព្រួយបារម្ភ ខ្លាច​បាក់​ដីស្រែ​របស់​ពួក​គាត់​នៅ​ពេល​រដូវវស្សា និង​ខ្លាច​ធ្លាក់​គោក្របី​ចូល​ក្នុង​រណ្តៅ​ដី ជា​ពិសេស​បច្ចុប្បន្ន​នេះ រថយន្ត​ធុន​ធំ​ដឹក​អាចម៍ដី​ជា​ច្រើន​គ្រឿង បាន​កំពុង​បំផ្លាញ​ផ្លូវលំ​ចំនួន​២​ខ្សែ ធ្វើ​ឱ្យ​ស្រុត​ខូច​ប្រវែង​ជាង​២,០០០​ម៉ែត្រ និង​បង្ក​ឱ្យ​ហុយធូលី​ដី​ចូល​ផ្ទះ​របស់​ពួក​គាត់​ទៀត​។

ទាក់ទិន​ករណី​ខាងលើ​នេះ​ដែរ លោកស្រី សុក ណ​ន ចៅសង្កាត់​សង្ឃ័រ បាន​មាន​ប្រសាសន៍​ថា លោកស្រី​បាន​ហៅ​ម្ចាស់​អាជីវកម្ម​មក​ធ្វើ​កិច្ចសន្យា និង​ឲ្យ​ជួសជុល​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​វិញ នៅ​ពេល​ចរាចរណ៍​រថយន្ត​ដឹក​ដី​ខូច​ផ្លូវ​ធ្ងន់ធ្ងរ​ប៉ះពាល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ ហើយ​ម្ចាស់​អាជីវកម្ម​សុំ​ពេល​២​ថ្ងៃ​ទៀត ដើម្បី​ដឹក​ខ្សាច់​ភ្នំ​មក​ជួសជុល​។

ចំណែក​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ទន្លៀ​ង ឃុំ​រមាំង​ថ្កោល ស្រុក​ស្វាយ​ទាប ដែល​នៅ​ជាប់​ព្រំប្រទល់​ភូមិ​ស្រម៉​ជ្រំ ក៏​បាន​ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​ដែរ​ថា មាន​រថយន្ត​ធុន​ធំ​ជា​ច្រើន​គ្រឿង​របស់​ក្រុមហ៊ុន «​ម៉ី​សម្បត្តិ​» បាន​ចរាចរណ៍​ដឹក​អាចម៍ដី ក៏​បាន​បំផ្លាញ​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​ជិត​២,០០០​ម៉ែត្រ ឱ្យ​ក្លាយទៅជា​រណ្តៅ ជង្ហុក​សំបុកមាន់ ធ្វើ​ឱ្យ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ និង​ហុយធូលី​ដី​ចូល​ផ្ទះ​របស់​ពួក​គាត់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​យ៉ាង​ខ្លាំង​។

ហើយ​ទាក់ទិន​ករណី​នេះ​ដែរ លោក​មេឃុំ​រមាំង​ថ្កោល ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា លោក​បាន​ហៅ​ក្រុមហ៊ុន «​ម៉ី​សម្បត្តិ​» ដែល​ជា​តំណាង​សម្របសម្រួល​ឲ្យ​ធ្វើ​កិច្ចសន្យា​ជួសជុល​ផ្លូវ​ក្រាល​ខ្សាច់​ភ្នំ និង​ដាក់​លូ​កាត់​ថ្នល់​ដែល​បែក​ខូច​សង​ប្រជាពលរដ្ឋ​វិញ ក៏​ប៉ុន្តែ​រហូត​មក​ដល់​ថ្ងៃ​ទី​២ ខែកុម្ភៈ​នេះ មិន​ទាន់​ឃើញ​ជួសជុល​ផ្លូវ និង​ដាក់​លូ​សង​ប្រជាពលរដ្ឋ​វិញ​នៅឡើយ​ទេ ដូច្នេះ​លោក​នឹង​ចាត់​ក្រុមប្រឹក្សា​ឃុំ​ឲ្យ​ចុះ​ទៅ​ពិនិត្យ​មើល និង​ឃាត់​ឲ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព មួយ​រយៈ​ដើម្បី​ជួសជុល​ផ្លូវ និង​ដាក់​លូ​សង​ប្រជាពលរដ្ឋ​វិញ​។

ចំណែក​លោក ប៉ុក តក ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្តស្វាយរៀង ក៏​បាន​មាន​ប្រសាសន៍​ថា ចំពោះ​ការ​ផ្តល់​អាជ្ញាប័ណ្ណ ការ​ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី​យក​អាចម៍ដី​លក់​នេះ មិន​នៅ​ក្រោម​មន្ទីរ​រ៉ែ និង​ថាម​ពល​ខេត្ត​ទៀត​ទេ​។ ក្រសួង​បាន​ប្រតិភូកម្ម​ឲ្យ​ទៅ​រដ្ឋបាល​ក្រុង​ស្រុក​រាជធានី​ខេត្ត ជា​អ្នក​ចេញ​អាជ្ញា​ប​ណ្ណ័ បើ​ក្រុង​ស្រុក អនុញ្ញាតិ​ជី​ជម្រៅ​៣​ម៉ែត្រ បើ​រដ្ឋបាល​ខេត្ត ជីករណ្តៅ​បាន​ជម្រៅ​០៥​ម៉ែត្រ ហើយ​បើ​ម្ចាស់​អាជីវកម្ម​ជីក​ជម្រៅ​ដល់​១០​ម៉ែត្រ គឺ​ខុសច្បាប់​ហើយ​។

បើ​យោង​តាម​បុរស​ម្នាក់​ដែល​ជា​មេការ​ឲ្យ​ម្ចាស់​ដី​ឈ្មោះ មី រតនា នៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ក្រុង​ស្វាយ​រៀង បាន​ឲ្យ​ដឹង​ថា រថយន្ត​ដឹក​អាចម៍ដី យក​មក​ចាក់​លើ​ដីស្រែ​ឲ្យ​ឈ្មោះ ម៉ី រតនា នៅ​ភូមិ​ថ្មី សង្កាត់​សង្ឃ័រ ធ្វើ​ជា​ដី​លំនៅ​ឋាន (​ដី​ឡូ​តិ៍​) ទំហំ​ជាង​៣​ហិ​កតា កម្ពស់​០,៦០​ម៉ែត្រ​។

បើ​តាម​មន្ត្រី​សុរិយោដី ម្នាក់​បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ផ្លាស់​ប្តូរ​ដី​កសិកម្ម​មក​ជា​ដី​លំនៅ​ឋាន ជា​ដី​ឡូ​តិ៍លក់ ដែល​មាន​ទំហំ​ធំ​ជាង​៣​ហិ​កតា ត្រូវ​លើក​គម្រោង​សុំ​ច្បាប់​ដល់​ក្រសួង ទើប​អាច​ដំណើរការ​ចាក់​ដី​បាន​។

លោក ណុ​ប ចំរើន អភិបាលក្រុង​ស្វាយ​រៀង បាន​ប្រាប់​កោះសន្តិភាព​ដែរ​ថា ក្រុម​អាជីវកម្ម ម៉ី​សម្បត្តិ បាន​មក​សុំ​ច្បាប់​ពី​សាលាក្រុង​ស្វាយ​រៀង ធ្វើ​អាជីវកម្ម​ជីករណ្តៅ​ដី ទំហំ​ក្រោម​១​ហិ​កតា ដើម្បី​យក​អាចម៍ដី​ចាក់​លើកដី​លំនៅ​ឋាន​ឲ្យ​ឈ្មោះ ម៉ី រតនា នៅ​ភូមិ​ថ្មី​។ ហើយ​ចំពោះ​ច្បាប់​ជីករណ្តៅ​ដី លោក​អភិបាលក្រុង​ស្វាយ​រៀង បាន​អនុញ្ញាតិ​ក្រោម​១​ហិ​កតា ជីករណ្តៅ​ជម្រៅ​០៣​ម៉ែត្រ​។ ប្រសិនបើ​ជីក​ជម្រៅ​ដល់​១០​ម៉ែត្រ លោក​នឹង​ឲ្យ​ក្រុមការងារ​សាលាក្រុង និង​មន្ត្រី​មន្ទីរ​រ៉ែ និង​ថាមពល​ចុះ​ទៅ​ពិនិត្យ​ដោះស្រាយ​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ