ភ្នំពេញ៖ លោក ឃួង ស្រេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលះបង់ច្រើនណាស់ ដើម្បីជាតិ មាតុភូមិ ហើយលះបង់របស់សម្តេច មានគោលបំណងតែមួយគត់ គឺធ្វើយ៉ាងណា អោយប្រទេសកម្ពុជា មានសន្តិភាពពេញលេញ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិអោយរីកចំរើន។
ការលើកឡើងរបស់លោក ឃួង ស្រេង ខាងលើនេះ បានធ្វើឡើង ក្នុងពិធីប្រកាសសាខាគណបក្សស្ថានីយទូរទស្សន៍ CTN MYTV CNC សាខាគណបក្សស្ថានីយទូរទស្សន៍ PNN និងបញ្ចូលសមាជិកគណបក្ស ចំនួន ១៨៣រូប នារសៀលនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នៅមន្ទីរបក្សរាជធានីភ្នំពេញ។
ក្នុងពិធីនេះ ត្រូវបានប្រកាសសាខាគណបក្សស្ថានីយទូរទស្សន៍ CTN MYTV CNC ចំនួន ១០៩រូប និងសាខាគណបក្សស្ថានីយទូរទស្សន៍ PNN ចំនួន ៧៤រូប សរុបចំនួន ១៨៣រូប ជាសមាជិកគណបក្ស ចំណុះអោយគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ។
លោក ឃួង ស្រេង បានមានប្រសាសន៍ថា សម្តេចបានផ្តល់អាយុជីវិតជូនប្រជាពលរដ្ឋ នៅថ្ងៃ០៧ មករា ១៩៧៩ ដែលបងប្អូន ត្រូវយល់អោយបានច្បាស់ពីវីរៈភាពរបស់សម្តេចតេជោ។
លោកបន្តថា សមាជិកម្នាក់ ជាសន្លឹកឆ្នោត ១សន្លឹករបស់គណបក្សប្រជាជនកម្ពុជា។ នៅពេលបោះឆ្នោត សមាជិកម្នាក់ៗ ត្រូវដឹងការពិតពីអ្វី ដែលគណបក្សប្រជាជនកម្ពុជា បានលះបង់ដើម្បីជាតិ មាតុភូមិ និងត្រូវហ៊ានតស៊ូមតិ ដើម្បីបក្ស។ បងប្អូនសម្រេចចូលរួមជាមួយបក្សប្រជាជនកម្ពុជា នៅពេលនេះ មានន័យថា បងប្អូនបានថែរក្សាកេរ្តិ៍តំណែល និងសមិទ្ធផលរបស់ដូនតាយើងពីមុនមក។ ពីមុន យើងចង់បានត្រឹមតែប្រជាពលរដ្ឋយល់ និងអោយតម្លៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានហើយ តែសម្រាប់ពេលនេះ មិនត្រឹមតែប្រជាពលរដ្ឋអោយតម្លៃប៉ុណ្ណោះទេ សូម្បីតែអន្តរជាតិ ក៏បានអោយតម្លៃ មេដឹកនាំរបស់កម្ពុជាយើង យ៉ាងខ្លាំងផងដែរ។
លោក ឃួង ស្រេង បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលះបង់ច្រើនណាស់ ដើម្បីជាតិមាតុភូមិ។ ការលះបង់របស់សម្តេចតេជោ មានគោលបំណងតែមួយគត់ នោះគឺធ្វើយ៉ាងណា អោយប្រទេសកម្ពុជា មានសន្តិភាពពេញលេញ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ អោយរីកចំរើន ដូចដែលយើងបានឃើញស្រាប់នៅពេលនេះ។ អ្វីដែលជាក់ស្តែងថែមទៀតនោះ ខណៈដែលប្រទេសកម្ពុជា ក៏ដូចជានៅលើសកលលោក កំពុងប្រឈមខ្លាំងនៃការរីករាលដាលជំងឺកូវីដ-១៩ សម្តេចតេជោ បានដើរជួរមុខ ក្នុងការសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋម្តងទៀត ដោយការស្រោចវ៉ាក់សាំងការពារកូវីដ-១៩ ជូនប្រពលរដ្ឋបានគ្រប់គ្នា និងគ្រប់ដូស។
លោកបន្តទៀតថា បក្សប្រជាជនកម្ពុជា មានបទពិសោធន៍ច្រើនណាស់ ពាក់ព័ន្ធនឹងការអត់អាហារ ដូច្នេះហើយទើបយើង រក្សាស្បៀងទុកអោយបានគ្រប់គ្រាន់ ដើម្បីជួយប្រជាពលរដ្ឋដែលខ្វះខាត។ ពោលគឺសម្តេចតេជោ ហ៊ុន សែន មិនទុកអោយប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយការអត់បាយនោះទេ។ ក្នុងនាម ជាសមាជិក សមាជិការបស់បក្សប្រជាជនកម្ពុជា ត្រូវការពារសមិទ្ធផលរបស់សម្តេចតេជោ ដែលរកបានមកដោយលំបាក។ នោះគឺសន្តិភាព និងនាំគ្នាជួយផ្សព្វផ្សាយអំពីអំពើល្អរបស់សម្តេចតេជោ ដើម្បីអោយប្រជាពលរដ្ឋ បានដឹង និងយល់កាន់តែច្បាស់៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ