ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់ក្រុមនិស្សិត ដែលមកទទួលសញ្ញាបត្រ ដោយឃើញស្ត្រីម្នាក់ និងស្វាមី ឡើងទទួលសញ្ញាបត្រ ជំនួសកូនពីឯកឧត្តមសាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង។ ម្តាយឪពុកនេះ បានបង្ហូរទឹកភ្នែក គួរឲ្យសង្វេក ហើយពោលពាក្យថា «កូនមាសម្តាយ កូនអើយ! គេមកទទួលសញ្ញាបត្រទាំងអស់ បាត់តែកូនម៉ែ! កូនអើយ! ម៉ែមកទទួលសញ្ញាបត្រឱ្យកូនហើយ! ម៉ែ នឹងយកទៅធ្វើបុណ្យដាក់វាឱ្យកូន កូនធាអើយ…”។
នេះជាសម្ដីរបស់ម្ដាយដង្ហោយហៅវិញ្ញាណក្ខន្ធកូន ក្នុងថ្ងៃទទួលសញ្ញាបត្របរិញ្ញាបត្រ ខណៈកូនជានិស្សិត ដែលបានរៀនពូកែ ជាប់ចំណាត់ថ្នាក់លេខ១ ត្រូវឡើងទទួលសញ្ញាបត្រផ្ទាល់ពីគណៈអធិបតី នៅពេលនេះ។
ពិធីចែក និងទទួលសញ្ញាបត្រនេះ ប្រារព្ធឡើង នៅសាកលវិទ្យាល័យស្វាយរៀង នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។ បណ្ដាញសង្គម បានបង្ហាញភាពក្ដុកក្ដួល និងចែករំលែកបន្តគ្នានូវរឿងគួរឱ្យអនិច្ចាមួយនេះ។
បន្ថែមពីខ្លឹមសារខ្លីពីម្ចាស់ Facebook ឈ្មោះ Sam Ath Houy ដែលមហាជនបានចែករំលែកបន្តគ្នានោះ កោះសន្តិភាព បានស្វែងរកព័ត៌មានលម្អិត ព្រមទាំងស្រាយបំភ្លឺដល់មហាជន ខណៈពេលដឹងការពិត គឺចិត្តកាន់តែរន្ធត់។
និយាយដោយសម្ដីអួលដើមក តែខំទប់ លោក នេត យ៉ឹងរដ្ឋា បានឱ្យដឹងថា លោកជាមិត្តរបស់ លោក ធាន សទ្ធា តាំងពីសាលាបឋម ដល់វិទ្យាល័យ។ លុះចូលសាកលវិទ្យាល័យ ទើបរៀនជំនាញផ្សេងគ្នា គឺលោក សទ្ធា រៀនគណិតវិទ្យា។ ចំណែក លោកផ្ទាល់ រៀនផ្នែកគ្រប់គ្រងទូទៅ។
លោក រដ្ឋា បានបន្តថា លោក សទ្ធា បានបាត់បង់ជីវិត ដោយសារខ្សែភ្លើងឆក់ គឺឆក់នៅស្រុក ពេលសម្រាកពីការងារ។ សទ្ធា បានទៅស្រុក ធ្វើការជួយជំនួសការងារឪពុក ទៅធ្វើសំណង់ផ្ទះគេ គឺធ្វើជាជាងផ្សារដែក។ ទំនេរការងារ ១ថ្ងៃ ក៏ទៅជួយ ហើយឱ្យឪពុក ទៅធ្វើស្រែ មើលស្រូវនៅវាលស្រែ។ គាត់ទៅធ្វើតែម្នាក់ឯង ហើយខណៈកំពុងផ្សារដែក ធ្វើដំបូល ក៏ត្រូវចរន្តអគ្គិសនីឆក់ធ្លាក់ពីលើផ្ទះ ស្លា.ប់បាត់បង់ជីវិតតែម្តង។ ករណីខ្សែភ្លើងឆក់នោះ បានកើតឡើង កាលពីថ្ងៃទី៣១សីហា ឆ្នាំ២០២២។
លោក នេត យ៉ឹងរដ្ឋា បានបន្តទៀតថា នៅក្នុងភូមិ អ្នកណាក៏ទទួលស្គាល់ថា លោក សទ្ធា ជាមនុស្សស្លូតបូត ហើយស្គាល់ចាស់ទុំ មិនចេះដើរដូចគេ។ ឆ្លៀតពីពេលទំនេរការងារ តែងជួយការងារឪពុកម្ដាយនៅផ្ទះ ហើយប្រឹងរៀន តាំងពីតូច។
លោក រដ្ឋា បញ្ជាក់បន្ថែមថា “ដោយសារគាត់ជាកូនច្បង ការរៀនក៏ប្រឹងប្រែង ឯការងារក៏ចេះធ្វើច្រើន។ អ្វីក៏ចេះ ទាំងការងារស្រែចម្ការ រកត្រីសាច់ម្ហូប ចេះទាំងអស់ ហើយឆ្លៀតបង្រៀនប្អូនៗទៀត”។ មុនបាត់បង់ជីវិត លោក សទ្ធា បានខំស្រាវជ្រាវមេរៀន ដើម្បីចូលប្រឡងការងារក្របខណ្ឌមន្ត្រីរាជការ។ លោកក៏ខំរៀនត្រៀមចូលសិក្សាថ្នាក់អនុបណ្ឌិតជាបន្ត ព្រោះលោក ចង់រៀនដល់ថ្នាក់បណ្ឌិត ដើម្បីជួយលើកស្ទួយជីវភាពគ្រួសារ និងចូលរួមអភិវឌ្ឍប្រទេសជាតិ។
តាមគណនី Facebook ឈ្មោះ Sam Thavy បានរៀបរាប់ថា វាជាអារម្មណ៍ខ្លោចផ្សារសោកសង្រែងបំផុត ប្រសិនបើអ្នកទាំងអស់គ្នា នៅក្នុងហេតុការណ៍មួយនេះ គឺនៅពេលដែលឪពុកម្តាយនិស្សិត និងជាយុវជនស្ម័គ្រចិត្តអង្គរសង្រាន្ត ឈរជើងនៅគោលដៅទីលានជល់ដំរី មកទទួលសញ្ញាបត្ររបស់កូនប្រុស ជាទីស្រឡាញ់។ ជានិស្សិត ដែលរៀនពូកែ ជាប់ចំណាត់ថ្នាក់លេខ១ ថ្នាក់គណិតវិទ្យា ស្លូតបូត តស៊ូរៀនសូត្រ ទោះបីជីវភាពលំបាកយ៉ាងណាក្តី។ ជាតិនេះសន្ធា អាយុខ្លី ចាកចេញទៅ ដោយបន្សល់ទុកនូវអំពើល្អជាច្រើន ជាតិក្រោយ សូមប្អូនអាយុវែង។ ថ្នាក់ដឹកនាំ លោកគ្រូអ្នកគ្រូ គ្រប់គ្នា ស្រក់ទឹកភ្នែក ខ្ញុំនឹកគ្រប់អនុស្សាវរីយ៍ ដែលដឹកនាំ និងរួមការងារជាមួយសន្ធា មិនថា ការងារសង្ក្រាន្ត ឬការងារនៅសាកលវិទ្យាល័យស្វាយរៀង។
សូមបញ្ជាក់ថា លោក ធាន សទ្ធា បានបាត់បង់ជីវិត កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ដោយឆក់ខ្សែភ្លើង។ ឪពុកម្ដាយ ជាកសិករ ដោយខំរកចំណូលបន្ថែម ឪពុកក៏ធ្វើជាងសំណង់បន្ថែមទៀត ដើម្បីរកចំណូល ទប់ភាពខ្វះខាត និងទំនុកបម្រុងកូនទាំង ៦នាក់។ ទីលំនៅគ្រួសារនេះ ស្ថិតនៅភូមិចន្រ្ទា ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង៕ វ៉ាន់ ប៊ុនធឿន
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ