រាជធានីភ្នំពេញ ៖ សម្រាប់ការចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្រា អាណត្តិទី៧ ខាងមុខនេះប្រធានគណបក្ស ឯកភាពជាតិខ្មែរ បានប្រកាសនិងអំពាវដល់សមាជិកសមាជិការខ្លួន កុំប្រើសារញុះញុង លាបពណ៌ ចោទប្រកាន់ និងជេរប្រមាថគណបក្សដែលជាដៃគូប្រជែងខ្លួន ដើម្បីបានសំឡេងគាំទ្រឲ្យសោះ ។
ការលើកឡើងរបស់ប្រធានគណបក្ស ដែលមានវ័យក្មេង ហើយទើបបង្កើត បានប៉ុន្មានឆ្នាំមកនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានប្រកាសឲ្យគណបក្សនយោបាយទាំងអស់ បញ្ឈប់ការលាបពណ៌ ញុះញុង ជេរប្រមាថ មួលបង្កាច់គណបក្សផ្សេងៗ ពិសេសនោះ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ដើម្បីបានការគាំទ្រពីម្ចាស់ឆ្នោត ។
លោក អ៊ុន ជឹម ប្រធានគណបក្ស ឯកភាពជាតិខ្មែរ បានលើកឡើង ក្នុងសន្នីសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្ស បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សឯកភាពជាតិខ្មែរ មានគោលនយោបាយមួយ ក្នុងចំណោមគោលនយោបាយ ទាំង៩ សំខាន់ៗ គឺការលុបបំបាត់វប្បធម៌នយោបាយ ដោយការជេរប្រមាថ ការលាបពណ៌ ការចោទប្រកាន់ និងការញុះញង់ដល់គណបក្សនយោបាយ ណាមួយឡើយ ព្រោះថ្នាក់ដឹកនាំគណបក្ស ឯកភាពជាតិខ្មែរទាំងអស់គ្នា យល់ឃើញយ៉ាងច្បាស់ថា ការជេរប្រមាថ ការលាបពណ៌ ការចោទ ប្រកាន់ និងការញុះញង់ទាំងនេះ នាំឲ្យជាតិបែកបាក់ និងជាផែនការបំបែកបំបាក់របស់បរទេសមកលើខ្មែរ ជាង៧០០ឆ្នាំហើយ ។ ហេតុនេះ សូមអ្នកនយោបាយគ្រប់រូបពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយ កុំព្រោះតែចង់ល្បី អ្វីក៏ធ្វើដែរ» ។
ជាមួយគ្នានោះដែរ ប្រធានគណបក្ស ឯកភាពជាតិខ្មែរ បានសម្តែងការហួសចិត្ត ចំពោះអ្នកនយោបាយមួយចំនួន និងអ្នកវិភាគមួយចំនួនតូច ដែលងប់ងុលនឹងការប្រឆាំង និងការចង់បំផ្លាញដៃគូប្រកួត ដែលតែងតែយល់ថា បើធ្វើនយោបាយមិនជេរ និងមិនចោទថ្នាក់ដឹកនាំសុទ្ធ តែជាបក្សអាយ៉ងទៅវិញ។ នេះហើយជាចំណុច ដែលគ្រោះថ្នាក់ ដល់ការតស៊ូនយោបាយបែបប្រជាធិបតេយ្យពិតនៅកម្ពុជា ។
ក្នុងសន្នីសីទសារព័ត៌មាននោះដែរ លោក អ៊ុន ជឹម បានឆ្លៀតលើកឡើងពីបញ្ហានយោបាយខ្លះៗ ដោយបានលើកឡើងលោកថា គណបក្សមួយចំនួន ដែលលើកឡើងថា គណបក្សកាន់អំណាច កើតឡើងដោយសារវៀតណាម គឺជាការធ្វើនយោបាយដោយគ្មានសីលធម៌ ។ ការចោទប្រកាន់ ដោយគ្មានភស្តុតាង គឺជាការបរិហារកេរ្តិ៍ ដែលប្រឈមមុខនឹងច្បាប់ ហេតុនេះហើយបានជាគណបក្ស ឯកភាពជាតិខ្មែរ មិនឲ្យសកម្មជនធ្វើនយោបាយ វាយប្រហារបក្សដទៃឡើយ ។
នៅពេលចោទសួរថា តើគណបក្ស ឯកភាពជាតិខ្មែរ យល់ឃើញយ៉ាងណាចំពោះការជ្រើសលោក ហ៊ុន ម៉ាណែត ជាបេក្ខជនបន្តវេនរបស់គណបក្សកាន់អំណាច នៅពេលអនាគត ? ប្រធានបក្សរូបនេះបានឆ្លើយថា រឿងផ្ទៃក្នុងគណបក្សគេ គណបក្សដទៃ ពុំគួររិះគន់ និងមានយោបល់ឡើយ។ លោកបន្ថែមថា ការជ្រើសរើសបេក្ខជនបន្តវេនរបស់គណបក្សទាំងឡាយ គឺជារឿងត្រឹមត្រូវ ។
លោកបានគូសបញ្ជាក់ថា ៖ «គណបក្សកាន់អំណាចជ្រើសរើសបេក្ខជនបន្តវេន មិនមែនជាការផ្ទេរអំណាច ដឹកនាំប្រទេស តជំនាន់ ដូចកូរ៉េខាងជើងទេ។ ប្រទេសកម្ពុជា ផ្លាស់ប្តូរអ្នកដឹកនាំ ដោយការបោះឆ្នោត ស្របតាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។ បើ កម្ពុជាផ្ទេរអំណាចដូចកូរ៉េខាងជើង ទើបហៅថា របបផ្តាច់ការ» ។
ប្រធានគណបក្ស ឯកភាពជាតិខ្មែរ បានឲ្យដឹងថា គោលនយោបាយអាទិភាព ក្នុងការប្រកួតប្រជែងការបោះឆ្នោតជាតិ ឆ្នាំ២០២៣ របស់គណបក្សនេះ រួមមាន ៖ លុបបំបាត់អំពើពុករលួយ គឺត្រូវលុបបំបាត់នូវមន្ត្រីឡើងតាមទឹកលុយ និងមន្ត្រីឡើងតាមបក្សពួកខ្សែស្រឡាយ ។ លុបបំបាត់ឈ្មួញ និងមន្ត្រីជួញដូរគ្រឿងញៀន ។ លុបបំបាត់ឈ្មួញ និងមន្ត្រីរំលោភដីប្រជាពលរដ្ឋ និងមន្ត្រីរំលោភដីរដ្ឋ ។ ពង្រឹងវិស័យកសិកម្ម និងរកទីផ្សារកសិកម្មឲ្យប្រជាពលរដ្ឋ ។ ពង្រឹងវិស័យសុខាភិបាល និងមិនយកតម្លៃពីប្រជាពលរដ្ឋក្រីក្រឬទីទាល់ក្រ។ ពង្រឹងវិស័យអប់រំ និងលុបបំបាត់ ការរៀនគួរយកលុយ ពោលគឺសាលារដ្ឋនីមួយៗ ត្រូវមានថ្នាក់បំប៉នសិស្សខ្សោយដោយមិនគិតប្រាក់ ។ ដំឡើងប្រាក់ខែដល់មន្ត្រីមូលដ្ឋាន និងគ្រូបង្រៀន មិនឲ្យក្រោម ៤០០ដុល្លារ/ខែ ។ ពង្រឹងវិស័យយុ ត្តិធម៌សង្គម អនុវត្តច្បាប់ការ ពារអ្នកទន់ខ្សោយ និងច្បាប់ការពារអ្នកក្រ និងពង្រឹង និងបើកឲ្យទូលាយនូវសិទ្ធិ និងសេរី ភាពក្នុងការបញ្ចេញមតិជាដើម៕
![Picture]()
ចែករំលែកព័តមាននេះ