រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឌិត ទីណា បានព្រមានចាត់វិធានការចំពោះអ្នកនេសាទដែលអូសអួនឆ.ក់ខុសច្បាប់ធ្វើឲ្យសត្វផ្សោតងា.ប់មិនលើកលែងនោះទេ។
ការព្រមាននេះ ខណៈឯកឧត្តមបានបង្ហោះរូបសត្វផ្សោតកំពុងលេងទឹកចាប់ចំណីនៅក្នុងទឹកនាងខេត្តកែប ជាច្រើនសន្លឹករួមនឹងសារព្រមានមួយចំនួនដែលត្រូវអនុវត្តច្បាប់ជាធរមាន។
ឯកឧត្តម ឌិត ទីណា បានសរសេរលើបណ្តាញសង្គម កាលពីពេលថ្មីៗកន្លងមកយ៉ាងដូច្នេះថា៖«ផ្សោតនៅកែប ! អ្នកអូសអួនឆ.ក់បានប្រឈមនឹងច្បាប់ជាបន្តបន្ទាប់ហើយ។មិនបាច់ចាំចាប់បានតែបទល្មើសជាក់ស្តែងទេ។ឱ្យតែប្រព្រឹត្តខុសហើយ មន្ត្រីអនុវត្តច្បាប់នឹងទៅដល់ផ្ទះតែម្តង! អ្នកដូរពណ៌ទូកក៏មិនឱ្យថ្នាំលាបស្ងួតទាន់ដែរ»។
សូមជម្រាបថា សត្វផ្សោតនេះត្រូវបានគេសង្កេតឃើញថា នៅក្នុងទឹកដីខេត្តក្រចេះមានជាច្រើនក្បាល ប៉ុន្តែក៏មានងា.ប់ជាបន្តបន្ទាប់មួយកាលពីពេលកន្លងមកនេះដោយសារតែជាប់សន្ទួច មង របស់អ្នកនេសាទ។
នៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៣១ មករា អភិបាលខេត្តក្រចេះលោក វ៉ា ថន បានបញ្ជាក់ថា សត្វផ្សោតនៅខេត្តក្រចេះមានប្រមាណ៨០ក្បាល។នៅតំបន់សត្វផ្សោតរស់នៅត្រូវបានឯកឧត្តម អភិបាល ខេត្តក្រចេះអះអាងថា កំពុងអភិវឌ្ឍន៍គ្រប់គ្រងធនធានសត្វផ្សោតនេះឲ្យមានភាពល្អប្រសើរ ដើម្បីការទាក់ទាញភ្ញៀងទេសចរជាតិនិងអន្តរជាតិទៅលេងខេត្តក្រចេះឲ្យបានកាន់តែច្រើន។
ឯកឧត្តមថា នៅខេត្តក្រចេះមានភាពល្បីល្បាញ គឺសត្វផ្សោតតែម្តង ដែលធ្វើឲ្យទេសចរណ៍ទៅគយគនមិនជិនណាយ។ការទៅទស្សនាសត្វផ្សោតនេះដែរបានចូលរួមចំណែកដល់ការកាត់បន្ថយភាពក្រក្រីរបស់ប្រជាពលរដ្ឋនៅតំបន់នោះ តាមរយៈការលក់វត្ថុអនុស្សាវរីយ៍ដែលជាស្នាដៃរបស់ពួកគេ៕
ចែករំលែកព័តមាននេះ